ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​ប្រតិកម្ម​ចំពោះ​ការ​បា.ញ់​ធ្លាក់​យន្តហោះ​របស់​ខ្លួន​ដោយ​តួ​ក​គី រុ​ស្ស៊ី​សម្រេច​ដាក់​ពង្រាយ​មី​ស៊ី​ល S-400 នៅ​ស៊ី​រី

8 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​បាន​សម្រេច​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស S-400 នៅ​ប្រ​ទេ​ស៊ី​រី​ជា​ប្រតិកម្ម​តប​ចំពោះ​ការ​ធ្លាក់​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា នៃ​យន្តហោះ​ទម្លាក់​គ្រាប់បែក S-24 របស់​ខ្លួន​ដោយសារ​ការ​បា.ញ់ប្រហារ​

ប្រទេស​រុ​ស្ស៊ី​បាន​សម្រេច​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស S-400 នៅ​ប្រ​ទេ​ស៊ី​រី​ជា​ប្រតិកម្ម​តប​ចំពោះ​ការ​ធ្លាក់​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា នៃ​យន្តហោះ​ទម្លាក់​គ្រាប់បែក S-24 របស់​ខ្លួន​ដោយសារ​ការ​បាញ់ប្រហារ​របស់​យន្តហោះ​ប្រដេញ F-16 តួ​ក​គី​មួយ​គ្រឿងក្នុង​ដែនអាកាស​ស៊ី​រី ។

ទូរទស្សន៍​អា​មេ​រិ​ក CNN រាយការណ៍​ថា បណ្តា​យន្តហោះ​របស់​អូតង់​នឹង​ត្រូវ​ទទួល​ភ្លើង​ខៀវ​របស់​ក្រុង​មូ​ស្គូ​ដើម្បី​ហោះ​កាត់​ស៊ី​រី ក្រោយ​ការ​ដាក់​ពង្រាយ​បណ្តា​មី​ស៊ី​ល​ដី​-​អាកាស S-400 TRIUMPH នៅ​ក្នុង​ប្រទេស​នេះ ។

អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់ CNN លោក MATTHEW CHANCE ធ្វើការ​កត់​សម្គាល់ថា មី​ស៊ី​ល S-400 មាន​សមត្ថភាព​គ្របដណ្តប់​លើ​ដែនអាកាស​ស៊ី​រី​ទាំងមូល​ដែល​មាន​ន័យ​ថា អាច​ត្រួតត្រា​ទាំងស្រុង​នូវ​ដែនអាកាស​របស់​ប្រទេស​នេះ​ដោយ​ក្រុង​មូ​ស្គូ ។ រ៉ា​ដា​របស់​ប្រព័ន្ធ S-400 អាច​ចាប់​បាន​ក្នុង​ពេល​ដំណាលគ្នា​គោលដៅ​ដល់​៣០០ ហើយ​មាន​សមត្ថភាព​ប្រឆាំង​មី​ស៊ី​ល​ទៀត​ផង ។ មី​ស៊ី​ល​៧២​គ្រាប់​អាច​បាញ់​ចេញ​ដំណាលគ្នា ។

អគ្គសេនាធិការ​កងទ័ព​រុ​ស្ស៊ី​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ពី​ការ​សម្រេចចិត្ត​របស់​ខ្លួន​ដាក់​ពង្រាយ​បណ្តា​មី​ស៊ី​ល​ដី​-​អាកាស S-400 នៅ​ឯ​មូលដ្ឋាន​យោធា HMEIMIM ប្រទេស​ស៊ី​រី​បន្ទាប់​ពី​ការ​ធ្លាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក SU-24 ដោយសារ​ការ​បាញ់ប្រហារ​របស់​យន្តហោះ​ប្រដេញ​តួ​ក​គី​មួយ​គ្រឿងក្នុង​ដែនអាកាស​ស៊ី​រី ។ ម្យ៉ាងទៀត រុ​ស្ស៊ី​បាន​បញ្ជូន​នាវា​ពិឃាត​បាញ់​មី​ស៊ី​ល MOSKVA បំពាក់​ដោយ​ប្រព័ន្ធ​ការពារ​អាកាស​នៅ​ជិត​ខេត្ត LATTAQUIE ភាគ​ពាយ័ព្យ​ស៊ី​រី ហើយ​ប្រកាស​ថា បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​ខ្លួន​ចាប់ពី​ពេល​នេះ​ទៅ ត្រូវ​ហោះហើរ​ក្រោម​កិច្ច​ការពារ​របស់​បណ្តា​យន្តហោះ​ប្រដេញ ។

