ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គយ​ចល័ត​ដេញចាប់​រថយន្ត​ក្រុមហ៊ុន​រស្មី​ភ្នំពេញ​សង្ស័យ​ដឹក​ទំនិញគេចពន្ធ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ក្រុមហ៊ុន​រស្មី​ភ្នំពេញ​ដឹក​អ្នកដំណើរ​ត្រូវ​បាន​ក្រុម​មន្ត្រី​គយ​ចល័ត​តាម​ចាប់​ឆែកឆេរ​ដោយ​សង្ស័យ​ថា ដឹក​ទំនិញគេចពន្ធ តែ​ពេល​ចាប់​ឃាត់​ត្រួតពិនិត្យ​នោះ​ឃើញ​តែ​ផ្លែ​ឈើ​​ប៉ុណ្ណោះ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ក្រុមហ៊ុន​រស្មី​ភ្នំពេញ​ដឹក​អ្នកដំណើរ​ត្រូវ​បាន​ក្រុម​មន្ត្រី​គយ​ចល័ត​តាម​ចាប់​ឆែកឆេរ​ដោយ​សង្ស័យ​ថា ដឹក​ទំនិញគេចពន្ធ តែ​ពេល​ចាប់​ឃាត់​ត្រួតពិនិត្យ​នោះ​ឃើញ​តែ​ផ្លែ​ឈើ​​ប៉ុណ្ណោះ​ មិន​មាន​ទំនិញគេចពន្ធ​នោះ​ទេ ។ ការ​តាម​ឃាត់​ឆែកឆេរ​នេះ​នៅ​វេលា​ម៉ោង​១០​ និង​២០​នាទី ថ្ងៃ​ទី​៥ តុលា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មុខ​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត ។

សកម្មភាព​ដេញចាប់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​នេះ គេ​ឃើញ​មាន​រថយន្ត​៣​គ្រឿង​របស់​មន្ត្រី​គយ​ចល័ត​ ក្នុង​នោះ​មាន​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង​, រថយន្ត​តូ​យ៉ូ​តា​ថៃ​ហ្គ័​រ​បំពាក់​ដោយ​ស៊ី​រ៉ែ​ន​១​គ្រឿង និងហ្វ​ដ​១​គ្រឿង​ គ្មាន​ស្លាក​លេខ ។ ក្រោយ​ពេល​ដេញ​ឃាត់​បាន​នៅ​ចំណុច​មុខ​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត បាន​ធ្វើ​ឱ្យ​អ្នកដំណើរ​ជិត​១០​នាក់​ចុះ​ពី​រថយន្ត​ហើយ​បាន​ឡើង​ឆែកឆេរ​អស់​រយៈ​ពេល​១០​នាទី ។ ការ​ឆែកឆេរ​ឃើញ​មាន​តែ​ទំនិញ​ផ្លែ​ឈើ​ដែល​ដាក់​កេះ​មិនឃើញ​មាន​ទំនិញ​ល្អ​ឡើយ ​ហើយ​បានឱ្យ​អ្នកដំណើរ​ឡើង​រថយន្តក្រុង​ចេញ​ទៅ​កាន់​ចំណត​ដោយ​រថយន្ត​៣​គ្រឿង​របស់​មន្ត្រី​គយ​ចល័ត​នាំមុខ ។

ពាក់ព័ន្ធ​ការ​ដេញចាប់​រថយន្តក្រុង​ក្រុមហ៊ុន​រស្មី​ភ្នំពេញ​ដឹក​អ្នកដំណើរ​ដែល​មាន​លេខ​រៀង PP3C1398 ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-1398 ដែល​បើកបរ​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត​ក្នុង​ទិស​ដៅ​ទៅ​រាជ​ធានី​ភ្នំពេញ ពេល​បើក​ចេញពី​ប៉ោយ​ប៉ែ​ត​រថយន្ត​មន្ត្រី​គយ​ចល័ត​នៅ​ចំណុច​ផ្លូវ​៥០​ភូមិ​កូន​ដំរី​សង្កាត់​និមិត្ត​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដេញ​រហូត​ដល់​ចំណុច​មុខ​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​ទើប​ឃាត់​ដំណើរ​បាន ។

មន្ត្រី​គយ​ចល័ត​ដែល​ឃាត់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​រក​ទំនិញគេចពន្ធ​នេះ​ គឺ​មន្ត្រី​គយ​២​ទៅ​៣​នាក់​ធ្វើ​សកម្មភាព​ប្រញាប់ប្រញាល់​នៅ​ពេល​ឃើញ​អ្នក​យក​ព័ត៌មាន​ថត​សកម្មភាព​ទាំង​មិន​បាន​និយាយ​ប្រាប់​អ្វីមួយ​ម៉ាត់​ឡើយ ។

គួរ​រលឹក​ថា រយៈពេល​កន្លង​មក​មន្ត្រី​គយ​ចល័ត​ចំណុច​ផ្លូវ​៥០​បាន​ឃាត់​រថយន្តក្រុង​៣​គ្រឿង​ដឹក​ទំនិញគេចពន្ធ​ត្រូវ​បាន​អនុវត្ត​តាម​ច្បាប់​ តែ​ក្រោយមក​ដូច​ជា​ស្ងាត់​ដោយសារ​អ្នក​រកស៊ី​ដឹក​ទំនិញ​គេចពន្ធ​បាន​បង់លុយ ៕