ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរណ៍​តំបន់ឆ្នេរ និង សក្ដានុពល​សេដ្ឋកិច្ច​ដែល​មិន​គួរ​មើល​រំលង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វិស័យ​ទេសចរណ៍ គឺជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចាត់ទុកជា «​មាស​បៃតង​» និង​ជា​វិស័យ​មួយ​ជួយ​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ។ កម្ពុជា មាន​តំបន់​ទេសចរណ៍​ជា​ច្រើន​កន្លែង

រាជធានី​ភ្នំពេញ ៖ វិស័យ​ទេសចរណ៍ គឺជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចាត់ទុកជា «​មាស​បៃតង​» និង​ជា​វិស័យ​មួយ​ជួយ​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ។ កម្ពុជា មាន​តំបន់​ទេសចរណ៍​ជា​ច្រើន​កន្លែង​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ដ ក្នុង​នោះ​តំបន់ឆ្នេរ​ហាក់​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ទាំងឡាយ បើ​ធៀប​នឹង​តំបន់​នានា ។

ទន្ទឹម​នឹង​នេះ តំបន់ឆ្នេរ​ទាំង​៤​កន្លែង​របស់​កម្ពុជា ដែល​ស្ថិត​នៅ​ខេត្ត​កែប កំពត ព្រះ​សីហ​នុ និង​ខេត្តកោះកុង កំពុង​តែ​មាន​សក្តានុពល​ផ្នែក​អេកូ​ទេសចរណ៍ និង​ជា​ទេស​ចរណ៍វប្បធម៌​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យមក​កម្សាន្ត​កាន់តែ​ច្រើន​ឡើង​។ ក្នុង​នោះ​ដែរ កម្ពុជា​កំពុង​សាងសង់​កំពង់​ផែ​លក្ខណៈ​ស្តង់ដា​ផង​ដែរ សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទេសចរណ៍ ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​មក​កាន់​តំបន់​ទេសចរណ៍​កម្ពុជា ។ តើ​មាន​កត្ដា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​តំបន់ឆ្នេរ​មាន​ភាព​ទាក់ទាញ​បែប​នេះ ?

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​យក​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច (Kb) របស់​កោះសន្តិភាព បាន​ជួប​សម្ភាសន៍​ជាមួយ​លោក អាង គឹ​ម​អៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​មហា​អង្គរ​ទេសចរណ៍ (Great Angkor Tours) ស្តី​ពី «​ទេសចរណ៍​តំបន់ឆ្នេរ និង​សក្ដានុពល​សេដ្ឋកិច្ច ដែល​មិន​គួរ​មើល​រំលង​» ។

តើ​តំបន់​ណាខ្លះ​ដែល​ជា​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​របស់​ប្រទេស​កម្ពុជា ?
ខ្ញុំ​សូម​ជម្រាប​ជូន​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា គោលនយោបាយ​ទេសចរណ៍​របស់​កម្ពុជា គឺ​ឈរ​លើ​មូលដ្ឋាន​វប្បធម៌ និង​ធម្មជាតិ​។ យើង​បាន​យក​ទ្រព្យសម្បតិ្ត និង​កេរដំណែល​ដែល​មាន​ស្រាប់​នោះ​ទៅ​ធ្វើ​ជា​មូលដ្ឋាន​វិស័យ​ទេសចរណ៍ ។ គោលនយោបាយ​ទាំង​២​នេះ គឺ​ស្រប​នឹង​និន្នាការ​ទេសចរណ៍​ពិភពលោក ព្រោះ​គេ​និយម​មក​ទស្សនា និង​ចង់​ដឹង​ពី​វប្បធម៌​ដែល​មាន​វ័យ​ចំណាស់ មាន​ធម្មជាតិ​ស្រស់បំព្រង ព្រៃ​ប្រឹក្សា បឹងបួ ដូច​ជា​ប្រទេស​កម្ពុជា ជាដើម​។ ប្រទេស​កម្ពុជា​មាន​ប៉ូ​ល​ទេសចរណ៍​សំខាន់​ៗ​ចំនួន​៤ សម្រាប់​ទ្រទ្រង់​វិស័យ​ទេសចរណ៍ យក​មក​ធ្វើ​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត ដូច​ជា ៖

១-​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ​នៅ​ខេត្តសៀមរាប និង​តំបន់​ជុំវិញ​នានា ។
២-​រាជធានី​ភ្នំពេញ និង​តំបន់​ជុំវិញ ។
៣-​តំបន់ឆ្នេរ ដែល​មាន​៤​ខេត្ត គឺ​ខេត្ត​កែប កំពត ព្រះ​សីហ​នុ និង​កោះកុង ដែល​គេ​ហៅ​ថា 4K ក្នុង​នោះ​ខេត្ត​ព្រះ​សីហ​នុ ធ្លាប់​មានឈ្មោះ​ថា កំពង់សោម (Kampong Som) ដែល​ផ្តើម​ដោយ​អក្សរ K ដែរ ។

