ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ចាត់​របៀប​លើ​សំណុំរឿង​លោក​ហុង សុខ​ហួរ បង្គាប់​ឲ្យ​ស៊ើបអង្កេត​បន្ថែម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​សវនាការ​រឿង​ក្ដី​លោក​ហុង សុខ​ហួរ រសៀល​ថ្ងៃ​ទី​០៧ តុលា ២០១៥ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សម រង្ស៊ី​។ សវនាការ​នេះ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ជន​ជាប់

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​សវនាការ​រឿង​ក្ដី​លោក​ហុង សុខ​ហួរ រសៀល​ថ្ងៃ​ទី​០៧ តុលា ២០១៥ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សម រង្ស៊ី​។ សវនាការ​នេះ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ជន​ជាប់ គឺ​បន្ត​សវនាការ​កាលពី​ថ្ងៃ​ទី​០២ តុលា ២០១៥ ដែល​តុលាការ​បាន​ផ្អាក ។

តែ​បន្ទាប់​ពី​សវនាការ​ចៅក្រម​បាន​ប្រកាស​ចាត់​របៀប​ដោយ​បង្គាប់​ឲ្យ​មេធាវី​ការពារ​រក​ឯកសារ​ដែល​ជនជាប់ចោទ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម ឬ​ហ្វេ​ស​ប៊ុ​ក​ដាក់​ចូល​តុលា​ការ​។ កាលពី​សវ​នា​នៅ​ថ្ងៃ​ទី​០២ តុលា លោក ហុង សុខ​ហួរ បាន​សារភាព​ជា​ច្រើន​មក​ហើយ ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​កាត់ត​លិខិត​នៃ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ត្រង់​ប្រការ​៤ ហើយ​បង្ហោះ​លិខិត​កាត់ត​ទាំងនោះ​លើ​ហ្វេ​ស​ប៊ុ​ក​ទៀត​ផង ។

នៅ​រសៀល​ថ្ងៃ​ទី​០៧ តុលា ក្នុង​ពេល​សវនាការ​លោក​ហុង សុខ​ហួរ បាន​ឆ្លើយ​បំភ្លឺ​ប្រាប់​តុលាការ​ថា ក្រោយ​ពី​លោក​បាន​បង្ហោះ​ឯកសារ​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​លោក​បាន​ទៅ​កាន់​ស្ថានទូត​បារាំង ។ នៅ​ពេល​ចេញ​មក​វិញ ក៏​ធ្វើ​ដំណើរ​ដោយ​ម៉ូតូឌុប​មក​ខណ្ឌទួលគោក និង​បន្ត​ទៅ​ផ្ទះ​លោក​យន់ ថា​រ៉ូ ជាទី​ដែល​អាជ្ញាធរ​ចាប់ខ្លួន​លោក កាលពី​ថ្ងៃ​ទី​១៥ សីហា ២០១៥​។

ក្នុង​សវនាការ​នេះ​ផង​ដែរ ក្រុម​មេធាវី​ការពារ​ឱ្យ​លោក​ហុង សុខ​ហួរ បាន​បង្ហាញ​នូវ​ឯកសារ​សន្ធិសញ្ញា​ដែល​លោក​ហុង សុខ​ហួរ បាន​បង្ហោះ ។ ករណី​ថ្មី​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ជជែក​គ្នា​ជា​ថ្មី ដែល​លោក​តំណាង​អយ្យការ​បាន​ស្នើ​ឱ្យ​ចាត់​របៀប​ស៊ើបអង្កេត​ថ្មី ។

ចំណែក​ក្រុម​មេធាវី​បាន​ទាមទារ​ឱ្យ​តុលាការ​ភ្ជាប់​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត​ក្នុង​សវនាការ ដើម្បី​បង្ហាញ​ពី​របៀប​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត ដើម្បី​ទាញ​យក​ឯកសារ​។ នៅ​ទី​បំផុត​​ក្រុមប្រឹក្សាតុលាការ​បាន​សម្រេច​ថយ​ទៅ​ពិចារណា ដើម្បី​សម្រេច​ពី​ករណី​នេះ ។ នៅ​វេលា​ម៉ោង​១៥​និង​៤០​នាទី ចៅក្រម​តុលាការ​បាន​សម្រេច​ចាត់​របៀប ដោយ​ឱ្យ​ក្រុម​​មេធាវី​ប្រគល់​មក​តុលាការ​នូវ​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​ដែល​ត្រូវ​ប្រើ​ទាញ​យកសារ​ឈ្មោះ​វេ​ប​សាយ​ដែល​ទាញ​យក ។

តុលាការ​បាន​ចោទប្រកាន់​លោក​ហុង សុខ​ហួរ ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ , បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នាំ​ឱ្យ​មាន​ចលាចល​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ តាម​មាត្រា ៦២៩ មាត្រា ៦៣០ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព