ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ស្នើ​ភាគី​ជប៉ុន​ធ្វើការ​បណ្តុះបណ្តាល​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ប្រទេស​ជប៉ុន​ច្រើន​ថែម​ទៀត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ធ្វើការ​សំណូមពរ​៤​ចំណុច​ទៅ​ដល់​ភាគី​ជប៉ុន ដើម្បី​ជម្រុញ​ឲ្យ​សិក្ខាកាម​ទទួល​ការ​បណ្តុះបណ្តាល និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​កើនឡើង​បន្ថែម​ទៀត ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ធ្វើការ​សំណូមពរ​៤​ចំណុច​ទៅ​ដល់​ភាគី​ជប៉ុន ដើម្បី​ជម្រុញ​ឲ្យ​សិក្ខាកាម​ទទួល​ការ​បណ្តុះបណ្តាល និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​កើនឡើង​បន្ថែម​ទៀត ។

ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​សម្រាប់​ទីភ្នាក់ងារ​បញ្ជូន​សិក្ខាកាម​ទៅ​ប្រទេស​ជប៉ុន​កាលពី​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥​កន្លង​ទៅ​នេះ​នៅ​ទីស្តី​ការ​ក្រសួង លោក សេង សក្តា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការងារ នៃ​ក្រសួង​ការងារ បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​៨​ឆ្នាំ​កន្លង​មកនេះ​ក្រសួង​បាន​បញ្ជូន​សិក្ខាកាម​ទៅ​បណ្តុះបណ្តាល និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​នៅ​តែ​មាន​កម្រិត​តិចតួច​នៅឡើយ​បើ​ធៀប​ទៅ​នឹង​ប្រទេស​ចំនួន​៥​មាន​ប្រទេស​ចិន វៀតណាម ឥណ្ឌូ​នេ​ស៊ី មី​យ៉ា​ន់​ម៉ា និង​ថៃ ។

លោក សេង សក្តា បាន​លើ​ចំណុច​ទាំង​៤​ដល់​ភាគី​ជប៉ុន​មាន​ដូច​ជា ទី​១-​ជួយ​សម្រួលការ​បន្ថយ​លក្ខខណ្ឌ ឬ​និ​តិ​វិធី​ក្នុង​ការ​បញ្ជូន​កម្ម​សិក្ខា​ការី​ទៅ​ធ្វើ​កម្ម​សិក្សា និង​ធ្វើការ​នៅ​ជប៉ុន ជា​ពិសេស​សិស្ស​ដែល​ចេញពី​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​ក្រសួង ។ ទី​២-​ជួយ​ជម្រុញ​ការ​បញ្ជូន​កម្ម​សិក្ខា​ការី​ទៅ​ធ្វើ​កម្មសិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ឲ្យ​បាន​ច្រើន ពិសេស​សិក្ខាកាម ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​ជំនាញ​រួច​ហើយ ។ ទី​៣-​សំណើសុំ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ នៃ​ប្រទេស​ជប៉ុន​សម្រាប់​ប្រតិភូ​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ​កម្ពុជា​នៅ​ប្រទេស​ជប៉ុន និង​ទី​៤-​គឺ​សំណើសុំ​រៀបចំ​ឲ្យ​មាន​ជំនួប​រវាង​ទីភ្នាក់ងារ​បញ្ជូន​កម្ពុជា និង​ទីភ្នាក់ងារ​ទទួល​ជប៉ុន ដើម្បី​ពិភាក្សា ចែករំលែក និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ក៏​ដូច​ជា​ព័ត៌មាន​ទៅ​វិញ​ទៅ​មក ។

លោក​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​មាន​ចំនួន​៦៥ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្វើ​ការងារ​នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ការ​បញ្ជូន​សិក្ខាកាម​ទៅ​បណ្តុះបណ្តាល និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​នៅ​តែ​មាន​កម្រិត​តិច​នៅឡើយ ពោល​គឺ​គិត​ចាប់ពី​ឆ្នាំ​២០០៧ រហូត​មក​ដល់​ត្រឹម​ខែតុលា ឆ្នាំ​២០១៥​នេះ មាន​ចំនួន​សរុប​១៨៧៣​នាក់​តែ​ប៉ុណ្ណោះ ក្នុង​នោះ​ស្រី​មាន​ចំនួន​១១៣៦​នាក់ ។