៤-​ភូមិភាគ​ឦសាន ដែល​បច្ចុប្បន្ន​ផ្តោត​លើ​ខេត្ត​៤​គឺ ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និង​រតនគិរី ក្នុង​នោះ​ប៉ូ​ល​ទេសចរណ៍​ទី​៣ លេចធ្លោ​ជាងគេ និង​មាន​សក្តានុពល​ទេសចរណ៍​ខ្លាំង ។

តើ​តំបន់ឆ្នេរ​មាន​សក្តានុពល​ទេសចរណ៍​អ្វីខ្លះ ?
ចំពោះ​ការ​ទាក់ទាញ​របស់​តំបន់ឆ្នេរ គឺ​ទីតាំង​ភូមិសាស្ត្រ​តែ​ម្តង ដែល​យើង​មាន​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត មាន​ខ្សាច់​ធម្មជាតិ មាន​ន័យ​ថា មិន​ត្រូវ​បាន​បំពុល​ដោយ​កត្តា​មនុស្ស ឬ​កត្តា​ផ្សេង​ៗ​ឡើយ ហើយ​កម្តៅ​ទឹកសមុទ្រ​របស់​យើង ជា​ទឹកសមុទ្រ​តំបន់​ត្រូពិច មិន​ត្រជាក់ និង​មិន​ក្តៅ គឺ​ភ្ញៀវ​ទេសចរ​អាច​មក​ងូត​កម្សាន្ត​បាន​គ្រប់​រដូវ ។

តំបន់ឆ្នេរ​របស់​យើង​នៅ​មិន​ទាន់​មាន​មនុស្ស​រស់នៅ​ណែន​តាន់តាប់​នោះ​ទេ វា​ជា​តំបន់​ដែល​មាន​ភាព​ស្ងប់ស្ងាត់ ហើយ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទៀត​សោត ក៏​មាន​អ្វី​ផ្សេង​ទៀត​ដែល​កម្រ​មាននៅ​លើ​ពិភពលោក ។ បើ​យើង​ក្រឡេក​មើល​ខេត្ត​កែប និង​ខេត្តកំពត ឃើញ​ថា មាន​ឆ្នេរ​នៅ​ក្បែរ​ភ្នំ ដូច​ជា​នៅ​ជួរ​ភ្នំ​វ​ល្លិ៍ ភ្នំ​ដង្កោ ជាដើម ដែល​មាន​ទេសភាព​ព្រៃ​ព្រឹក្សា​ល្អ​ធ្វើ​ឲ្យ​ភ្ញៀវ​ចង់ទៅ​ស្នាក់​នៅ​កម្សាន្ត ។ ខេត្ត​ទាំង​ពីរ​នេះ​នៅ​មាន​ចម្ការ​ម្រេច ទុរេន ហើយ​ម្រេច​ខ្មែរ​យើង​ក៏​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ ខេត្តកំពត​ក៏​មាន​ប្រាសាទ​នៅ​ក្នុង​ភ្នំ ដែល​ជា​បេតិកភណ្ឌ​ថ្មី​នៅ​ក្នុង​រោង​ភ្នំ និង​មានកូន​ប្រាសាទ​មួយ​សាងសង់​នៅ​ភ្នំ​ឈ្ងោក​តាំងពី​សតវត្សរ៍​ទី​១០ ។ លើស​ពី​នេះ​ទៀត ខេត្តកំពត​នៅ​មាន​ទឹកឈូ និង​ភ្នំ​បូកគោ​ដ៏​ស្រស់​ស្អាត​ប្រកបដោយ​បរិយាកាស​ស្រស់​ត្រកាល ដែល​អាកាសធាតុ​ុ​ខុស​ប្លែក​ពី​តំបន់​ជុំវិញ​ខាងក្រោម​។ ភ្នំ​នេះ​មាន​កម្ពស់​ខ្ពស់​ជាង​១០០០​ម៉ែត្រ ហើយ​ស្ថិត​នៅ​ចំ​ចំណុច​ឆ្នេរ​ផ្ទាល់​តែ​ម្តង ។ បើ​យើង​មើល​ពីលើ​ភ្នំ​ចុះ​មក យើង​នឹង​ឃើញ​នូវ​ទេសភាព​ស្អាត​ខ្លាំង​ណាស់ ដែល​ប្រទេស​ដទៃ​ទៀត​កម្រ​មាន​ស្ថានភាព​ភូមិសាស្ត្រ​បែប​នេះ​ណាស់ ។

