ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ឆក់​កាបូបពី​​ស្ត្រី​ជន​បរទេស​​​អស់​ជាង​៦០០​ដុល្លារ​​

8 ឆ្នាំ មុន

​រាជ​​ធានីភ្នំពេញ ៖ ស្ត្រី​ជន​​បរទេស​ម្នាក់​ត្រូវ​​ជនសង្ស័យ​ដែល​មាន​គ្នា​២​នាក់ ​ជិះ​ម៉ូតូ​ធំ​២​គ្រឿង ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​​សម្រេច​​ហើយ​ជិះ​គេចខ្លួន​បាត់​ស្រមោល បង្ក​ឱ្យ​​​មានការ​ភ្ញាក់ផ្អើល

​រាជ​​ធានីភ្នំពេញ ៖ ស្ត្រី​ជន​​បរទេស​ម្នាក់​ត្រូវ​​ជនសង្ស័យ​ដែល​មាន​គ្នា​២​នាក់ ​ជិះ​ម៉ូតូ​ធំ​២​គ្រឿង ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​​សម្រេច​​ហើយ​ជិះ​គេចខ្លួន​បាត់​ស្រមោល បង្ក​ឱ្យ​​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ ​តុលា តាម​បណ្តោយ​ផ្លូវ​​លេខ​៥១ ​កែង​ផ្លូវ​លេខ​១៨៤​ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​ ។

ស្ត្រី​ជន​​បរទេស​​ម្ចាស់​កាបូប​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ ​អាយុប្រមាណ៤០​ឆ្នាំ ចំណែក​សម្ភារ​​នៅ​ក្នុង​កាបូប​ដែល​ត្រូវ​ចោរឆក់​​យក​ទៅ​នោះ​​មាន​​​ប្រាក់​​អាមេរិកចំនួន​ជាង​៦០០​ដុល្លារ ។

​តាម​សាក្សី​ដែល​​ឃើញ​ហេតុការណ៍ ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​គេ​​ឃើញ​យុវជន​​​២​នាក់​ ជិះ​ម៉ូតូ​ធំ​ម៉ាក FTR ពណ៌​ខៀវ មួយ​គ្រឿង អត់​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​ម៉ាកXR ពណ៌​ខ្មៅ អត់​ស្លាក​លេខ​ដូច​គ្នា ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ជិះ​ទៅ​ដល់​ខាងត្បូង​វិទ្យាល័យព្រះ​ស៊ី​សុវត្ថិ ​ក៏​​ឃើញ​​ស្ត្រីជន​​បរទេស​មាន​គ្នា​២​នាក់​ ​​ដើរ​បញ្ច្រាសទិស​ជាមួយ​ជនសង្ស័យ ​ខណៈ​នោះ​​ជនសង្ស័យ​ទាំង​២​បាន​ជិះ​ម៉ូតូ​​ត្រឡប់​ក្រោយ​វិញ បត់​ស្តាំ​តាម​ផ្លូវ​លេខ​៥១ ទៅ​បាត់​មួយ​​សន្ទុះ​​ក្រោយមក ​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ម៉ូតូ FTR ​​​បក​ក្រោយ​វិញ​ តាម​ផ្លូវ​លេខ​​៥១ ក្នុង​ទិស​ដៅ​​ពី​ជើង​ទៅ​​ត្បូង គាប់​ជួន​​ស្ត្រី​ជា​ជន​បរទេស​ទាំង​២​នាក់​ឈរនៅលើ​ចិញ្ចើម​ថ្នល់​​បម្រុង​ឆ្លងថ្នល់ ក៏​ត្រូវ​ជនសង្ស័យ​ជិះ​ម៉ូតូ​ទៅ​អែបជិត ​ហើយ​ឆក់​កាបូប​យក​ទៅ​បាត់ ។ ចំណែក​បក្សពួក​ម្នាក់​ទៀត​ដែល​ជិះ​XR បាន​ជិះ​តាម​ពីក្រោយ​តិច​ៗ​ចាំ​បិទគូថ​ ។

ក្រោយ​ពេល​កើតហេតុ​ ​ស្ត្រីបរទេស​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​អ្វី​ទេ គឺ​គិតតែ​អង្គុយ​យំ ត្រូវ​មិត្ត​ភក្តិ​ហៅ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ត្រឡប់​ទៅ​សណ្ឋាគារ​វិញ ៕