ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​មិន​ទាន់​ស្ងប់ ប្រមុខ​ការទូត​កម្ពុជា​ឆ្លើយ​តប​លោក​សម ស​ង្ស៊ី ពី​របាយការណ៍​ទូត​អា​មេ​រិ​ក

8 ឆ្នាំ មុន

ប្រមុខ​ការទូត​កម្ពុជា​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង រដ្ឋមន្ត្រី ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឆ្លើយ​តប​នឹង​ព័ត៌មាន​ដែល​ចេញផ្សាយ លើ​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក សម រ​ង្ស៊ី

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការទូត​កម្ពុជា​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង រដ្ឋមន្ត្រី ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឆ្លើយ​តប​នឹង​ព័ត៌មាន​ដែល​ចេញផ្សាយ លើ​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក សម រ​ង្ស៊ី និង​សារព័ត៌មាន​ខេ​ម​ញូ​ស (Camnews) ពាក់ព័ន្ធ​នឹង​ការ​ចេញ​របាយការណ៍​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា ។

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ដោយ​ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​ដែល​បាន​ដាក់​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​លោក សម រ​ង្ស៊ី និង Camnews កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ពាក់ព័ន្ធ​នឹង​របាយការណ៍​របស់​ស្ថានទូត​អា​មេ​រិ​ក នៅ​ភ្នំពេញ ដែល​ចេញផ្សាយ​ពី​វី​គី​លី​ក (Wikileaks) ខ្ញុំ​សូម​ចែករំលែក​ជាមួយ​មតិ​សាធារណៈ នូវ​លិខិត​ឆ្លើយឆ្លង​រវាង​ខ្ញុំ និង​លោក​ជំទាវ ហ៊ីល​ឡា​រី រូ​ដាម គ្លី​ន​តុ​ន (Hillary Rodham Clinton) ដែល​ពេល​នោះ លោក​ជំទាវ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក បាន​បញ្ជាក់​ថា ៖ «​ខ្ញុំ​បាន​ទទួល​ដោយ​ការ​បារម្ភ​ជា​ខ្លាំង នូវ​លិខិត​របស់​ឯកឧត្តម ចុះ​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១១ ដែល​ក្នុង​នោះ​ឯកឧត្តម​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត ចំពោះ​ការ​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​គេ​អះអាង​ថា ជា​សារ​ទូរលេខ​ស្តី​ពី​ការ​ចោទ ប្រកាន់​ដោយ​គ្មាន​ប្រភព និង​គ្មាន​ការ​បញ្ជាក់ ពាក់ព័ន្ធ​នឹង​អតីតកាល​របស់​ឯកឧត្តម ។ ខ្ញុំ​ទទួលស្គាល់​ពី​ការ​ឈឺចាប់ ដូច​ឯកឧត្តម​បាន​លើក​ឡើង ចំពោះ​ការ​ចេញផ្សាយ​នេះ ហើយ​មានការ​សោកស្តាយ​ដែល​វា​បាន​បង្ក ឱ្យ​មានការ​ខ្វល់ខ្វាយ​ដល់​ឯកឧត្តម​… យើង​ថ្កោលទោស​ចំពោះ​ទ​ង្វើ​នេះ​» ។

កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា កាសែត​មួយ​ចំនួន បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​យល់ព្រម​សូមទោស​លោក ហោ ណាំ​ហុង ឬទេ ក្នុង​គោលបំណង​ឱ្យ​គេ​ឈប់​ចោទប្រកាន់​ខ្ញុំ ពី​បទ​បរិហា​កេរ្តិ៍​នេះ ។ ចម្លើយ​ខ្ញុំ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​កាសែត ខេ​ម​បូ​ឌា​ដេ​លី និង​ភ្នំពេញ​ប៉ុស្តិ៍ ថ្ងៃនេះ មាន​ដូច​តទៅ ៖ «​លោក ហោ ណាំ​ហុង ទេ ដែល​ត្រូវ​សូមទោស​ដួង​វិញ្ញាណក្ខន្ធ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដែល​ត្រូវ​ពួក​ខ្មែរក្រហម​សម្លាប់ បន្ទាប់​ពី​យក​ចេញពី​គុក​បឹង​ត្របែក នៅ​ចុង​ទស​វត្ស​ឆ្នាំ​១៩៧០ ដោយសារ​តែ​លោក ហោ ណាំ​ហុង នេះ បាន​ចូល​ដៃ​ជាមួយ​ពួក​ខ្មែរក្រហម ហើយ​បាន​មួលបង្កាច់​ជន​ស្លូតត្រង់ ដើម្បី​យកចិត្ត​ពួក​ខ្មែរក្រហម ឱ្យ​រួចខ្លួន​ចំពោះ​រូប​គាត់ (​ហោ ណាំ​ហុង ហៅ​មិត្ត​យ៉ែ​ម​) និង​ក្រុម​គ្រួសារ​គាត់​» ។