អ្នក​បើក​យន្តហោះ S-24 ថា ពុំ​មានការ​ព្រមាន​មុន​ឡើយ
អ្នក​បើក​ដែល​នៅ​រស់រាន​មានជីវិត​នៃ​យន្តហោះ​ប្រយុទ្ធ​រុ​ស្ស៊ី SU-24 ត្រូវ​តួ​ក​គី​បាញ់​ធ្លាក់​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ថា រូបគេ​ពុំ​បាន​ទទួល​ការ​ព្រមាន​ជា​មុន​ណាមួយ​របស់​អាជ្ញាធរ​តួ​ក​គី​ទាំង​សញ្ញា ទាំង​វី​ដេ​អូ ហើយ​បដិសេធ​លទ្ធភាព​ដែល​យន្តហោះ​របស់​គេ​ហោះ​រំលោភ​ដែនអាកាស​តួ​ក​គី ។

អ្នក​បើក​រូប​នេះ​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន TASS និយាយ​ថា តាម​ពិត​ទៅ​ពុំ​មានការ​ព្រមាន​ណាមួយ​ទាំង​តាម​រយៈ​ការ​ទាក់ទង វិទ្យុ ទាំង​តាម​វី​ដេ​អូ ។ ពុំ​មានការ​ទាក់ទង​គ្នា​ណាមួយ​សោះ​ទេ ។ ប្រសិនបើ​អាជ្ញាធរ​តួ​ក​គី​ពិតជា​ចង់​ព្រមាន​ប្រាប់​យើង​នោះ​គេ​អាច​បង្ហាញ​សញ្ញា ឬ​បើកបរ​ទន្ទឹម​គ្នា ក៏​ប៉ុន្តែ​ពុំ​មាន​អ្វី​ទាល់តែ​សោះ ។ ភ្លាម​ៗ​គ្រាប់​មី​ស៊ី​ល​មួយ​បាញ់​ត្រូវ​កន្ទុយ​យន្តហោះ​យើង ។ យើង​មិន​ទាំង​ឃើញ​យន្តហោះ​តួ​ក​គី​ព្រមាន​រួច​យើង​មិន​ទាំង​បើក​គេច​គ្រាប់​មី​ស៊ី​ល​ផង ។

អ្នក​បើក​យន្តហោះ​រុ​ស្ស៊ី​រូប​នេះ​បដិសេធ​លទ្ធភាព​នៃ​ការ​រំលោភ​បំពាន​ដែនអាកាស​តួ​ក​គី ព្រោះ​ខ្លួន​គេ​ផ្ទាល់​ជា​អ្នកបញ្ជា​យន្តហោះ SU-24 រហូត​ដល់​ផ្ទុះ​គ្រាប់​មី​ស៊ី​ល​តួ​ក​គី ។

កងទ័ព​តួ​ក​គី​ថា មិន​ស្គាល់​សញ្ជាតិ​យន្តហោះ​ដែល​ខ្លួន​បាញ់
បន្ទាប់​ពី​ទទួល​ការ​ចោទប្រកាន់​របស់​រុ​ស្ស៊ី​ថា បង្កហេតុ​គិត​ទុកជា​មុន កងទ័ព​តួ​ក​គី​អះអាង​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ថា ខ្លួន​ពុំ​ដឹង​ថា យន្តហោះ​ដែល​ខ្លួន​បាញ់​ធ្លាក់​មុន​នេះ​នៅ​ជិត​ព្រំដែន​ស៊ី​រី​ជា​យន្តហោះ​រុ​ស្ស៊ី​ឡើយ ហើយ​និយាយ​ថា ត្រៀម​ធ្វើ​រាល់​រូបភាព​នៃ​កិច្ច​សហប្រតិបត្តិការ ។

