ខេត្តព្រះសីហនុ ៖ ជនជាតិបរទេសម្នាក់បានស្លាប់ដោយអាថ៌កំបាំងកាលពីព្រលប់ថ្ងៃទី៧ វិច្ឆិកា ២០១៥ នៅក្នុងគ្លីនិកឯកជនមួយកន្លែងយីហោមន្ទីរសម្រាកព្យាបាលអន្តរជាតិក្រុងព្រះសីហនុ ដោយគេមានការសង្ស័យថាមកពីគ្រូពេទ្យខ្វះជំនាញ ។
យោងតាមប្រភពពីមិត្តស្រីបុរសជនជាតិជនរងគ្រោះដែលបានបាត់បង់ជីវិតបានបង្ហើបឲ្យដឹងថា ជនរងគ្រោះឈ្មោះ HAAS KURT EDWARD អាយុ៥៣ឆ្នាំ ជនជាតិអាមេរិក មានមុខរបរជាអាជីវករ បើកហាងបារាំងនៅចំណុចភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ។ ប្រភពដដែលបានបន្តថា មិត្តប្រុសរបស់គាត់មានជំងឺផ្លូវដង្ហើម(ហឺត) នៅថ្ងៃកើតហេតុមិត្តប្រុសរបស់គាត់មានអារម្មណ៍ថប់ដង្ហើម បានមកសម្រាកព្យាបាលនៅគ្លីនិកនេះ(មន្ទីរសម្រាកព្យាបាលអន្តរជាតិក្រុងព្រះសីហនុ) បន្ទាប់មកក៏បានធូរស្រាល ហើយក៏ត្រឡប់ទៅផ្ទះវិញ មិនបានប៉ុន្មានផងជំងឺនោះក៏ចាប់ផ្តើមសារជាថ្មី ភ្លាមនោះមិត្តប្រុសរបស់គាត់ក៏បានត្រឡប់មកសារជាថ្មី ប៉ុន្តែគួរឲ្យសោកស្តាយនៅប៉ុន្មានម៉ោងក្រោយមកមិត្តប្រុសរបស់គាត់ក៏បានលាចាកលោកនេះទៅទាំងនៅស្រស់ៗ ដោយក្រុមគ្រូពេទ្យបាននិយាយថា ដោយសារតែមិត្តប្រុសរបស់គាត់មានអាការៈជំងឺបេះដូងធ្ងន់ធ្ងរពេក ទើបពុំអាចសង្គ្រោះបាន ។
ជុំវិញការស្លាប់នេះ លោក សែជូ សុរិទ្ឋីជោតិ អនុប្រធានមន្ទីសុខាភិបាល ទទួលបន្ទុកពិនិត្យសាកសព បានគូសបញ្ជាក់ថា មូលហេតុដែលជនជាតិអាមេរិកនេះស្លាប់ដោយសារគាំងបេះដូង ព្រោះជនរងគ្រោះមានជំងឺបេះដូងជាយូរឆ្នាំមកហើយ ។
ទាក់ទងទៅនឹងការស្លាប់នេះ យោងតាមប្រភពអ្នកស្គាល់ជនរងគ្រោះមានការនិយាយតៗគ្នាថា ជនរងគ្រោះនៅមុនថ្ងៃស្លាប់គឺគាត់មានសុខភាពល្អណាស់ ថ្វីត្បិតតែគាត់មានជំងឺលេបថ្នាំ១ថ្ងៃ៣ដងយ៉ាងណាក្តី គាត់មានការថែរក្សាសុខភាពខ្លាំងណាស់ឲ្យតែមានបញ្ហាអ្វីបន្តិចបន្តួចគាត់តែងតែមកពិនិត្យ ប៉ុន្តែនៅថ្ងៃកើតហេតុមិនដឹងថា ក្រុមគ្រូពេទ្យពិនិត្យគាត់ រឺចាក់ថ្នាំយ៉ាងម៉េចទេទើបគាត់ស្លាប់យ៉ាងអាថ៌កំបាំងបែបនេះ ពួកគាត់នៅតែពុំអស់ចិត្តទៅនឹងការស្លាប់នេះ ។
ហេតុនេះ ក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋ សូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ឋផ្នែកសុខាភិបាល គួរណាតែចុះធ្វើការពិនិត្យឲ្យបានម៉ត់ចត់ទៅលើគ្រប់គ្លីនិកឯកជន ដែលកំពុងបើកអាជីវកម្មនៅក្នុងខេត្តព្រះសីហនុ ដើម្បីចៀសវាងនូវបញ្ហាផ្សេងៗដែលអាចកើតមានលើអ្នកជំងឺក្រោយៗទៀត ។
នៅរសៀលថ្ងៃទី៨ វិច្ឆិកា ២០១៥ សពជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីពេទ្យបង្អែកចំការចេក ដឹកយកទៅកាន់រាជធានីភ្នំពេញ ដើម្បីត្រៀមបញ្ជូនទៅកាន់ប្រទេសកំណើតវិញ តាមរយៈតំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ៕




ចែករំលែកព័តមាននេះ