ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់​តែ​រឿង​ចាក់សោ​ទ្វារ​របង​ផ្ទះផ្ទុះ​ជម្លោះ​ផ្អើ​ល​សមត្ថ​កិច្ច​ចុះ​អន្តរាគមន៍

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ចំនួន​២​គ្រួសារ​ដែល​រស់​នៅ​ផ្ទះ​ជាន់​លើ-ក្រោមគ្នា​បាន​ទាស់​គ្នា​ពី​រឿង​ចាក់​សោ​ទ្វាររបង​ផ្លូវ​ចេញ-​ចូល​តែ​មួយ

រាជ​ធានី​ភ្នំពេញ​ ៖ ​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ចំនួន​២​គ្រួសារ​ដែល​រស់​នៅ​ផ្ទះ​ជាន់​លើ-ក្រោមគ្នា​បាន​ទាស់​គ្នា​ពី​រឿង​ចាក់​សោ​ទ្វាររបង​ផ្លូវ​ចេញ-​ចូល​តែ​មួយ ដោយ​អ្នក​រស់​នៅផ្ទះ​ជាន់​លើបាន​ប្តឹង​​ចោទ​ថា អ្នក​រស់នៅ​ជាន់​ក្រោម​ចាក់​សោ​ទ្វារ​ទៅ​ផ្សារ​មិន​ឱ្យ​គេ​ចេញ​-ចូល​។

ហេតុ​ការណ៍​នេះ​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថ​កិច្ច​ចុះ​មក​អន្តរាគមន៍កាល​ពី​វេលា​ម៉ោង​៨ព្រឹក ថ្ងៃ​ទី​៩ តុលា នេះ​ នៅ​ចំណុច​ផ្ទះ​លេខ​៣០៣Eo ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក​។

តាម​ការ​ឱ្យ​ដឹង​ពី​ឈ្មោះស៊ុន ឆាយ អាយុ​៣៣​ឆ្នាំ រស់​នៅ​ផ្ទះ​ជាន់​លើ​បាន​ឱ្យ​ដឹង​ថា នៅ​វេលាម៉ោង​៥ព្រឹក​នេះ​ ពេល​គាត់​ភ្ញាក់​ពី​ដេក​រៀប​ចំ​ទៅ​ធ្វើ​ការ​ស្រាប់​តែ​ឃើញ​ទ្វារ​ជាប់​សោចេញ​ទៅ​ណាមិន​រួច​ ទើប​គាត់​ចោទ​ថា អ្នក​រស់នៅ​ផ្ទះ​ជាន់ក្រោម​ចាក់សោ​ទ្វារ​មិន​ឱ្យ​គេ​ចេញ​ចូល​។

ចំណែក​ស្ត្រី​ឈ្មោះអ៊ិន សុន្ទរី អាយុ​៥៦​ឆ្នាំ ដែល​រស់នៅ​ជាន់ខាង​ក្រោម​បាន​ឱ្យ​ដឹង​ថា ពេល​ចេញ​ទៅ​ផ្សារ​ ​គាត់​បាន​ឃើញ​ទ្វារ​ចំហ ហើយ​មេសោ​ត្រូវ​ម្ចាស់​ផ្ទះ​ជាន់លើ​បោះ​ចោល​ក្បែរ​នោះ គាត់​ក៏​រើសសោ​យក​មក​ចាក់​វិញ ហើយ​ចេញ​ទៅ​ផ្សារ​ទៅ ហើយ​កូន​សោ​គឺមានម្នាក់មួយ ហេុត​អីបាន​ជា​ឈ្មោះ​ស៊ុន ឆាយ ចោទ​ថា គាត់​ចាក់​សោ​ទ្វារ​មិន​ឱ្យ​ចេញ​-ចូល​ទៅ​វិញ។

ប្រភព​បាន​ឱ្យ​ដឹង​ថា គ្រួសារ​ទាំង​២នេះ​មាន​ទំនាស់​គ្នា​ជិត​២០​ឆ្នាំ​ហើយ ហើយ​ធ្លាប់​ប្តឹង​ផ្តល់​គ្នា​ដល់​តុលាការ​ទៀត​ផងពី​រឿង​អ្នក​រស់នៅ​ផ្ទះ​ជាន់​លើ​ទាម​ទារ​ដី​នៅ​ជាន់ខាងក្រោម​ ហើយ​តុលាការ​បាន​ចេញ​សេចក្តី​សម្រេច​រក្សា​ទុក​ភាព​ដើម​ ដោយ​ឱ្យ​ខាង​អ្នក​រស់នៅ​ជាន់ក្រោមប្រើ​ប្រាស់​ដាក់​រថយន្តលើ​ដី​នោះ​។ ចាប់​តាំង​ពី​នោះមក​ម្ចាស់​ផ្ទះ​ជាន់ទី១ចេះ​តែ​រក​រឿង​អ្នក​រស់នៅ​ជាន់​ក្រោម​​រហូត​ ពេល​ចាក់​សោ​ទ្វារ​ហើយ​បោះ​មេសោ​ចោល​ មិន​តែ​ប៉ុណ្ណោះ​បាន​យក​កម្ទេច​ឈើ​ទៅ​បិទ​ផ្លូវ​ចេញ​ចូល​ផ្ទះ​គេ​ខាង​ក្រោយ​ទៀត​។

ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង​រួច ព្រឹក​មិញ​នេះសមត្ថ​កិច្ច​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​បាន​ទិញ​មេសោ​ចែក​ឱ្យ​គ្រួសារ​ទាំង​២ម្នាក់មួយ​ ហើយ​ប្រាប់ថា បើ​សិន​ជាបាត់​សោ​ត្រូវ​រាយការណ៍​ទៅ​សមត្ថ​កិច្ច​ដើម្បី​កុំ​ឱ្យ​មានរឿង​ទៀត​៕