ទោះបី​មាន​ឧប្បត្តិ​ហេតុនេះ ដែល​ធ្ងន់ធ្ងរ​បំផុត​រវាង​ក្រុង​មូ​ស្គូ និង​ក្រុង​អង់កា​រ៉ា តាំងពី​ចាប់ផ្តើម​ធ្វើ​អន្តរាគមន៍​យោធា​រុ​ស្ស៊ី នៅ​ស៊ី​រី ក៏​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២​អះអាង​ថា ចង់​ចៀសវាង​ភាព​តានតឹង​ខាង​យោធា​ក្នុង​តំបន់​ដែរ ។

ក្នុង​សេចក្តី​ប្រកាស​មួយ កងទ័ព​តួ​ក​គី​អះអាង​ថា សញ្ជាតិ​របស់​យន្តហោះ​ពុំ​ត្រូវ​បាន​ស្គាល់​ឡើយ រួច​ការ​បាញ់ប្រហារ​អនុវត្ត​ដោយ​ស្វ័យប្រវត្តិ ។ ឧប្បត្តិ​ហេតុនេះ​បណ្តាល​ឱ្យ​ទាហាន​រុ​ស្ស៊ី​២​នាក់​ស្លាប់ គឺ​អ្នក​បើក​យន្តហោះ​ម្នាក់ ក្នុង​ចំណោម​អ្នក​បើក​២​នាក់ និង​ទាហាន​ម្នាក់​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ដែល​ស្លាប់ បន្ទាប់​ពី​ឧទ្ធម្ភាគចក្រ​របស់​កង​កុំម៉ង់ដូ​ខ្លួន​ត្រូវ​បាញ់​ធ្លាក់​ដែរ ។

មុន​នេះ​ប្រមុខ​ការទូត​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ សម្តែង​ពី​ការ​សង្ស័យ​លើ​ប្រការ​ដែល​ថា​នេះ​ជា​អំពើ​គ្រោងទុក ។ លោក​ចោទប្រកាន់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា វា​មាន​លក្ខណៈ​ប្រហាក់ប្រហែល​ច្រើន​នឹង​ការ​បង្កហេតុ​មួយ ។ ក៏​ប៉ុន្តែ​លោក​អះអាង​ថា សម្រាប់​ពេល​នេះ រុ​ស្ស៊ី​នឹង​មិន​ធ្វើសង្គ្រាម​ជាមួយ​តួ​ក​គី​ឡើយ​រួច ទំនាក់ទំនង​ជាមួយ​ប្រជាជន​តួ​ក​គី​ពុំ​បាន​ផ្លាស់​ប្តូរ​ទេ ។

នៅ​ក្រុង​អង់កា​រ៉ា ប្រធានាធិបតី​តួ​ក​គី លោក​រី​សេ​ប តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ក៏​អះអាង​ដែរ​ថា ពិតជា​ពុំ​មាន​ចេតនា​ណាមួយ​បង្ក​ឱ្យ​មាន​ភាព​ធ្ងន់ធ្ងរ​ក្រោយ​រឿង​នេះ​ដែរ រួច​នាយក​រដ្ឋមន្ត្រី​តួ​ក​គី​លោក​អា​ម៉េ​ដ ដា​វូ​ទូ​ក្លូ គូសបញ្ជាក់​ថា ក្រុង​អង់កា​រ៉ា ជា​មិត្ត និង​ជា​អ្នក​ជិតខាង​របស់​រុ​ស្ស៊ី ។

ទន្ទឹម​នឹង​សេចក្តីថ្លែងការណ៍​ទាំងនេះ ដែល​សំដៅ​សម្រាល​ភាព​តានតឹង កងទ័ពអាកាស​តួ​ក​គី​បាន​ពង្រីក​ការ​ហោះ​ល្បាត​ជាមួយ​យន្តហោះ F-16 ដល់​ទៅ​១៨​គ្រឿង តាម​ព្រំដែន​ស៊ី​រី ក្រោយ​ឧប្បត្តិហេតុ​នោះ​មក ។ ចំណែក​រុ​ស្ស៊ី​វិញ​បាន​បង្កើន​ការ​វាយប្រហារ​តាម​អាកាស​លើ​តំបន់​ដែល​យន្តហោះ​ខ្លួន​ត្រូវ​បាញ់​ធ្លាក់ ៕