ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចោទ​ថា អាជ្ញាធរ សហគមន៍ និង​ជលផល មិន​​ឲ្យ​គាត់​បូម​ដាក់​ស្រែ​ បែរជាឃុបឃិត​គ្នា​បង្ហូរទឹក​បឹង​រៀល​ចាប់​ត្រី

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ នៅ​ជុំវិញ​បឹង​រៀល ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មាន​ប្រជាពលរដ្ឋ​ធ្វើស្រែ​ប្រាំង​មួយ​ចំនួន​នាំ​គ្នា​ប្រតិកម្ម​ថា អាជ្ញាធរ​មិន​ឲ្យ​ពួក​គាត់​នាំ​គ្នា​បូមទឹក​បឹង​រៀល​បញ្ចូល​ស្រែ​ទេ

ខេត្តកំពង់ធំ ៖ នៅ​ជុំវិញ​បឹង​រៀល ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មាន​ប្រជាពលរដ្ឋ​ធ្វើស្រែ​ប្រាំង​មួយ​ចំនួន​នាំ​គ្នា​ប្រតិកម្ម​ថា អាជ្ញាធរ​មិន​ឲ្យ​ពួក​គាត់​នាំ​គ្នា​បូមទឹក​បឹង​រៀល​បញ្ចូល​ស្រែ​ទេ តែ​បែរជា​ឃុបឃិត​គ្នា​បង្ហូរទឹក​បឹង​ចាប់​ត្រី​ទៅ​វិញ ។

ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​នេះ លោក ឡាយ ប៉េង​ឡុ​ង គណៈកម្មការ​សហគមន៍​នេសាទ​បឹង​រៀល​ប្រាប់​ថា រឿង​នេះ​មិនមែន​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ខាង​សហ​គម​ន៏​ខំ​ប្រឹងរក​កម្រៃ​ពី​ការ​ដាក់​របាំង​នេះ​យក​លុយ​មក​ទប់ទឹក ការ​ហូរ​ទឹក​នេះ​គឺ​ហូរ​នៅ​ពេល​ដែល​ពួក​យើង​រវល់​ទៅ​ស្រែ​រៀង​ៗ​ខ្លួន​ប៉ុណ្ណោះ ។

ចំណែក​ខាង​តំណាង​ប្រជាពលរដ្ឋ​ដែល​មាន លោក សៀ ជាវ អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​កោះ​គ្រប​បាយ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ប្រាប់​ថា ពួក​គាត់​ជាង​៤០​គ្រួសារ​មាន​ផ្ទៃដី​ស្មើនឹង​៣០៥​ហិតា នៅ​ជុំវិញ​បឹង​រៀល កំពុង​ត្រូវការ​ទឹក​បូម​បញ្ចូល​ស្រែ​របស់​ពួក​គាត់ តែ​ត្រូវ​បាន​អាជ្ញាធរ​ឃុំ ស្រុក សហ​គម​ន៏ និង​ខាង​ជលផល​ហាមឃាត់ បើ​ហ៊ាន​បូមទឹក ពួក​គេ​នឹង​ចាប់ ហើយ​បែរជា​នាំ​គ្នា​បង្ហូរទឹក​ដើម្បី​ឲ្យ​ត្រី​ចូល​ក្នុង​ឡុ​ក​របស់​ពួក​គេ ដែល​បាន​ដាក់​នៅ​មាត់ទឹក​បឹង​នោះ​ចាប់​ត្រី​លក់​រាល់ថ្ងៃ​ទៅ​វិញ ។ លោក សៀ ជាវ បញ្ជាក់​ថា រូប​លោក​សុខចិត្ត​ឧបត្ថម្ភ​១០០០​ដុល្លារ​ក្នុង​ការ​ចូលរួម​ចំណែក​ទប់ទឹក​បឹង​រៀល​នេះ ហើយ​លោក ផ្លូ​ង ធឿ​ន ជួយ​៥០០​ដុល្លារ ឲ្យ​តែ​បាន​បូមទឹក​បឹង​បញ្ចូល​ស្រែ​របស់​ពួក​គាត់ ។

