រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១ ធ្នូ នេះ បានបន្តបើកសវនាការលើសំណុំរឿងជនត្រូវចោទសម្លាប់សង្សារស្ត្រីជានិស្សិតវិទ្យាស្ថានវ៉ាន់ដា គណនេយ្យ ហើយយកសាកសពទៅទម្លាក់ចោលនៅមាត់ទឹកក្បែរសាលាបឋមសិក្សាជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ។
ប្រធានក្រុមប្រឹក្សា គឺលោកវ៉េង ហ៊ត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញចំពោះមុខជនត្រូវចោទ ហុង កាលីឌីន ភេទប្រុស អាយុ២៨ឆ្នាំ និងមេធាវីការពារក្តី។
កាលពីសវនាការថ្ងៃទី៣០ តុលា កន្លងទៅ សាក្សីមួយចំនួនបានព្យាយាមឆ្លើយដោះបន្ទុកឱ្យជនត្រូវចោទក្នុងសំណុំរឿងនេះដែរ។
សាក្សីទាំងនោះបញ្ជាក់ប្រហាក់ប្រហែលគ្នាប្រាប់អង្គសវនាការថា នៅមុនថ្ងៃកើតហេតុ និងថ្ងៃកើតហេតុ ឈ្មោះហុង កាលីឌីន បានស្ថិតនៅជួបជុំគ្នាមិនបានទៅណាទេ នេះសបញ្ជាក់ឱ្យឃើញថា ឈ្មោះហុង កាលីឌីន ពុំបានសម្លាប់នារីជាសង្សារឈ្មោះសុង ដាវីន ឡើយ។
ទោះបីជាយ៉ាងណាសវនាការនេះ គឺគ្រាន់តែចាប់ផ្តើមសាកសួរសាក្សីប៉ុណ្ណោះ ហើយលទ្ធផលក៏ពុំទាន់ដឹងនោះដែរ។
ឈ្មោះហុង កាលីឌីន អាយុ២៨ឆ្នាំ រស់នៅផ្ទះលេខ១០៤ ផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរជាងជួសជុលកុំព្យូទ័រ និងជាមន្ត្រីនគរបាលទើបប្រឡងជាប់ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស គឺបទឃាតកម្ម បទប្រើប្រាស់គ្រឿងញៀន និងបទកាន់កាប់អាវុធខុសច្បាប់៕
ចែករំលែកព័តមាននេះ