ជាមួយ​គ្នា​នោះ​ដែរ​តំណាង​អង្គការ JOTCO លោក YUZO HAYASHI បាន​លើក​ឡើង​ថា ភាគី​បញ្ជូន ឬ​សិក្ខាកាម​ដែល​ត្រូវ​ទៅ​សិក្សា និង​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ត្រូវ​តែ​ដឹង​ឱ្យ​បាន​ច្បាស់​ពី​ប្រព័ន្ធ​ច្បាប់​នៅ​ក្នុង​ប្រទេស​នោះ បើ​ទោះជា​យើង​ជា​ពលករ​ក្តី ជា​សិក្ខាកាម​ក្តី ត្រូវ​តែ​ដឹង​ពី​ស្ថានភាព​ជុំវិញ​ច្បាប់ និង​លក្ខខណ្ឌ​ការងារ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច កុំឱ្យ​មាន​បទល្មើស​ណាមួយ​កើតឡើង​ផ្ទុយ​ពី​ច្បាប់​ប្រទេស​ជប៉ុន​បាន​កំណត់ ទោះ​បទល្មើស​នោះ​ធ្ងន់​ក្តី ស្រាល​ក្តី ត្រូវ​តែ​ចៀ​ស​ឱ្យ​បាន ពិសេស​គឺ​ការ​ចាប់ខ្លួន​តែ​ម្តង ។

លោក​បន្ត​ថា នាយកដ្ឋាន​អន្តោ​ប្រ​វ​សន៍​ជប៉ុន គេ​ធ្វើការ​ម៉ឹង​ម៉ាត់​ណាស់ បើ​គេ​រក​ឃើញ​ថា មានការ​កែប្រែ មានការ​សូកប៉ាន់ មាន​ករណី​រំលោភសិទ្ធិ​មនុស្ស ឬ​មួយ​ករណី​ល្មើសច្បាប់​ផ្សេង​ៗ​ទៀត ដែល​ខុស​ពី​លក្ខណៈ​ការងារ​នោះ នឹង​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់ ហើយ​និង​ត្រូវ​ផ្អាក​ការងារ​របស់​ក្រុមហ៊ុន​នោះ​រហូត​ដល់​ទៅ​៥​ឆ្នាំ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​រដ្ឋសភា​ប្រទេស​ជប៉ុន​បាន​ធ្វើ​វិសោធនកម្ម​លើ​ខ្លឹមសារ​ច្បាប់​មួយ​ចំនួន ប៉ុន្តែ​មក​ដល់​ពេល​នេះ​រដ្ឋសភា​មិន​ទាន់​បាន​អនុម័ត​នៅឡើយ​ទេ ដូច្នេះ​មាន​តែ​យើង​ទាំងអស់​គ្នា​(​ភាគី​បញ្ជូន ភាគី​ទទួល​) ប្រុង​ប្រយ័ត្ន​កុំ​ប្រព្រឹត្ត​អ្វី​ខុស​ពី​លក្ខខណ្ឌ​ការងារ​ឱ្យ​សោះ ។

សូម​រំលឹក​ថា ក្នុង​ការ​អនុវត្ត​អនុក្រឹត្យ​លេខ​១៩០​អន​ក្រ​.​បក ស្តី​ពី​ការ​គ្រប់គ្រង​លើ​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស​តាម​រយៈ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​អង្គការ​ពលកម្ម​ការងារ និង​អង្គការ​ពាក់ព័ន្ធ​នានា រៀបចំ​ប្រកាស​បាន​ចំនួន​៨ ក្នុង​នោះ​ប្រកាស​ស្តី​ពី​ការ​ដាក់​ឲ្យ​ប្រើ​ពាក្យ​គន្លឹះ​, ប្រកាស​ស្តី​ពី​ដំណើរការ​ជ្រើសរើស និង​ការ​ណែនាំ​តម្រង់​ទិស​ពលករ​មុន​ពេល​ចាកចេញ​ដំណើរ​, ប្រកាស​ស្តី​ពី​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​, ប្រកាស​ស្តី​ពី​ការ​ដាក់​ឲ្យ​អនុវត្ត​បទដ្ឋាន​អប្បបរមា នៃ​កិច្ចសន្យា​សេវា​រក​ការងារ​ឲ្យ​ធ្វើ​, ប្រកាស​ស្តី​ពី​អធិការកិច្ច​ទីភ្នាក់ងារ​ជ្រើស​​ឯកជន​, ប្រកាស​ស្តី​ពី​យន្តការ​ទទួល​ពាក្យបណ្តឹង​ពលករ​ទេសន្តរប្រវេសន៍​ការងារ​, ប្រកាស​ស្តី​ពី​សេវា​របស់​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​នៅ​កន្លែង​ធ្វើការ និង​ការ​ធ្វើ​មាតុភូមិនិវត្តន៍ និង​ប្រកាស​ស្តី​ពី​ការ​លើក​សរសើរ និង​ការ​ដាក់​វិន័យ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន ៕