ជុំវិញ​បញ្ហា​នេះ​លោក សេង ប៊ុ​ន​សរ មេឃុំ​កំពង់​គោ និង​លោក សៅ វណ្ណ​សិរី​វុ​ទ្ធ នាយ​សង្កាត់​ជលផល​កំពង់ស្វាយ បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​ថា ពួក​លោក​បាន​សន្យា​ជាមួយនឹង​លោក​អភិបាលខេត្ត​កំពង់ធំ​ថា នៅ​ឆ្នាំ​២០១៥-២០១៦​នេះ​រក្សា​ទឹក​បឹង​រៀល​នៅ​ចំណុចកណ្តាល​បឹង​ឲ្យ​នៅ​ត្រឹម​០,៨០​ម៉ែត្រ ស្មើនឹង​៨​តឹក កុំ​ឲ្យ​រីង​ដូច​កាលពី​ឆ្នាំ​កន្លង​ទៅ ធ្វើ​ឲ្យ​ស្លាប់​បាត់បង់​ជីវចម្រុះ​ជា​ច្រើន​នៅ​ក្នុង​ទឹក ។ កន្លង​មក​មាន​ក្រុមហ៊ុន​មក​ធ្វើការ​វិនិយោគ​ដោយ​បូមទឹក​ដាក់​បញ្ចូល​ទៅ​ក្នុង​បឹង​រៀល ហើយ​ឲ្យ​ប្រជាពលរដ្ឋ​បូម​ពី​បឹង​រៀល​បញ្ចូល​ស្រែ​របស់​ពួក​គាត់ ដោយ​តម្រូវ​ឲ្យ​បង់លុយ​ថ្លៃ​ប្រេង​ក្នុង​១​ហិតា​៨០​ដុល្លារ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នាំ​គ្នា​បង់លុយ​ឲ្យ ដោយឡែក​លោក សៀ ជីវ និង​បងប្អូន​របស់​គាត់​ចំនួន​៧​គ្រួសារ​បែរជា​មិន​ព្រម​បង់លុយ​ឲ្យ​ក្រុមហ៊ុន​ទេ ដោយ​យក​លេស​ថា​ស្រូវស្កក ជំពាក់​ថ្លៃ​ទឹក​គេ​សរុប​ចំនួន​២៣​លាន​រៀល ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាតបង់ ក៏​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​នៅ​ឆ្នាំ​នេះ​ទៅ រង់ចាំ​ខាង​លោក សៀ ជីវ សង​លុយ​សិន នឹង​បាន​រាយការណ៍​ជូន​ខេត្ត​ដែរ​ពី​បញ្ហា​នេះ ដោយ​ភ័យ​ខ្លាច​អត់​ទឹក​បូម​បញ្ចូល​ស្រែ បែរជា​ចោទ​ថា​អាជ្ញាធរ​ឃុបឃិត​គ្នា​បង្ហូរទឹក​ចាប់​ត្រី​នោះ មិន​ពិត​ទេ ធម្មតា​ទឹក​បឹង​ទប់​ខាង​ណេះ ហូរ​ខាង​ណោះ​ចៀស​មិន​ផុត​ឡើយ លោក​នឹង​ឲ្យ​គេ​​ទៅ​ទប់​ជា​បន្ទាន់ ហើយ​ឆ្នាំ​ក្រោយ​នឹង​មាន​ជំនួយ​ពី​អង្គការ​ហូ​ម​សម្រាប់​ធ្វើ​ទំនប់​បង្ហៀរ​ហើយ ។

លោក យស់ បញ្ញា​រិ​ទ្ធ អភិបាលរង​ស្រុក​កំពង់ស្វាយ ទទួល​បន្ទុក​បញ្ហា​នេះ ប្រាប់​ថា ចំពោះ​បញ្ហា​ខាងលើ រូប​លោក​បាន​ជំរាប​ដល់​លោក​អភិបាលខេត្ត​កំពង់ធំ​រួច​ហើយ សុំ​ជួយ​អន្តរាគមន៍​រក​ម៉ាស៊ីនបូមទឹក​មក​ដាក់ ហើយ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើស្រែ​ប្រាំង​នៅ​ជុំវិញ​បឹង​រៀល​ជួយ​ចេញថ្លៃ​ប្រេង ដើម្បី​ដោះស្រាយ បញ្ហា​ជូន​ដល់​ពួក​គាត់ ៕