ចំណែក​នៅ​ខេត្តកោះកុង​វិញ គឺ​មាន​ជួរ​ភ្នំក្រវាញ ជួរ​ភ្នំ​ឱ​រ៉ា​ល់ ជា​សក្តានុពល​ធម្មជាតិ​មិន​ទាន់​កែ​ច្នៃ ដែល​យើង​កំពុង​ប្រើប្រាស់​មាន​កម្រិត​នៅឡើយ ។ ក្នុង​នោះ​ខេត្តកោះកុង​ក៏​មាន​តំបន់​ទាក់ទាញ​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ គឺ​ព្រៃកោងកាង​ចំនួន​៥​ម៉ឺន​ហិ​កតា ជា​ទំហំ​ដ៏​ធំ​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ឬ​ក្នុង​អាស៊ី​ផង​ដែរ ។ តំបន់ឆ្នេរ​កោះកុង មិន​ត្រឹមតែ​មាន​សម្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​តំបន់​សមុទ្រ​ទឹក​ជ្រៅ​អាច​ឲ្យ​នាវា​ធំ​ៗ ចេញចូល​បាន​ទៀត​ផង ។

ជា​ចុង​ក្រោយ​នេះ យើង​មាន​ព្រ​លាន​យន្តហោះ​អន្តរជាតិ ដែល​ហៅ​ថា​ព្រ​លាន​យន្តហោះ​កងកេង វា​ជា​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ទី​៣​របស់​កម្ពុជា បន្ទាប់​ពី​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ដែល​យន្តហោះ​ពី​ទូ​ទាំង​ពិភពលោក​អាច​ចុះ​ចត​បាន ។ គួរ​បញ្ជាក់​ដែរ​ថា ឆ្នេរ​របស់​យើង​ទាំង​៤​ខេត្ត​នេះ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ដាក់​បញ្ចូល​ក្នុង​សមាជិក​ក្លិប ដែល​មាន​ឆ្នេរ​ស្អាត​ជាងគេ​នៅ​លើ​ពិភពលោក ។

តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យទៅ​ទស្សនា​តំបន់ឆ្នេរ​កាន់តែ​ច្រើន​ឡើង ?
បើ​តាម​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍​ឱ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ប្រហែលជា​កន្លះ​លាន​នាក់​ដែល​បាន​ទៅ​ទស្សនា​នៅ​តំបន់ឆ្នេរ ស្មើនឹង​៣​ទៅ​៤​ដង​នៃ​តំបន់​ទេសចរណ៍​ផ្សេង​ៗ ដោយសារ​តែ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ ពួក​គេ​អាច​ស្នាក់​នៅ​យូរ ដូច​ជា​៤​យប់ ឬ​រហូត​ដល់​រាប់​ខែ​ក៏​មាន ។

ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​តំបន់ឆ្នេរ​កាន់តែ​ច្រើន​នោះ យើង​គួរ​មាន​ផែនការមេ​មួយ​សម្រាប់​អភិវឌ្ឍន៍​តំបន់ឆ្នេរ ដើម្បី​ធានា​លើ​ការ​អភិវឌ្ឍ និង​រក្សា​បាន​នូវ​ចំណុច​ល្អ​ៗ​ដែល​យើង​គួរ​មានការ​អភិរក្ស ។ ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា ផ្លូវ​គមនាគមន៍ ប្រព័ន្ធ​សម្បទា​គាំទ្រ ដូច​ជា​សម្បទា​ស្នាក់​នៅ ហូប​ចុក សេវា​កម្សាន្ត នៅ​ក្នុង​រមណីយដ្ឋាន​ផ្សេង​ៗ ក៏​អាច​ទាក់ទាញ​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​មក​កាន់តែ​ច្រើន​ផង​ដែរ ។

ខ្ញុំ​សូម​បញ្ជាក់​ថា រមណីយដ្ឋាន​ខ្លះ​ល្អ​ហើយ ប៉ុន្តែ​យើង​ត្រូវការ​បន្ថែម​ឲ្យ​មាន​សេវាកម្ម​ផ្សេង​ៗ​បន្ថែម​ពីលើ​នោះ​ទៀត​ដូច​ជា ការ​រៀបចំ​ឲ្យ​មាន​ចំណត​យានជំនិះ​ត្រឹមត្រូវ ការ​ធានា​គ្រា មាន​អាសន្ន ឬ​មាន​មន្ត្រី​នៅ​ប្រចាំការ​នៅ​ទីនោះ ។ រីឯ​សេវា​ហូប​ចុក​វិញ ត្រូវ​មាន​កម្រិត​ខ្នាត​ជាតិ និង​ខ្នាត​អន្តរជាតិ ដែល​គេ​អាច​ទទួលយក​បាន ព្រមទាំង​មានការ​ផ្សព្វផ្សាយ​ទាក់ទាញ ។ ចំណុច​សំខាន់​មួយទៀត គឺ​ការ​ទទួល​បាន​នូវ​សន្តិសុខ សុវត្ថិភាព​ក្នុង​ការ​ស្នាក់​នៅ ។

