ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​បរទេស​ម្នាក់​ត្រូវ​ក្មេង​ប្រុស​ឆក់​យក​iPad​ពេល​កំពុង​ឈរ​ថត​សត្វ​ប្រចៀវ​ហើរ​ចេញពី​ល្អាង​ភ្នំ​សំពៅ

8 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ ស្ត្រី​ជនជាតិ​អ៊ីតា​លី​ម្នាក់​ត្រូវ​ក្មេង​ប្រុស​អាយុ​ប្រហែល​១០​ឆ្នាំ ឆក់​យក​«iPad»​ពី​ក្នុង​ដៃ​រួច​រត់គេច​ខ្លួន​បាត់ គ្រា​ដែល​ស្ត្រី​រូប​នេះ​កំពុង​ឈរ​ថត​សត្វ​ប្រចៀវ​ហើរ​ចេញពី​ក្នុង​ល្អាង​ភ្នំ​សំពៅ

ខេត្តបាត់ដំបង​ ៖ ស្ត្រី​ជនជាតិ​អ៊ីតា​លី​ម្នាក់​ត្រូវ​ក្មេង​ប្រុស​អាយុ​ប្រហែល​១០​ឆ្នាំ ឆក់​យក​«iPad»​ពី​ក្នុង​ដៃ​រួច​រត់គេច​ខ្លួន​បាត់ គ្រា​ដែល​ស្ត្រី​រូប​នេះ​កំពុង​ឈរ​ថត​សត្វ​ប្រចៀវ​ហើរ​ចេញពី​ក្នុង​ល្អាង​ភ្នំ​សំពៅ កាលពី​វេលា​ម៉ោង​៥ និង៤០​នាទី​ល្ងាច ថ្ងៃ​ទី​០៦​តុលា ​​ស្ថិត​ក្នុងភូមិ​ភ្នំ​សំពៅ​ខាងកើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ដែល​ជា​តំបន់​ទេសរ​ណ៍​ដ៏​ល្បី​នៅ​ក្នុង​ខេត្តបាត់ដំបង​។

មន្ត្រី​នគរបាល​ឃុំ​ភ្នំ​សំពៅ​បាន​ឲ្យ​ដឹង​ថា ជនបរទេស​រូប​នោះ​ឈ្មោះ​អី​ម៉ាង នូ​អ​ឡា ភេទ​ស្រី ​អាយុ​៥២​ឆ្នាំ ជា​ភ្ញៀវ​ទេសចរ​​​ជនជាតិ​អ៊ីតា​លី​។ មន្ត្រី​ដដែល​និយាយ​ថា ស្ត្រី​រូប​នេះ​ត្រូវ​ក្មេង​ប្រុស​ម្នាក់​អាយុ​ប្រហែល​១០​ឆ្នាំ ឆក់​យក iPad ពី​ក្នុង​ដៃ​ពេល​គាត់​កំពុង​ឈរ​ថត​សត្វ​ប្រចៀវ​ហើរ​ចេញពី​ក្នុង​ល្អាង​ភ្នំ​សំពៅ​។

ក្មេង​ប្រុស​នោះ​បាន​រត់​ចូល​ព្រៃ​ក្បែរ​ជើងភ្នំ​នោះ​បាត់​ស្រមោល​ក្រោយ​ពី​ធ្វើ​សកម្មភាព​បាន​សម្រេច បើ​ទោះជា​ស្ត្រី​បរទេស​រួប​នេះ ​និង​មនុស្ស​មួយ​ចំនួន​ទៀតព្យាយាម​ដេញ​តាម​ក៏​មិន​ទាន់​ដែរ ហើយ​គាត់​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ប៉ុ​ស្ដិ៍ដែល​នៅ​ក្បែរ​នោះ​ប្រហែល​១០០​ម៉ែត្រ ដើម្បី​ឲ្យ​ជួយ​អន្តរា​គម​ន៏​ភ្លាម​ៗ​ដែរ​។

បើ​តាម​ការ​បំភ្លឺ​ពី​សាក្សី​ថា ក្មេង​ប្រុស​នោះ​ជា​កូនចៅ​អ្នកស្រុក​នៅ​ក្នុង​មូល​ដ្ធា​ន​នោះ​។ ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល មនុស្ស​ជា​ច្រើន​បាន​តាម​រុករក​ក្មេង​ប្រុស​កំហូច​នោះ​នៅ​ក្នុង​ព្រៃ​ក្បែរ​ជើងភ្នំ តែ​រក​មិនឃើញ​ឡើយ ដែល​ទំនង​ក្មេង​ប្រុស​ដៃដល់​នោះ​រត់​ចូល​រូង​ថ្ម​នៅ​កន្លែង​ណាមួយ ទើប​រក​មិនឃើញ​បែប​នេះ​។

សូម​បញ្ជាក់​ថា ក្នុង​មួយ​ថ្ងៃ​ៗ​ភ្ញៀវ​ទេសចរ​បរទេស​រាប់​សិប​នាក់​ស្ទើរ​គ្រប់​ជនជាតិ តែង​ធ្វើ​ដំណើរ​ទៅ​ថត​សកម្មភាព​សត្វ​ប្រចៀវ​រាប់​លាន​ក្បាល​ហើរ​ចេញពី​ក្នុង​ល្អាង​ភ្នំ​សំពៅ​នា​ពេល​ល្ងាច​។  ភ្ញៀវ​ទេសចរ​​​មួយ​ចំនួន​បាន​ចូល​ទៅ​ឈរ​ថត​យ៉ាង​កៀក​ក្បែរ​មាត់​ល្អាង រីឯ​ខ្លះ​ឈរ​ថត​ពី​ចម្ងាយ ព្រោះ​ពេល​ហើរ​ចេញពី​ក្នុង​ល្អាង​ម្ដង​ៗ ហ្វូង​សត្វ​ប្រចៀវ​ទាំងនោះ​មាន​លក្ខណៈ​ជា​ខ្សែៗ​វែង​អន្លាយ​គួរ​ជាទី​គយគន់ ដែល​មើលទៅ​ដូច​សត្វ​ចម្លែក​ហោះ​ចេញពី​ភ្នំ​អីចឹង​ដែរ​។

បច្ចុប្បន្ន​ហ្វូង​សត្វ​ប្រចៀវ​នៅ​ក្នុង​ល្អាង​ភ្នំ​សំពៅ​ខាងលើ​នេះ បាន​និង​កំពុង​ទាក់ទាញ​ចំណាប់​អារ​ម្ម​ណ៍ភ្ញៀ​ង​ទេសចរ​​​បរទេស​យ៉ាង​ខ្លាំង ជា​ពិសេស​ពេល​ល្ងាច​ដែល​សត្វ​ប្រចៀវ​រាប់រយ​លាន​ក្បាល​ហើរ​ចេញពី​ក្នុង​ល្អាង​។ ដូច្នេះ​អាជ្ញាធរ​ ឬ​សមត្ថកិច្ច​គួរតែ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ថែរក្សា​សណ្ដាប់​ធ្នាប់ និង​ការពារ​សន្តិសុខ​ឲ្យ​បាន​ល្អដល់​ដំណើរ​កំសាន្ត​របស់​ភ្ញៀវ​ទេសចរ​​ទាំង​ភ្ញៀវ​នៅ​ក្នុងស្រុក ទាំង​ភ្ញៀវ​បរទេស​៕ ​