ខេត្តសៀមរាប ៖ កាលពីថ្ងៃទី៣០ តុលា ក្រុមស្រាវជ្រាវ និងសាស្ត្រាចារ្យប្រមាណ៦០នាក់ក្នុងចំណោម១០ប្រទេសនៃសមាជិកអាស៊ាន គឺប្រទេសម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ហ្វ៊ីលីពីន, ថៃ, វៀតណាម, ភូមា, កម្ពុជា និងប្រទេសជាភ្ញៀវចំនួន៣ទៀត គឺប្រទេសប៉ាគីស្ថាន, ស៊ុយអែត និងប្រទេសអាឡឺម៉ង់ បានមកធ្វើកម្មសិក្សាដើម្បីដកស្រង់បទពិសោធន៍អំពីការអភិរក្ស, ជួសជុល និងគ្រប់គ្រងរមណីយដ្ឋាន ពីអាជ្ញាធរជាតិអប្សរា ជាពិសេសការងារអភិវឌ្ឍន៍សហគមន៍ និងប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរ ។
អាជ្ញាធរជាតិអប្សរាមានបទពិសោធលើការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរជាង២០ឆ្នាំកន្លងមកហើយ និងបានដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសក្នុងតំបន់មួយចំនួន ជាពិសេសគឺបណ្តាប្រទេសសមាជិកអាស៊ាន គឺដើម្បីសិក្សាពីរបៀបគ្រប់គ្រង ការអភិវឌ្ឍ និងផែនការគ្រប់គ្រងតំបន់បេតិកភណ្ឌ ផ្សារភ្ជាប់ទៅនឹងវិស័យទេសចរណ៍ឱ្យមាននិរន្តរភាព ។
លោកអឹុម សុខរិទ្ធី អនុប្រធាននាយកដ្ឋានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកសម្របសម្រួលដំណើរទស្សនកិច្ចសិក្សានេះឱ្យដឹងថា គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ានទាំង៧ប្រទេស ដែលមកបំពេញទស្សនកិច្ចសិក្សានេះរៀបចំឡើងដោយសាកលវិទ្យាល័យបច្ចេកវិទ្យានៃប្រទេសម៉ាឡេស៊ី។ ប្រតិភូទាំងនេះសុទ្ធសឹងជាថ្នាក់ដឹកនាំស្ថាប័នស្រាវជ្រាវ, អ្នកស្រាវជ្រាវ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យនានានៃតំបន់អាស៊ាន ។
គោលបំណងសំខាន់នៃប្រតិភូនៅក្នុងរមណីយដ្ឋានអង្គរនេះមាន២ គឺ ១-សិក្សាទៅលើការងារអភិរក្ស គ្រប់គ្រងប្រាសាទ និងគ្រប់គ្រងវិស័យទេសចរណ៍ឱ្យមាននិរន្តរភាព ។ ២-សិក្សាទៅលើការងាររៀបចំអភិវឌ្ឍសហគមន៍ពលរដ្ឋក្នុងតំបន់អង្គរថាតើអភិរក្សបេតិកភណ្ឌជាមួយនឹងការអភិវឌ្ឍសហគមន៍មនុស្សមានតុល្យភាពរវាងគ្នាដែរ ឬទេ ។
ប្រតិភូមកពីប្រទេសចំនួន៧ ក្នុងតំបន់អាស៊ានបានសម្រេចជ្រើសរើសយករមណីយដ្ឋានអង្គរខេត្តសៀមរាបធ្វើជាគោលដៅដើម្បីធ្វើកម្មសិក្សា ។
លោកអឹុម សុខរិទ្ធី យល់ថាការអភិរក្សបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរ គឺមានការទទួលស្គាល់ជាអន្តរជាតិ ។ មានន័យថាការរៀបចំតំបន់បេតិកភណ្ឌដែលមានការទាក់ទងនឹងវិស័យទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា គឺបានល្អដែលអន្តរជាតិទទួលស្គាល់ ។ ការគ្រប់គ្រងបេតិកភណ្ឌពិភពលោកឈានមុខជាងគេនៅតំបន់អង្គរធ្វើឲ្យបណ្តាប្រទេស ផ្សេងៗយកធ្វើជាគំរូ ។
ការរៀបចំឱ្យមានផែនការគ្រប់គ្រងក្នុងរមណីយដ្ឋានអង្គរ គឺអាជ្ញាធរជាតិអប្សរា គិតគូរតាំងពីឆ្នាំ២០០៤មកដល់សព្វថ្ងៃនេះ ។ ដូច្នេះហើយការសិក្សាស្រាវជ្រាវរបស់សិក្ខាកាមទាំងអស់នឹងមានផលវិជ្ជមាន ។ ពួកគេនឹងប្រមូលបាននូវអ្វីដែលពួកគេចង់បាន ហើយរៀនសូត្រស្រង់យកបទពិសោធន៍ពីអាជ្ញាធរអប្សរា សម្រាប់ចងក្រងជាឯកសារ ដើម្បីយកទៅអនុវត្តនៅតំបន់ផ្សេងៗទៀត ។
ក្រុមប្រតិភូក៏បានស្តាប់បទបង្ហាញពីអ្នក ជំនាញនៃអាជ្ញាធរជាតិអប្សរា ស្តីពីការងារអភិរក្ស, អភិវឌ្ឍសហគមន៍, ការគ្រប់គ្រងទឹក, ការគ្រប់គ្រងទេសចរណ៍ និងការអភិវឌ្ឍកសិកម្មធម្មជាតិគ្មានជាតិគីមី ហើយពួកគេបានឈ្វេងយល់ពីការរស់នៅ និងពីទេសចរណ៍សហគមន៍របស់អ្នកភូមិផងដែរ ៕
ចែករំលែកព័តមាននេះ