ជម្ងឺរាករូសរាតត្បាតនៅស្រុកសំរោងទងនិងស្រុកបសេដ្ឋ
ដោយ ៖ ប្រុសកោះ
ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០១០ ម៉ោង ១៤:៤៤

កោះសន្តិភាព
អ្នកជំងឺដែលត្រូវយកមកកាន់មន្ទីរពេទ្យបង្អែកខេត្ត
ខេត្ដកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់ដែរបានស្លាប់ និងជាច្រើននាក់ទៀតកំពុងត្រូវបានគ្រូពេទ្យជួយសង្គ្រោះ ដោយសារតែកើតជំងឺរាករូស ហើយមានការយឺតយ៉ាវក្នុងការបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ ។ ក្រុមគ្រួសារអ្នកជំងឺដែលកំពុងដឹកប្ដី ដឹកប្រពន្ធ និងកូនចៅចូលមកសំរាកក្នុងមន្ទីរពេទ្យបង្អែកខេត្ដកំពង់ស្ពឺ ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះអាយុជីវិតនោះបានប្រាប់អ្នកយកព័ត៌មានកោះសន្ដិភាពនៅព្រឹកថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១០ថា ជំងឺរាករូសដែលកំពុងកើតមាននៅក្នុងឃុំញ្នយ ឃុំក្រាំងអំពិល ក្នុងស្រុកសំរោងទង និងស្រុកបសេដ្ឋនោះគឺមានភាពសាហាវគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ពីព្រោះតែក្នុងរយៈពេលជាង២ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០១០ មានមនុស្សស្លាប់៣នាក់ទៅហើយ ហើយនៅមានមនុស្សជាច្រើននាក់ទៀតកំពុងត្រូវជំងឺនេះរាតត្បាត និងឆ្លងរាលដាលយ៉ាងឆាប់រហ័សបំផុត ។
ទាក់ទិននឹងករណីខាងលើនេះ លោកវេជ្ជ បណ្ឌិត ម៉ីញ វុទ្ធី ដែលទទួលបន្ទុកការពារជំងឺរាតត្បាតនៃមន្ទីរពេទ្យបង្អែកខេត្ដកំពង់ស្ពឺ បានប្រាប់កោះសន្ដិភាពដែរថា ជំងឺឆ្លងដែលកំពុងរាតត្បាតនៅក្នុងស្រុកសំរោងទង និងស្រុកបសេដ្ឋនោះ គឺជាជំងឺរាករូស ពុំមែនជាជំងឺអាសន្នរោគដែលមានលក្ខណៈប្រមូផ្ដុំជាទ្រង់ទ្រាយធំនោះឡើយ ។ ការថ្លោះធ្លោយធ្វើឱ្យបងប្អូនប្រជាពលរដ្ឋស្លាប់អស់ភ្លាមៗចំនួន៣នាក់នោះ គឺបណ្ដាលមកពីការយឺតយ៉ាវក្នុងការបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ ។ លោកវេជ្ជបណ្ឌិតបានប្រាប់បន្ដទៀតថា រដូវនេះឈានចូលដល់រដូវក្ដៅ ហើយធាតុអាកាសក៏បានប្រែប្រួលជាញឹកញាប់ម្ដងត្រជាក់ ម្ដងក្ដៅ ហើយជាមួយគ្នានឹងធាតុអាកាសបែបនេះ ប្រជាពលរដ្ឋយើងបានហូបទឹកមិនស្អាតថែមទៀត ទើបធ្វើឱ្យមានការរាករូសខ្លាំង ជាពិសេសពេលធ្វើបុណ្យដារលានដែលមិនបានប្រើប្រាស់ទឹកដាំពុះនោះតែម្ដង ដែលម្នាក់ៗត្រូវទទួលរងនូវជំងឺរាករូសគ្រប់ៗគ្នា ។
ចំណែកលោកវេជ្ជបណ្ឌិត សាយ សាវី អនុ ប្រធានមន្ទីរសុខាភិបាលខេត្ដកំពង់ស្ពឺ មានប្រសាសន៍ថា ការស្លាប់បាត់បង់ជីវិតរបស់ ប្រជាពលរដ្ឋ៣នាក់នោះ គឺដោយសារតែក្រុមគ្រួសារអ្នករងគ្រោះមិនបានបញ្ជូនអ្នកជំងឺមកព្យាបាលឱ្យបានទាន់ពេលវេលា ។ លោក បានបញ្ជាក់ទៀតថា ជំងឺរាករូសដែលកំពុងកើតមាននៅក្នុងឃុំញ្នយ ឃុំក្រាំងអំពិល នៃស្រុកសំរោងទង និងស្រុកបសេដ្ឋនោះ គឺ បណ្ដាលមកពីអ្នករងគ្រោះពិសាទឹកឆៅពិសាទឹកដែលមិនស្អាត ទើបធ្វើឱ្យមានជំងឺបែបនេះកើតឡើង ហើយជំងឺនេះបើយើងមិន ប្រញាប់រួសរាន់ចូលព្យាបាលនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលានោះទេ គឺវាអាចប្រែក្លាយជាជំងឺអាសន្នរោគហើយ ៕