ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ព្យាយាមតាមស្រលាញ់កូនស្រីគេម្នាក់ដែលមានជីវភាពធូរធាជាងខ្លួន ប៉ុន្តែត្រូវសាមីខ្លួន ក៏ដូចជាក្រុមគ្រួសារមានការរើសអើង ធ្វើឱ្យបុរសនោះខូចចិត្តក៏សម្រេចចិត្តចង.កសម្លាប់ខ្លួន ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៩យប់ថ្ងៃទី១៦ តុលា ២០១៥ ស្ថិតនៅភូមិវត្តពោធិ៍ ឃុំអន្លង់វិល ស្រុកកណ្ដៀង ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះប៉ោ សុវណ្ណ អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ស្ត្រីឈ្មោះចៅ អឿន ដែលត្រូវជាម្ដាយមីងបានឱ្យសមត្ថកិច្ចដឹងថា គ្រួសារជនរងគ្រោះមានជីវភាពក្រីក្រ ហើយជនរងគ្រោះបានចាប់ចិត្តស្រលាញ់កូនស្រីគេម្នាក់ ដែលមានជីវភាពធូរធាររស់នៅក្នុងភូមិជាមួយគ្នានោះ។ កន្លងមក ជនរងគ្រោះតែងរំអុកឪពុកម្ដាយឱ្យទៅចូលស្ដីដណ្ដឹងគេឆាប់ៗ ដើម្បីបានរៀបការ ប៉ុន្តែត្រូវឪពុកម្ដាយមិនហ៊ានចូលស្ដីដណ្ដឹងទេ ដោយសារគិតថា គ្រួសារមានជីវភាពក្រីក្រជាងគេ ហើយមើលទៅក្រុមគ្រួសារគេមានការរើសអើងផងដែរ ។
ប្រភពបន្តថា កន្លងមក ជនរងគ្រោះធ្លាប់និយាយថា ក្នុងជាតិនេះ បើស្រលាញ់នាងនោះមិនបានទេ គេក៏មិនរស់នៅតទៅទៀត
ដែរ។ ដោយសាររំអុកឪពុកម្ដាយយ៉ាងណា ក៏គាត់មិនព្រមចូលស្ដីដណ្ដឹង ហើយមើលទៅនាងហាក់បីដូចជាមិនសូវចាប់អារម្មណ៍ខ្លួនទៀតនោះ ស្រាប់តែមកដល់រសៀលថ្ងៃទី១៦ តុលា ត្រូវគេប្រទះឃើញសពជនរងគ្រោះចង.កនឹងខ្សែនីឡុងលើដើមស្វាយក្រោយផ្ទះចម្ងាយ២០ម៉ែត្រស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបានពិនិត្យសាកសពបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយចង.កសម្លាប់ខ្លួនមែន ព្រោះពុំមានស្លាកស្នាមអ្វីផ្សេងដែលបញ្ជាក់ថា ជាករណីឃាតកម្មនោះទេ ។
ចែករំលែកព័តមាននេះ