ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ផ្សារ​លើក​ដែក​ប៉ះ​ខ្សែកាប​ភ្លើង ​ឆក់​ធ្លាក់​ពីលើ​ដំបូល​កម្ពស់​ជាង​៤​ម៉ែត្រ​រង​របួសធ្ងន់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជាង​ផ្សារ​ដែក​ម្នាក់​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ស្ទើរ​ស្លា.ប់​ស្ទើរ​រស់ ហើយ​ត្រូវ​បាន​ប៉ូលិស​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​​…

រាជធានី​ភ្នំពេញ ៖ ជាង​ផ្សារ​ដែក​ម្នាក់​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ហើយ​ត្រូវ​បាន​ប៉ូលិស​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ ខណៈ​ពេល​ដែល​រូបគេ​លើក​ដែក​មួយ​ដើម​ផ្សារ​ដំបូល​សំ​យ៉ាប​ផ្ទះ​មួយ​កន្លែង ហើយ​បាន​ប៉ះ​ខ្សែកាប​ភ្លើង​ដែល​ស្ថិត​នៅ​ជិត​នោះ​ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​សង់​ថ្មី​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ ឈ្មោះ ធី​ម អាយុ​១៩​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​ផ្សារ​ត្រពាំង​ថ្លឹង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ស្រុក​កោះ​សុទិន ខេត្ដកំពង់ចាម ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​មិត្តភក្តិ​រួមការ​ងារ បាន​នាំ​គ្នា​ឡើង​ផ្សារ​ដំបូល​សំ​យ៉ាប​ផ្ទះ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ខាងលើ ខណៈនោះ​បាន​លើក​ដែក​ដើម្បី​ផ្សារ​ដំបូល​មិន​បាន​ប្រុង​ប្រយ័ត្ន​ស្រាប់តែ​ដែក​នោះ​វ័ធ​ប៉ះ​ខ្សែកាប​ភ្លើង​ដែល​ស្ថិត​នៅ​ក្បែរ​នោះ​បណ្ដាល​ឲ្យ​ឆក់​ធ្លាក់​ពីលើ​ដំបូល​កម្ពស់​ជាង​៤​ម៉ែត្រ​មក​ដី រង​របួស​ធ្ងន់ធ្ងរ​តែ​ម្ដង ។ ភ្លាម​ៗ​នោះ​មិត្តភក្ដិ​រួមការ​ងារ និង​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម បន្ទាប់​មក​ប៉ូលិស​បាន​ចុះ​ទៅ​ដល់ និង​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​សង្គ្រោះ​បន្ទាន់ ហើយ​នៅ​ក្នុង​ពេល​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ផង​ដែរ ។

សូម​បញ្ជាក់​ថា នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​មនុស្ស​២​នាក់​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ​ក្នុង​ពេល​កំពុង​សាងសង់​ផ្ទះ​បែប​នេះ ដែល​លើក​ទី​១ កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​សំណង់​អគារ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រៃ​ស ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ឈ្មោះ យ​ន សា​រិ​ទ្ធ អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​ជាង​កញ្ចក់ មានស្រុក​កំណើត​ខេត្តកំពង់ចាម រង​របួស​យ៉ាងធ្ងន់ធ្ងរ ព្រោះតែ​ចរន្តអគ្គិសនី​ខ្សែកាប​ភ្លើង​ឆក់​ដូច​គ្នា​នេះ​ដែរ ៕