ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ ស្រុក​បន្ទាយមាស​ជា​ស្រុក​គំរូ​ទូ​ទាំង​ប្រទេស

8 ឆ្នាំ មុន

ទិវា​លើកកម្ពស់​អនាម័យ​ជនបទ​ក្រោម​ប្រធានបទ «​អនាម័យ​ល្អ គឺជា​ការ​ទទួលខុសត្រូវ​ទាំងអស់​គ្នា​» ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា កន្លង​មកនេះ នៅ​វត្ត​គាថា​វង្ស ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស

ខេត្តកំពត ៖ ទិវា​លើកកម្ពស់​អនាម័យ​ជនបទ​ក្រោម​ប្រធានបទ «​អនាម័យ​ល្អ គឺជា​ការ​ទទួលខុសត្រូវ​ទាំងអស់​គ្នា​» ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា កន្លង​មកនេះ នៅ​វត្ត​គាថា​វង្ស ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ក្រោម​អធិបតីភាព​លោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ។

ចូលរួម​ក្នុង​ពិធី​នេះ​មាន លោក​រដ្ឋលេខាធិការ​អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ អស់លោក​ជា​តំណាង​អង្គការ​SNV និង​តំណាង​អង្គការ​ជាតិ​-​អន្តរជាតិ លោក​-​លោកស្រី​ប្រធាន​-​អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​-​រាជធានី អភិបាលខេត្ត អភិបាលស្រុក ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ ។

លោក សុក សា​រ៉ា​ដ អភិបាលរង​ខេត្ត មាន​ប្រសាសន៍​ថា ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ បាន​ប្រារព្ធ​ធ្វើ​ឡើង​លើក​ទី​៦​ហើយ​នៅ​ស្រុក​បន្ទាយមាស ដើម្បី​ចូលរួម​អបអរសាទរ​ដែល​យើង​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​លើកកម្ពស់​អនាម័យ​ល្អ​នៅ​ក្នុងស្រុក​នេះ ។ ជា​លទ្ធផល​ដែល​យើង​សម្រេច​បាន​នា​ពេល​នេះ គឺ​ផ្ដើម​ចេញពី​កិច្ចសហការ​ជា​លក្ខណៈ​អន្តរក្រសួង និង​គាំទ្រ​អំពី​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ក្នុង​ការ​ជំរុញ​ឱ្យ​កាន់តែ​យល់​ដឹង​កាន់តែ​ខ្ពស់​ថែម​ទៀត ។

លោក​អភិបាលរង​ខេត្ត ថ្លែង​ទៀត​ថា ពី​មុន​ស្រុក​បន្ទាយមាស​មាន​អត្រា​ទាប​បំផុត ដោយ​ពលរដ្ឋ​ភាគច្រើន​មិន​បាន​ធ្វើ​បង្គន់​បន្ទោបង់ ប៉ុន្តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ស្រុក​បន្ទាយមាស​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​អនុវត្ត​គម្រោង​លើកកម្ពស់​អនាម័យ​ជនបទ ។ និយាយ​រួម គឺ​ប្រជាជន​នៅ​ស្រុក​បន្ទាយមាស​ឈប់​បន្ទោបង់​ពាស​វាល​ពាស​កាល​ដូច​មុន​ទៀត​ហើយ ។ លោក  សង្ឃឹមថា អង្គការ SNV  នឹង​បន្ត​ជួ​ួ​យ​ដល់​ស្រុក​ផ្សេង​ៗ​ទៀត នៅ​ក្នុង​ខេត្តកំពត ។

លោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ថ្លែង​ថា ថ្ងៃ​ទី​១៣ ខែវិច្ឆិកា គឺជា​ថ្ងៃ​ដ៏​សំខាន់​សម្រាប់​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​បាន​កំណត់​យក​ថ្ងៃនេះ​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ ហើយ​រាជរ​ដា្ឋ​ភិ​បាល​កម្ពុជា បាន​ទទួលស្គាល់​អំពី​ភាព​ចាំបាច់​នៃ​ការ​លើកកម្ពស់​អនាម័យ​ជនបទ កំណត់​ចក្ខុវិស័យ​ជា​គោលនយោបាយ​ជាតិ​ស្ដី​ពី​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ ។ នៅ​ឆ្នាំ​២០២៥ ខាង​មុខ​នេះ ប្រជាជន​គ្រប់​រូប​នៅ​សហគមន៍​ជនបទ​ត្រូវ​មានការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​គ្រប់គ្រាន់ ។

លោក​រដ្ឋមន្ត្រី ថ្លែង​ទៀត​ថា យោង​តាម​ទិន្នន័យ​របស់​អង្គការ​អភិវឌ្ឍន៍​ហូ​ឡង់ ក៏​ដូច​ជា​ក្រសួងផែនការ រួម​ទាំង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពត គឺ​ស្រុក​បន្ទាយមាស​មាន​ឃុំ​ចំនួន​១៥ ជា​ស្រុក​គំរូ​ទូ​ទាំង​ប្រទេស​ដែល​ពលរដ្ឋ​មាន​បង្គន់​បន្ទោបង់​គ្រប់គ្រាន់ ឈប់​បន្ទោបង់​ពាស​វាល​ពាស​កាល​ដូច​មុន​ទៀត​ហើយ នេះ​ជា​ជោគជ័យ​មួយ ៕