ម្យ៉ាងវិញទៀត មាន​ឯកសារ​ផ្ទៃក្នុង​មក​ពី​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​កម្ពុជា ដែល​ទើបតែ​បាន​បញ្ចេញ​ជា​សាធារណៈ ហើយ​ដែល​មាន​ខ្លឹមសារ​ដូច​តទៅ ៖ «​ហោ ណាំ​ហុង បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់​ពី​ពួក​ខ្មែរក្រហម​ឡើង​កាន់​អំណាច តែ​គាត់​បាន​រួច​ពី​ការ​ស្លាប់ ពីព្រោះ​គាត់​ធ្លាប់​បាន​រៀនសូត្រ ជាមួយ អៀង សារី ។ គាត់​បាន​ក្លាយទៅជា​មេ​ជំរំ (​គុក​) បឹង​ត្របែក ហើយ​គាត់​ព្រមទាំង​ភរិយា​គាត់ បាន​សហការ​ជាមួយ​ពួក​ខ្មែរក្រហម ក្នុង​ការ​សម្លាប់​មនុស្ស​ជា​ច្រើន ដែល​ជាប់​ឃុំឃាំង​នៅ​ទីនោះ​» ។

យោង​តាម​លិខិត​របស់​លោកស្រី ហ៊ីល​ឡា​រី រូ​ដាម គ្លី​ន​តុ​ន (Hillary Rodham Clinton) ដែល​ពេល​នោះ​លោកស្រី ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក (​បកប្រែ​ក្រៅផ្លូវការ​) បាន​លើក​ឡើង​ថា ជា​កត់សម្គាល់​យ៉ាង​ត្រឹមត្រូវ ក្រសួងការបរទេស​សហរដ្ឋអាមេរិក មិន​បញ្ចេញមតិ​អ្វី​ទេ អំពី​ភាព​ពិតប្រាកដ​ត្រឹមត្រូវ​នៃ​ឯកសារ​ដែល​បាន​លេច​ចេញ​នេះ ។ ទោះជា​យ៉ាងណា​ក្តី ខ្ញុំ​សូម​បញ្ជាក់​ជូន​ច្បាស់​ថា រដ្ឋាភិបាល​អា​មេ​រិ​ក​មានការ​សោកស្តាយ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការ​ចេញ​នូវ​រាល់​ព័ត៌មាន​ណា ដែល​ត្រូវ​រក្សា​ការ​សម្ងាត់ ។ ការ​បញ្ចេញ​ផ្សាយ​ដោយ វី​គី​លី​ក​(Wikileaks) នូវ​ព័ត៌មាន​សម្ងាត់ គឺជា​ទ​ង្វើ​គ្មាន​ការ​ទទួលខុសត្រូវ និង​ជា​ការ​ប៉ុនប៉ង​ខុសច្បាប់ ដើម្បី​បង្ក​ភាព​ច្របូកច្របល់ និង​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​សន្តិសុខ​ពិភពលោក ។ យើង​ថ្កោលទោស​ចំពោះ​ទ​ង្វើ​នេះ ។

ក្នុង​លិខិត លោកស្រី​បញ្ជាក់​ថា «​ខ្ញុំ​មិន​អាច​បញ្ចេញមតិ​បាន ទៅ​លើ​ឯកសារ​ណាមួយ​ដែល​ចុះ​តាម​បណ្តាញ​ព័ត៌មាន ហើយ​ត្រូវ​គេ​អះអាង​ថា មាន​ប្រភព​ពី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ។ ជា​ការ​ធម្មតា​ណាស់ សេចក្តីរាយការណ៍​ពី​មូលដ្ឋាន ទៅ​ទីក្រុង​វ៉ា​ស៊ី​តោន​មាន​លក្ខណៈ​បឋម និង​និយាយ​ត្រង់​ៗ ហើយ​ជា​ទូទៅ មាន​ជា​ព័ត៌មាន​ដើម និង​ការ​កត់សម្គាល់​មិន​គ្រប់​ជ្រុងជ្រោយ ។ ការ​វិភាគ​ដែល​លើក​ឡើង​ក្នុង​ទូរលេខ ក៏​ប្រហែលជា​ខុស​បរិបទ ឬ​ហួស​សម័យ​» ៕