ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​រុ​ស្ស៊ី​វាយប្រហារ​នៅ​ស៊ី​រី​ប្រមុខ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អីុរ៉​ង់​មក​កាន់​ក្រុង​មូ​ស្គូ

8 ឆ្នាំ មុន

មេបញ្ជាការ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អីុ​រ៉​ង់​ឧត្តមសេនីយ៍ QASSEM SOLEIMANI បាន​មក​កាន់​ក្រុង​មូ​ស្គូ​ទៀត​ហើយ ខណៈ​ដែល​សភាពការណ៍​មាន​ភាពអាក្រក់​ខ្លាំង​នៅ​ស៊ី​រី ដោយ​កងទ័ព​ស៊ី​រី និង​បណ្តា​កងជីវពល​សម្ព័ន្ធមិត្ត​

មេបញ្ជាការ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អីុ​រ៉​ង់​ឧត្តមសេនីយ៍ QASSEM SOLEIMANI បាន​មក​កាន់​ក្រុង​មូ​ស្គូ​ទៀត​ហើយ ខណៈ​ដែល​សភាពការណ៍​មាន​ភាពអាក្រក់​ខ្លាំង​នៅ​ស៊ី​រី ដោយ​កងទ័ព​ស៊ី​រី និង​បណ្តា​កងជីវពល​សម្ព័ន្ធមិត្ត​ត្រូវ​បាក់ទ័ព​ស្ទើរ​គ្រប់​រណសិរ្ស ។ ចំណែក​ទីតាំង​របស់​របប​ស៊ី​រី​នៅ​ជាប់​ឆ្នេរសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ពិសេស​តំបន់ LATTAQUIE រង​ការ​គំរាមកំហែង​ជា​ពិសេស ។ គឺ​តំបន់​នោះ​ដែរ​ដែល​មាន​មូលដ្ឋាន​នាវាចរ​ណុ៍ TARTOUS ជា​មូលដ្ឋាន​នាវាចរណ៍​តែ​មួយ​គត់​របស់​រុ​ស្ស៊ី​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។

កាលពី​ដំណាច់ខែ​កក្កដា ឧត្តមសេនីយ៍ QASSEM SOLEIMANI ក៏​បាន​មក​កាន់​ក្រុង​មូ​ស្គូ​ដែរ ។ ពេល​នោះ​ក្រសួងការបរទេស​អា​មេ​រិ​កបាន​បរិហារ​រុ​ស្ស៊ី​ថា រំលោភ​បំពាន​លើ​ការ​ហាមឃាត់​ផ្តល់​ទិដ្ឋាការ​ដែល​ឧត្តមសេនីយ៍​រូប​នោះ​ជា​កម្មវត្ថុ​ដែរ ក្នុង​ក្របខ័ណ្ឌ​នៃ​ទណ្ឌកម្ម អ​.​ស​.​ប ប្រឆាំង​កម្មវិធី​នុយក្លេអ៊ែរ​អីុ​រ៉​ង់ ខណៈ​ក្រុង​តេ​ហេ​រ៉​ង់ និង​បណ្តា​មហាអំណាច​នៅ​ពុំ​ទាន់​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​នៅឡើយ ។ យោង​តាម​ទូរទស្សន៍ FOX NEWS ថា ពេល​នោះ​ឧត្តមសេនីយ៍ SOLEIMANI បាន​ជួប​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក ស័​រ​ហ្គេ​យ ឆ​យ​ហ្គូ ។

ពេល​នោះ​វិមាន​ក្រឹម​ឡាំង​បាន​បដិសេធ​រាល់​ការ​ជួប​ជាមួយ​លោក ពូ​ទី​ន ។ យោង​តាម​បណ្តាញ​ផ្សព្វផ្សាយ​អីុ​រ៉​ង់​ថា លោក SOLEIMANI បាន​លើក​ឡើង​ពី​បញ្ហា​តំបន់ ព្រម​ទាំង​ពី​ការ​លក់​អាវុធ​ជាមួយ​បណ្តា​មន្ត្រី​រុ​ស្ស៊ី ។

យោង​តាម​រ៉​យ​ទ័​រដែ​ល​ដកស្រង់​ប្រភព​ព័ត៌មាន​នានា​ក្នុង​តំបន់​ថា ទស្សនកិច្ច​លើក​នេះ​របស់​លោក SOLEIMANI ជា​ដំណាក់កាល​ដំបូង​នៃ​ផែនការ​បង្កើន​ការ​លូកដៃ​កាន់តែ​ខ្លាំង​របស់​រុ​ស្ស៊ី​ក្នុង​សង្គ្រាម​នៅ​ស៊ី​រី ។ ទស្សនកិច្ច​នេះ​ក៏​កំណត់​ពី​ការ​បង្កើត​សម្ព័ន្ធភាព​ថ្មី​រុ​ស្ស៊ី​-​អីុ​រ៉​ង់​ជួយ​ទ្រទ្រង់​ដល់​ប្រធានាធិបតី​ស៊ី​រី លោក បា​ចា អាល់​អាសា​ដ ។

រុ​ស្ស៊ី​ចាប់ផ្តើម​ធ្វើការ​វាយប្រហារ​តាម​អាកាស​នៅ​ស៊ី​រី​ពី​ថ្ងៃ​ទី​៣០ កញ្ញា មក ចេញពី​មូលដ្ឋាន​អាកាសចរណ៍​នៅ LATTAQUIE ចំណែក​ការ​វាយលុក​តាម​ជើងគោ​កមួយ​របស់​កងទ័ព​សិ្ន​ទ្ធ​រដ្ឋាភិបាល​ស៊ី​រី និង​សម្ព័ន្ធមិត្ត​អីុ​រ៉​ង់ ព្រមទាំង​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​ហាក់ដូចជា​កំពុង​រៀបចំ ។

ចំណែក​អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី លោក អាណា​តូ​លី អាន​តូ​ណូ​វ ថ្លែង​កាលពី​ថ្ងៃ​ទី​៦ តុលា​ថា កងទ័ព​រុ​ស្ស៊ី​ចង់​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមចម្រុះ​នាំមុខ​ដោយ​សហរដ្ឋអាមេរិក​នៅ​ស៊ី​រី ។ លោក​បន្ត​ថា យើង​មានការ​ជឿជាក់​ថា គ្មាន​ប្រទេស​ណាមួយ​អាច​ប្រឈម​មុខតែ​ម្នាក់ឯង​ចំពោះ​ការ​គំរាមកំហែង​ភេរវកម្ម​ឡើយ ទោះបីជា​កងទ័ព​អា​មេ​រិ​ក អង់គ្លេស ឬ​អូតង់ ។ អាស្រ័យ​ហេតុនេះ​ហើយ​បានជា​យើង​ចង់ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កាន់តែ​ទូលំទូលាយ​មួយ ។

រីឯ​អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​និយាយ​ថា ក្រុង​មូ​ស្គូ​អាច​ធ្វើ​តាម​សំណើ​នានា​របស់​អា​មេ​រិ​ក ដែល​សំដៅ​ធ្វើការ​សម្រប​សម្រួលការ​វាយប្រហារ​របស់​ខ្លួន​នៅ​ស៊ី​រី ជាមួយ​ការ​វាយប្រហារ​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​មេ​រិ​ក ៕