អាជ្ញាធរខណ្ឌទួលគោកចុះវាយថ្មចិញ្ចើមផ្លូវដែលបង្កឱ្យស្ទះទឹក
ដោយ ៖ អប្សរា
ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៤:៤២

ជលធា
អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការចុះវាយកំទេច ដើម្បីបើកផ្លូវទឹក និងឱ្យមានសោភ័ណភាព
រាជធានីភ្នំពេញ ៖ ថ្មបេតុងដែលប្រជាពលរដ្ឋចាក់អនាធិបតេយ្យបង្កឱ្យស្ទះទឹកភ្លៀង និងបាត់បង់សោភ័ណភាពចិញ្ចើមផ្លូវត្រូវអាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការចុះវាយកំទេច ដើម្បីបើកផ្លូវទឹក និងឱ្យមានសោភ័ណភាពលើចិញ្ចើមផ្លូវឡើងវិញ ។ លោកសាំង សុភៈវិចិត្រ អភិបាលរងខណ្ឌទួលគោកបានឱ្យដឹងថា ដោយមានការណែនាំពីលោកសេង រតនៈ អភិបាលខណ្ឌទួលគោកហាមនិងទប់ស្កាត់ប្រជាពលរដ្ឋមិនឱ្យចាក់បេតុងនៅតាមចិញ្ចើមផ្លូវនានាក្នុងខណ្ឌទួលគោក លោកក៏បានដឹកនាំកំលាំងសណ្តាប់ធ្នាប់សាលាខណ្ឌចុះវាយ និងទប់ស្កាត់ការចាក់បេតុងលើចិញ្ចើមផ្លូវជាហេតុធ្វើឱ្យស្ទះទឹកភ្លៀង និងបាត់បង់សោភ័ណភាពចិញ្ចើមផ្លូវដែលសាលារាជធានីភ្នំពេញបានស្ថាបនាឡើងនោះ ។
លោកសាំង សុភៈវិចិត្របានឱ្យដឹងទៀតថា រយៈពេលប្រមាណ១ខែមកហើយ ដែលអាជ្ញាធរខណ្ឌទួលគោកចុះសហការជាមួយសង្កាត់ចុះវាយការចាក់បេតុងអនាធិបតេយ្យនេះ តែមិនបានធ្វើជាប់ទេ ទើបប្រមាណ១សបា្តហ៍ចុងក្រោយនេះ ធ្វើឡើងរាល់ថ្ងៃតែម្តង ។ លោកបានបន្តថា ការចុះវាយពីដំបូងធ្វើឡើងនៅលើមហាវិថីសហព័ន្ធរុស្ស៊ី វិថីកម្ពុជាក្រោម ផ្លូវនេរុហ៍ វិថីម៉ៅសេទុង និងវិថីព្រះមុន្នីរ៉េត ហើយនិងបន្តធ្វើនៅតាមផ្លូវតូចៗមួយចំនួនទៀតក្នុងខណ្ឌទួលគោក ធ្វើយ៉ាងណាមិនឱ្យមានការចាក់បេតុងលុបចិញ្ចើមផ្លូវធ្វើឱ្យស្ទះទឹកភ្លៀង និងបាត់បង់សោភ័ណភាពចិញ្ចើមផ្លូវតទៅទៀតឡើយ ៕