ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​កោះ​ស​ត្ថា​រាម​ធ្វើ​ពិធី​អុំ​ខ្ទះត្នោត​ចូលរួម​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក

8 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ គណៈកម្មការ​វត្តស​ត្ថា​រាម បាន​រៀបចំ​ពិធី​អុំ​ខ្ទះត្នោត​ដែល​ជា​ប្រពៃណី​ប្រចាំ​តំបន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត ភូមិ​ស្ថា​ប​តា​ឱម ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ខេត្តកណ្ដាល ៖ ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ គណៈកម្មការ​វត្តស​ត្ថា​រាម បាន​រៀបចំ​ពិធី​អុំ​ខ្ទះត្នោត​ដែល​ជា​ប្រពៃណី​ប្រចាំ​តំបន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៥  វិច្ឆិកា  ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត ភូមិ​ស្ថា​ប​តា​ឱម ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ព្រះ​គ្រូ​បញ្ញា​សេរី នូ សុ​ភាន ចៅអធិការ​វត្ត​កោះ​ស​ត្ថា​រាម មាន​សង្ឃដីកា​ថា ការ​រៀបចំ​ពិធី​អុំ​ខ្ទះត្នោត​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ឱ្យ​មានការ​ពង្រឹង​សាមគ្គីភាព​ក្នុង​ស្រទាប់​ប្រជាពលរដ្ឋ ឱ្យ​យុវជន​ចូលរួម​លេង​កីឡា​ដើម្បី​បញ្ចៀស​នូវ​បញ្ហា​គ្រឿងញៀន ។ ជា​ពិសេស​ចង់​រក្សា​កេរ្តិ៍​ដំណែល​វប្បធម៌​ប្រពៃណី​ក្នុង​តំបន់ និង​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នា​ឆ្នាំ​នេះ​ផង​ដែរ ។

បើ​តាម​ព្រះ​ចៅអធិការ​វត្ត​អង្គ​នេះ​មាន​ថេរ​ដីកា ពិធីបុណ្យ​អុំ​ខ្ទះត្នោត​នេះ មិន​មាន​ឯកសារ​ច្បាស់លាស់​ឡើយ ប៉ុន្តែ​កាល​កន្លង​មកពិធី​នេះ​តែង​ឃើញ​រៀបចំ​ធ្វើ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ និង​ស្វាយ​រៀង​ដែល​ជា​ខេត្ត​សម្បូរ​ទៅ​ដោយ​ដើម​ត្នោត​ច្រើន ហើយ​ប្រជាពលរដ្ឋ​យក​ខ្ទះ​នេះ​ដើម្បី​កូរ​ធ្វើ​ស្ករត្នោត ។ ព្រះ​អង្គ​មាន​សង្ឃដីកា​បញ្ជាក់​ថា កាល​ដើម​ឡើយ​ព្រះ​អង្គ​មាន​គោលបំណង​រៀបចំ​ពិធី​អុំទូក​ត្នោត​ទេ តែ​ដោយសារ​ទីធ្លា​មាន​លក្ខណៈ​តូច​ចង្អៀត ទើប​យើង​សម្រេច​ឱ្យ​មានការ​អុំ​ជា​ខ្ទះត្នោត​នេះ​វិញ​។

ព្រះ​គ្រូ​បញ្ញា​សេរី នូ សុ​ភាន បាន​បន្ថែម​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​វត្ត​របស់​ព្រះ​អង្គ​បាន​រៀបចំ​ធ្វើ ខណៈ​ពេល​កន្លង​មក​ព្រះ​អង្គ​ត្រឹមតែ​រៀបចំ​ពិធី​អកអំបុក សំពះ​ព្រះ​ខែ​ជា​រៀង​រាល់​ឆ្នាំ​ប៉ុណ្ណោះ ហើយ​បើ​ការ​រៀបចំ​ទទួល​បាន​ជោគជ័យ​យើង​នឹង​ធ្វើ​វា​ជា​រៀង​រាល់​ឆ្នាំ ។ ព្រះ​អង្គ​បន្ត​ថា យើង​រៀបចំ​លើក​ដំបូង​នេះ​មានការ​ចូលរួម​ពី​កីឡាករ​ជាង​១០០​នាក់ ដែល​មាន​ខ្ទះ​ចំនួន​១០ ក្នុង​នោះ​កីឡាករ​មានការ​ផ្លាស់​ប្តូរ​គ្នា​ដើម្បី​ធ្វើការ​ប្រណាំង​ក្នុង​រយៈ​ចម្ងាយ​៥០​ម៉ែត្រ ហើយ​អ្នក​ឈ្នះ​ជ័យ​លា​ភី​លេខ​១​ទទួល​បាន​ថវិកា​១០​ម៉ឺន​រៀល មី​១​កេស និង​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​ទៀត​តាម​ការ​ផ្តល់​ជូន​ពី​សប្បុរសជន​នានា ។ ចំណែក​កីឡាករ​ដែល​មិន​ជាប់​ជ័យ​លា​ភី គឺ​យើង​មាន​រង្វាន់​លើកទឹកចិត្ត​ផង​ដែរ ដោយ​ក្នុង​កីឡាករ​ម្នាក់​ៗ​ទទួល​បាន​ថវិកា​២​ម៉ឺន​រៀល និង​មី ។

ព្រះ​គ្រូ​បញ្ញា​សេរី នូ សុ​ភាន បានឱ្យ​ដឹង​ទៀត​ថា ការ​រៀបចំ​ពិធី​អុំ​ខ្ទះត្នោត​នេះ​ឡើង ក៏​ជា​ការ​ឆ្លើយ​តប​តាម​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​សម្រេច​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នា​ឆ្នាំ​នេះ ដោយ​យោង​ទៅ​តាម​ស្ថានភាព​ទឹក​មិន​អំណោយផល ប៉ុន្តែ​បាន​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​នានា​រៀបចំ​ជា​ធម្មតា​ទៅ​តាម​លទ្ធភាព​ដែល​មាន ។ ការ​រៀបចំ​កម្មវិធី​នេះ​ឡើង គឺ​បាន​ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផង និង​ចង់​រក្សា​ប្រពៃណី គុណ​តម្លៃ​នៃ​ថ្ងៃ​ពិធីបុណ្យ​អុំទូក​នេះ ព្រោះ​ក្រៅ​តែ​ពិធី​អុំ​ខ្ទះត្នោត​នៅ​ពេល​យប់ យើង​ក៏​មាន​ពិធី​បណ្តែតប្រទីប​ខ្នាត​តូច​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ដោយ​ខ្លួនឯង ហើយ​ក៏​មាន​ពិធី​ចម្រើន​ព្រះ​បរិត្ត​ផ្តល់​ភាព​ជោគជ័យ សិរី​សួស្តី និង​ការ​អកអំបុក​សំពះ​ព្រះ​ខែ បាញ់​កាំជ្រួច រហូត​ដល់​យប់​ជ្រៅ ។

គួរ​បញ្ជាក់​ថា ក្នុង​ពិធី​អុំ​ខ្ទះត្នោត​នេះ​មានការ​ចូលរួម​ទស្សនា​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ទាំង​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ និង​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បាន​ចូល​មើល​ដោយ​ភាព​សប្បាយ​រីករាយ​ផង​ដែរ ៕