ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​ឯកជន​បាន​រៀបចំ​តូប​របស់​ខ្លួន និង​បាន​បើក​លក់ដូរ​បណ្តើរ​ៗ​ហើយ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចេញ​សេចក្តីសម្រេច​បើក​ដំណើរការ​ឡើង​វិញ​ចំពោះ​ផ្សារ​ឯកជន​ដែល​មាន​សណ្តាប់ធ្នាប់​របៀបរៀបរយ និង​អនាម័យ បរិស្ថាន ក្នុង​រាជធានី​ភ្នំពេញ អាជីវករ ផ្សារ​មួយ​ចំនួន មាន​សេចក្តី​ត្រេកអរ ហើយ​បាន​រៀបចំ​តូប…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចេញ​សេចក្តីសម្រេច​បើក​ដំណើរការ​ឡើង​វិញ​ចំពោះ​ផ្សារ​ឯកជន​ដែល​មាន​សណ្តាប់ធ្នាប់​របៀបរៀបរយ និង​អនាម័យ បរិស្ថាន ក្នុង​រាជធានី​ភ្នំពេញ អាជីវករ ផ្សារ​មួយ​ចំនួន មាន​សេចក្តី​ត្រេកអរ ហើយ​បាន​រៀបចំ​តូប និង​បើក​ដំណើរការ​លក់ដូរ​នៅ​ក្នុង​ផ្សារ​របស់​ខ្លួន​បណ្តើរ​ៗ​ហើយ​។ ដោយឡែក ផ្សារ​ធំ​ទួល​សង្កែ​ហៅ​ផ្សារ​សាំ​ហាន់​ដែល​ជា​ផ្សារ​ឯកជន​ធំ​មួយ​ក្នុង​ចំណោម​ផ្សារ​ជា​ច្រើន ដែល​មាន​សណ្តាប់ធ្នាប់​ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ​ក៏​បាន​រៀបចំ​បោសសម្អាត និង​បើក​លក់ដូរ​ជា​បណ្តើរ​ៗ​ហើយ​ដែរ​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅរ​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា​នេះ ដែល​ជា​ថ្ងៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចេញ​សេចក្តីសម្រេច បើក​ដំណើរការ​ផ្សារ​ឡើង​វិញ គេ​ឃើញ​អាជីវករ​ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​សាំ​ហាន់​មួយ​ចំនួន​បាន​រៀបចំ​បោសសម្អាត​ជូ​តូប​ឡើង​វិញ និង​ខ្លះ​ទៀត​ក៏​បាន​បើក​លក់ដូរ​បណ្តើរ​ៗ​ដែរ និង​មួយ​ចំនួន​ទៀត ក៏​មិន​ទាន់​បាន​រៀបចំ​នៅឡើយ​។ អាជីវ​រករ​ម្នាក់​ដែល​កំពុង​រៀបចំ​បោសសម្អាត បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា គាត់​មាន​សេចក្តី​ត្រេកអរ​ណាស់ បន្ទាប់​ពី​ទទួល​ដំណឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​ដំណើរការ​ផ្សារ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា​ស្អែក​នេះ​។ គ្រាន់តែ​ទទួល​បាន​ដំណឹង​ភ្លាម​គាត់ និង​ភរិយា​ក៏​បាន​នាំ​គ្នា មក​រៀបចំ​បោសសម្អាត​ជូត​តូប ដើម្បី​បើក​លក់ដូរ ព្រោះ​ថ្ងៃស្អែក​នេះ​ជា​ថ្ងៃ​សុក្រ​ដែល​ជា​ថ្ងៃ​ល្អ​។

ចំណែក អាជីវករ​ផ្សេង​ៗ​ទៀត​ក៏​មាន​ក្តី​រីករាយ​ណាស់ ដែល​បាន​រកស៊ី​ឡើង​ព្រោះ​មួយ​រយៈ​ក្នុង​ស្ថានភាព​កូ​វី​ដ​ពួក​គាត់​ស្ថិត​នៅ​តំបន់​ក្រហម បិទ​ខ្ទប់ បាន​ជួប​នូវ​បញ្ហា​ជីវភាព​លំបាក​ខ្លាំង លក់​របស់របរ​ខ្ទេចខ្ទី ដើម្បី​បង់ថ្លៃ​តូប​អត់​បាន​លក់ដូរ ៥០​ភាគរយ ,​ថ្លៃ​ផ្ទះ​ជួល និង​ខ្លះ​ទៀត​បង់​ធានា​គារ​ជាដើម​។ ពេល​ផ្សារ​ដំណើរការ​លក់ដូរ​ឡើង​វិញ​អាច​រក​ចំណូល ដើម្បី​កាត់​បន្ថយ​ការ​លំបាក​ឡើង​វិញ​។ គួរ​បញ្ជាក់​ថា ដោយសារ​តែ​បញ្ហា​ជីវភាព​កាលពី​ព្រឹក​ម្សិលមិញ​ថ្ងៃ​ទី​២៣ ខែមិថុនា អាជីវករ​ផ្សារ​ធំ​ទួល​សង្កែ សាំ​ហាន់​ប្រមាណ​៥០​នាក់​ក្នុង​ចំណោម​អាជីវករ​ប្រមាណ​ជាង​៤០០​នាក់ ដែល​បាន​ផ្តិត​មេដៃ​ទទូច​សុំ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​ដូច​ជា​អាជ្ញាធរ​ខណ្ឌឫស្សីកែវ មេត្តា​បើក​ដំណើរ​ផ្សារ​សាំ​ហាន់​នេះ​ឡើង​វិញ​ដោយ​លើក​ហេតុផល​ពី​បញ្ហា​ជីវ​ករ និង​ផ្សារ​រដ្ឋ​ខ្លះ​មិនសូវ​មាន​សណ្ដាប់ធ្នាប់​ផង​បាន​ដំណើរការ​ឡើង​វិញ​។

បន្ទាប់​ពី​តវ៉ា​ស្នើ​សុំ​បាន​មួយ​ថ្ងៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​សម្រេច​បើក​ដំណើរ​ផ្សារ​ឯកជន​ឡើង​វិញ តាម​សេចក្តីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ លេខ​១៧៣/២១​សសរ ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២១​។ ប្រការ​១.​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ផ្សារ​ឯកជន​ដែល​មាន​សណ្តាប់ធ្នាប់​របៀបរៀបរយ និង​អនាម័យ បរិស្ថាន ក្នុង​មូលដ្ឋាន រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ ទី​២៥ ខែមិថុនា ឆ្នាំ ២០២១ តទៅ លើកលែងតែ​ផ្សារ​មិន​រៀបរយ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើយ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​។ ទោះបីជា​យ៉ាងណា ផ្សារ​សាំ​ហាន់​ត្រូវ​បាន​អាជីវករ​អះអាង​ថា មាន​តូច​របៀបរៀបរយ និង​មាន​ផ្លូវ​ធំ​ទូលាយ និង​មាន​សណ្តាប់ធ្នាប់​ល្អ​ផង​ដែរ​៕ ដោយ ៖ ម៉េ​ង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