ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​អត្តឃា.ត​នៅ​ទុ​យ​នី​ស៊ី

8 ឆ្នាំ មុន

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ធ្វើការ​វាយប្រហារ​ជា​ថ្មី​នៅ​ទុ​យ​នី​ស៊ី ដោយ​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​អត្តឃា.ត​មុន​នេះ​ដែល​សម្លា.ប់​សមាជិក​កងកម្លាំង​សន្តិសុខ​ការពារ​ប្រធានាធិបតី​១២​នាក់​

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ធ្វើការ​វាយប្រហារ​ជា​ថ្មី​នៅ​ទុ​យ​នី​ស៊ី ដោយ​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​អត្តឃាត​មុន​នេះ​ដែល​សម្លាប់​សមាជិក​កងកម្លាំង​សន្តិសុខ​ការពារ​ប្រធានាធិបតី​១២​នាក់​នៅ​កណ្តាល​រដ្ឋធានី​ទុ​យ​នី​ស ។

នោះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​ទ្រង់ ទ្រាយ​ធំ​ទី​៣ ប្រកាស​ទទួលខុសត្រូវ​ដោយ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ទុ​យ​នី​ស៊ី​នា​ឆ្នាំ​នេះ បន្ទាប់​ពី​ការ​វាយប្រហារ​លើ​សារមន្ទីរ BARDO កាលពី​ខែមីនា និង​ការ​វាយប្រហារ​នៅ​ទីក្រុង​មាត់សមុទ្រ SOUSSE កាលពី​ខែមិថុនា ដែល បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​សរុប​៦០​នាក់​មក ។

ក្នុង​សេចក្តី​ប្រកាស​មួយ ចេញផ្សាយ​តាម​បណ្តាញ​អុ​ី​ន​ធើ​រ​ណេ​តរបស់​ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អះអាង​ថា អ្នក​វាយប្រហារ​អត្តឃាត​ជា​បុរស​ជនជាតិ​ទុ​យ​នី​ស៊ី​ម្នាក់​មានឈ្មោះ​ថា ABOU ABDALLAH AL TOUNISSI ដែល​មាន​ខ្សែក្រវាត់​ភ្ជាប់​គ្រឿងផ្ទុះ ហើយ​លុក​ចូល​ក្នុង​រថយន្ត​បឺស​ដឹក​សមាជិក​កងកម្លាំង​សន្តិសុខ​ការពារ​ប្រធានាធិបតី​រួច​ក៏​ចុច​ឱ្យ​ផ្ទុះ ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ផ្សាយ​រូបថត​មួយ​សន្លឹក​របស់​បុរស​នេះ​ដែល​ស្លៀកពាក់​ស ហើយ​មាន​ខ្សែក្រវាត់​ភ្ជាប់​គ្រឿងផ្ទុះ ។

មុន​នេះ​ក្រសួងមហាផ្ទៃ​ទុ​យ​នី​ស៊ី​គូសបញ្ជាក់​ថា ការ​វាយប្រហារ​នេះ​ធ្វើ​ឡើងជា​មួយ​គ្រឿងផ្ទុះ​ដល់​ទៅ​១០​គីឡូក្រាម រួម​ជាមួយ​សារធាតុ SEMTEX ជា​ផលិតផល​ផ្ទុះ​ខ្លាំង ។

ប្រមុខរដ្ឋ​ទុ​យ​នី​ស៊ី លោក BEJI CAID ESSEBSI នា​ថ្ងៃ​ទី​២៥ វិច្ឆិកា បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ចាំបាច់​នានា​ប្រឈម​មុខ​នឹង​សភាព​ការណ៍​ធ្ងន់ធ្ងរ​នេះ ។ លោក​ប្រកាស​រួច​ហើយ​ធ្វើការ​ប្រកាស​អាសន្ន​ជា​ថ្មី ក្រោយ​លុប​ចោល​២​ខែ ព្រមទាំង​បំរាម​គោចរ​នៅ​ក្រុង​ទុ​យ​នី​ស ។

ម្យ៉ាងទៀត ទុ​យ​នី​ស៊ី​ប្រកាស​នា​យប់​ថ្ងៃ​ទី​២៥ វិច្ឆិកា បិទ​បណ្តោះអាសន្ន​នូវ​ព្រំដែន​របស់​ខ្លួន​ជាមួយ​លី​ប៊ី ជា​ប្រទេស​មួយ​កំពុង​មាន​ភាព​ជ្រួលច្របល់​ក្រោយ​ការ​វាយប្រហារ​អត្តឃាត​នេះ ៕