កញ្ញាស្រី នីវត្តន៍ វិចិត្រកររះក្នុងពិភពសិល្បៈជាអ្នកសំដែង
ដោយ ៖ សាម៉ន
ថ្ងៃព្រហស្បត្ត៏ ទី២ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៣:៣៦
កោះសន្តិភាព
កញ្ញាស្រី នីវត្តន៍ ហៅនីវ៉ាត់ ជាអ្នកសំដែងកាយវិការខារ៉ាអូខេ និងភាពយន្ត
រាជធានីភ្នំពេញ ៖ កញ្ញាស្រី នីវត្តន៍ ហៅនីវ៉ាត់ ក្នុងវ័យ១៨ឆ្នាំ ជាអ្នកសំដែងកាយវិការខារ៉ាអូខេ និងភាពយន្ត ហើយមហាជនទូទៅស្គាល់ នាងច្បាស់តាមរយៈការសំដែងផ្សាយពាណិជ្ជកម្មនំសារាយថៅកែណយ ។ អ្នកទស្សនាការសំដែងរបស់នាងពិតជាពេញចិត្តចំពោះរូបសំរស់ដ៏ស្រស់សោភា ទឹកមុខញញឹមជានិច្ចប្រកបដោយទេពកោសល្យរស់វើករបស់នាង ។កញ្ញាស្រី នីវត្តន៍ រៀបរាប់ឱ្យដឹងថា នាងមាននិស្ស័យស្រលាញ់សិល្បៈតាំងពីកុមារភាពមក ហើយនៅអាយុ១២ឆ្នាំ នាងបានហាត់រៀនគូររូបផ្សេងៗលក់ ។
នៅឆ្នាំ២០០៨ នាងបានសំរេចចិត្តចាកចេញពីស្រុកកំណើតនៅស្រុកថ្មគោលខេត្តបាត់ដំបងមករស់នៅជាមួយបងស្រីនៅទីក្រុងភ្នំពេញដើម្បីបន្តការសិក្សា ហើយឆ្លៀតពេលទំនេរចូលហាត់រៀនសំដែងនៅ
ក្លឹបសិល្បៈមួយ។ មិនយូរប៉ុន្មាននាងបានចេញសំដែងកាយវិការខារ៉ាអូខេឱ្យផលិតកម្មជាច្រើនទាំងក្នុង និងក្រៅប្រទេសមានផលិតកម្ម រស្មីហង្សមាស, Rock, M និងថបមែន ព្រមទាំងថតស្ប៉តអប់រំ និងបង្ហាញម៉ូដ ។ ចំណែកក្នុងវិស័យសិល្បៈភាពយន្តនាងសំដែងក្នុងរឿង«ព្រាយពស់» រឿង «ល្បិចស្រី» ចាក់ផ្សាយនៅទូរ ទស្សន៍ CTN រឿង «គូព្រេងចម្លែក» និងរឿង «បេះដូងខ្ញុំសំរាប់អ្នកណា» ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍បាយ័ន ។
កញ្ញាស្រី និវត្តន៍ អះអាងថា កន្លងមកនាងមិនធ្លាប់មានសង្សារទេ ហើយក៏មិនចង់បានដែរ ។ នាងយល់ថា បើមានសង្សារត្រូវខាតបង់ផលប្រយោជន៍ពីអាជីពសិល្បៈ ដូច្នេះហើយ
ទើបនាងមិនយកទេសង្សារ ហើយក៏មិនទាន់គិតដែរ ។ តារាសំដែងវ័យក្មេងនេះកើតនៅភូមិគោកក្តួច ឃុំតាម៉ឺន ស្រុកថ្ម គោល ខេត្តបាត់ដំបង។ នាងមានបងប្អូនចំនួន៨នាក់ ក្នុងនោះប្រុស៣នាក់ ចំណែកនាងជាកូនពៅ ។ នាងទើបតែប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិជាប់ហើយកំពុងត្រៀមប្រឡងចូលមហាវិទ្យាល័យ។ នាងចង់សិក្សាផ្នែកគណនេយ្យ ។
កញ្ញាស្រី នីវត្តន៍ មានកំពស់១,៦២ម៉ែត្រ ទ្រូង៣២ ចង្កេះ២៩ និងត្រគាក៣៥ ៕