តើ​នៅ​តំបន់ឆ្នេរ​មាន​ឧបសគ្គ​នៃ​លំហូរ​ទេសចរណ៍​អ្វីខ្លះ ?
ចំពោះ​ឧបសគ្គ​នៃ​លំហូរ​ទេសចរណ៍​នោះ​មាន​ដូច​ជា ៖
១-​កត្តាបរិស្ថាន គឺ​កើត​ចេញពី​មនុស្ស ឬ​ទេសចរ​ខ្លួនឯង ពេល​យើង​ទៅ​កម្សាន្ត និង​ទទួលទាន​អាហារ​រួច​ហើយ យើង​មិន​បាន​សម្អាត​ត្រឹមត្រូវ ។ ដូចនេះ ខ្លួន​យើង​ម្នាក់​ត្រូវ​ចេះ​ថែរក្សា​សំរាម​ខ្លួនឯង ដោយ​មានការ​វេច​ខ្ចប់ និង​យក​ទៅ​ចោល​ដោយ​ខ្លួនឯង​នៅ​ទីកន្លែង​សមគួរ និង​កន្លែង​ដែល​កំណត់​ដោយ​អាជ្ញាធរ ។

២-​កត្តា​សន្តិសុខ សុវត្ថិភាព ត្រូវ​ឲ្យ​មានការ​ពង្រឹង​ជា​បន្តបន្ទាប់​ទៀត និង​ជា​អចិន្ត្រៃយ៍ ហើយ​កត្តា​ដែល​សំខាន់​ជាងគេ គឺ​ការ​ស្នាក់​នៅ ព្រោះ​យើង​នៅ​មិន​ទាន់​មាន​សណ្ឋាគារ​គ្រប់គ្រាន់ ឬ​សណ្ឋាគារ​លំដាប់​ផ្កាយ​៣ ផ្កាយ​៤ និង​ផ្កាយ​៥​នោះ​ទេ ព្រមទាំង​សេវា​ហូប​ចុក និង​ដឹក​ជញ្ជូន ជាដើម ។ យើង​នៅ​ខ្វះ​ការ​រៀបចំ​រមណីយដ្ឋាន​កែ​ច្នៃ ឧទាហរណ៍​ដូច​នៅ​តំបន់​ក្បាលឆាយ ជាដើម ។ ផ្លូវ​ចូល​របស់​យើង គួរតែ​ចាក់​កៅស៊ូ ដាក់​ស្លាក​សញ្ញា និង​គួរ​មាន​រមណីយដ្ឋាន​ស្តង់ដា​ដែល​អាច​ទទួលយក​បាន ។

តើ​ទេសចរណ៍​តំបន់ឆ្នេរ​ផ្តល់​សក្តានុពល​សេដ្ឋកិច្ច​អ្វីខ្លះ ?
ទេសចរណ៍​តំបន់ឆ្នេរ គឺ​មាន​កម្លាំង​អូស​ទាញ​សេដ្ឋកិច្ច​ខ្លាំង​ណាស់ ប្រសិនបើ​យើង​រៀបចំ​រចនាសម្ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ មាន​ប្លង់​មេ​ដែល​គួរ​ធានា​ដល់​ការ​អភិវឌ្ឍ​មួយ​ប្រកបដោយ​និរន្តរ ភាព ជា​ពិសេស នៅ​ខេត្ត​ព្រះ​សី​ហនុមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ៗ​ជា​ច្រើន ហើយ​ទៅ​ថ្ងៃ​អនាគត តំបន់​នេះ​នឹង​ក្លាយជា​ប៉ូ​ល​ទេសចរណ៍​មួយ​យ៉ាង​សំខាន់​ដែល​បន្ត​ផ្តល់​នូវ​កំណើនសេដ្ឋកិច្ច និង​ចំណូល​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចៀស​ផុត​ពី​ចំណាកស្រុក ក៏​ដូច​ជា​បង្កើន​ចំណូល​ដល់​សេដ្ឋកិច្ចជាតិ​ទាំងមូល​ឲ្យ​មាន​កម្រិត​ខ្ពស់៕