ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​រិះគន់​អាជ្ញាធរ​មិន​ឲ្យ​រថយន្ត​ចូល​ចត​ក្នុង​បរិវេណ​វត្ត​សូ​ម្បី​តែ​រថយន្ត​ដឹក​សព

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ អ្នកស្រុក​ដែល​ឃើញ​រថយន្ត​ខ្មែរ​-​ថៃ​ត្រូវ​គេ​ហាម​មិន​ឲ្យ​ផ្ទេរ​សព​ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ ហើយ​នាំ​គ្នា​សាង​លើ​ដងផ្លូវ​ជាតិ​ខាង​មុខ​ខ្លោងទ្វារវត្ត បាន​រិះគន់​អាជ្ញាធរ​សង្កាត់​ប៉ោយ​ប៉ែ​ត​ថា

ខេត្តបន្ទាយមានជ័យ ៖ អ្នកស្រុក​ដែល​ឃើញ​រថយន្ត​ខ្មែរ​-​ថៃ​ត្រូវ​គេ​ហាម​មិន​ឲ្យ​ផ្ទេរ​សព​ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ ហើយ​នាំ​គ្នា​សាង​លើ​ដងផ្លូវ​ជាតិ​ខាង​មុខ​ខ្លោងទ្វារវត្ត បាន​រិះគន់​អាជ្ញាធរ​សង្កាត់​ប៉ោយ​ប៉ែ​ត​ថា មិន​គួរ​ធ្វើ​បែប​ហ្នឹង​ឡើយ ព្រោះ​បរិវេណ​វត្ត​ជាទី​អារាម​សម្រាប់​ពុទ្ធបរិស័ទ​ទូទៅ ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​មុខ​វត្ត​បា​លិ​លេ​យ្យ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ​ក្រុង​ប៉ោយប៉ែត​ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ទាំង​ខាង​ខ្មែរ​ទាំង​ខាង​ថៃ​បាន​ខឹងសម្បារ​យ៉ាង​ខ្លាំង ពេល​ដែល​ប្រជា​ការពារ​ភូមិ​ម្នាក់​បាន​ហាម​រថយន្ត​ខ្មែរ​១​គ្រឿង​ដែល​បាន​ចូល​ទៅ​ចត​ក្នុង​វត្ត​រង់ចាំ​ដឹក​សព​ ឲ្យ​ចេញ​ទៅ​ខាងក្រៅ​បរិវេណ​វត្ត​វិញ ។ ប្រភព​បន្ត​ថា ពេល​រថយន្ត​ដឹក​សព​របស់​ថៃ​មក​ដល់​មុខ​វត្ត​បា​លិ​លេ​យ្យ អ្នកបើកបរ​រថយន្ត​ខ្មែរ​-​ថៃ​បាន​សុំ​យក​សព​សាង​ក្នុង​វត្ត ព្រោះ​មិន​ចង់​ផ្ទេរ​សព​លើ​ដងផ្លូវ​ជាតិ ឬ​ចិញ្ចើម​ផ្លូវ​ វា​អាក្រក់​មើល ។ ទោះជា​យ៉ាងណា​គេ​នៅ​តែ​មិន​អនុញ្ញាត​ ហើយ​អ្នកបើកបរ​រថយន្ត​ខ្មែរ​-​ថៃ​បាន​សម្រេច​លើកសព​ផ្ទេរ​មុខ​វត្ត តែ​មាន​ព្រះសង្ឃ​មួយ​ចំនួន​មក​អន្តរាគមន៍​សុំ​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​ចូល​សាង​សព​មុខ​ទី​ប៉ាឆា​ក្នុង​បរិវេណ​វត្ត​វិញ ។

សព​ដែល​ភាគី​ថៃ​បញ្ជូន​មក​ឲ្យ​សាច់ញាតិ​នៅ​រសៀល​ថ្ងៃ​ទី​២៥​វិច្ឆិកា​នេះ​ រង​គ្រោះ​ដោយ​ដេក​ស្លាប់​សង្ស័យ​ជម្ងឺ​ខ្យល់គរ ជា​កម្មករ​រោងចក្រ​សាច់​មាន់នៅ​ខេត្ត​មួយ​ក្នុង​ប្រទេស​ថៃ តែ​សាច់ញាតិ​មិន​បាន​ប្រាប់​ឈ្មោះ​ខេត្ត​ទេ ព្រោះ​ហាក់ដូចជា​ជាប់រវល់ និង​ខឹង​គេ​ហាម​មិន​ឲ្យ​ចូល​សាង​សព​ក្នុង​បរិវេណ​វត្តផង ។ សព​រង​គ្រោះ​ឈ្មោះ ធឿ​ន សន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ក​ន្ទឺ​០១ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។ ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២២​ខែ​ឆ្នាំ​ដដែល ។

គួរ​បញ្ជាក់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ នៅ​បរិវេណ​វត្ត​បា​លិ​លេ​យ្យ គេ​ឃើញ​ប្រជា​ការពារ​ភូមិ​បាន​ផ្លាស់​ប្តូរ​គ្នា​ចាំ​ដេញ ឬ​ហាម​រថយន្ត​មិន​ឲ្យ​ចូល​ចត​ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ​ឡើយ ។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​អ្នកមាន​យានយន្ត​ចូល​ចត​សម្រាក​ពេល​ថ្ងៃ​ម្តងម្កាល​ខឹងសម្បារ​យ៉ាង​ខ្លាំង ។ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ផង​ដែរ ក៏​មាន​រថយន្ត​ដឹក​ព្រះសង្ឃ​២​គ្រឿង​ចូល​ចត​ក្នុង​បរិវេណ​វត្ត​ខាងលើ ហើយ​នៅ​ពេល​ដែល​ឮ​អ្នកស្រុក​លើក​ឡើង​ពី​ការ​ហាមឃាត់​មិ​ឲ្យ​រថយន្ត​ចូល​ចត ព្រះសង្ឃ​ជា​អ្នកដំណើរ​លើ​រថយន្ត​បាន​មាន​សង្ឃដីកា​ថា វត្ត​នានា​មិន​ដែល​មានការ​ហាមប្រាម​បែប​ហ្នឹង​ឡើយ ។

ជុំវិញ​ករណី​ហាមឃាត់​មិន​ឲ្យ​រថយន្ត​ចូល​ចត​ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ​នេះ លោក អាំង គី​ហេង មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​មិន​ចូល ។ ចំណែក​ឈ្មោះ ក្រង ចិន្តា ប្រជា​ការពារ​ភូមិ​ដែល​​ជា​អ្នក​ហាម​ឃាត់​រថយន្ត​មិន​ឲ្យ​ចូល​ចត​ក្នុង​បរិវេណ​វត្ត​បាលិលេយ្យ​បាន​ប្រាប់​ថា ការ​ហាមឃាត់​មិន​ឲ្យ​រថយន្ត​ចាំ​ដឹក​សព​ផ្ទេរ​សព​ក្នុង​វត្ត ព្រោះតែ​មាន​ម្ចាស់​រថយន្ត​មួយ​ចំនួន​រអ៊ូរទាំ​ប្រាប់​លោក​ថា បើ​ដេញ​រថយន្ត​មិន​ឲ្យ​ចូល​ចត​ក្នុង​វត្ត ម្តេច​មិន​ដេញ​ទាំងអស់​ ទើប​លោក​ឲ្យ​រថយន្ត​ចាំ​ដឹក​សព​នោះ​ចេញពី​វត្ត​វិញ ។ ប្រជា​ការពារ​ភូមិ​ខាងលើ​បញ្ជាក់​ថា លោក​មក​ការពារ​មិន​ឲ្យ​រថយន្ត​ចូល​ចត​ក្នុង​វត្ត គឺ​តាម​បញ្ជា​របស់​លោក​ចៅសង្កាត់​ប៉ោយ​ប៉ែ​ត ៕