ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ក្រៅប្រទេស​ក្នុង​ត្រីមាស​ទី​3​ធា្ល​ក់​ចុះ​ជិត​7​ភាគរយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ក្រៅប្រទេស​នៅ​ក្នុង​ត្រីមាស​ទី​២​កន្លង​ទៅ មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ តែ​នៅ​ត្រីមាស​ទី​៣​នេះ ឃើញ​ថា មានការ​ថមថយ​នូវ​បរិមាណ​នៃ​ការ​នាំ​ចេញ

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ក្រៅប្រទេស​នៅ​ក្នុង​ត្រីមាស​ទី​២​កន្លង​ទៅ មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ តែ​នៅ​ត្រីមាស​ទី​៣​នេះ ឃើញ​ថា មានការ​ថមថយ​នូវ​បរិមាណ​នៃ​ការ​នាំ​ចេញ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ ។ នៅ​ត្រីមាស​ទី​៣​នេះ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​ក្រៅប្រទេស​មាន​ចំនួន​សរុប​៨៥.២៨០​តោន ធ្លាក់​ចុះ​ប្រមាណ​៦,៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន មាន​ចំនួន​៩១.៤៤២​តោន ។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ ។

លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន ប្រធាន​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ​មាន​ប្រសាសន៍​ថា មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​ក្នុង​ត្រីមាស​ទី​៣​នេះ បើ​តាម​ការ​សិក្សា​ឃើញ​ថា មាន​មូលហេតុ​ធំ​ៗ៣ គឺ​ទី​១-​ការ​ធ្លាក់​ចុះ​តម្លៃ​នៃ​លុយ​អឺ​រ៉ូ ធៀប​នឹង​ដុល្លារ បង្ក​ឲ្យ​ប៉ះពាល់​ការ​លក់​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប (​ពី​មុន​១​អឺ​រ៉ូ​ស្មើនឹង​១,៣៨​ដុល្លារ បច្ចុប្បន្ន​១​អឺ​រ៉ូ​ស្មើ​១,១១​ដុល្លារ​) ។ ទី​២- ថៃ​កំពុង​ប​ច្ចេញ​អង្ករ​ផ្កាម្លិះ​ពី​ស្តុក​ដែល​មាន​តម្លៃ​ថោក​ជាង​យើង​(​ពី​មុន​អង្ករ​ថៃ​លក់​ថ្លៃ​១.០០០​ដុល្លារ​ក្នុង​មួយ​តោន តែ​ពេល​នោះ​អង្ករ​យើង​លក់​៨០០​ដុល្លារ​ក្នុង​មួយ​តោន ហើយ​បច្ចុប្បន្ន​នេះ​ថៃ​លក់​៨០០​ដុល្លារ​ក្នុង​មួយ​តោន​ដូច​អង្ករ​កម្ពុជា​ដែរ​) និង​ទី​៣-​កន្លង​មក អង្ករ​មី​យ៉ា​ន់​ម៉ា​មាន​តម្លៃ​ថោក​ជាង​អង្ករ​កម្ពុជា ។ តែ​ថ្មី​ៗ​នេះ រដ្ឋាភិបាល​គេ​ទើប​សម្រេច​បិទ​ការ​នាំ​ចេញ​អង្ករ ធ្វើការ​បញ្ជា​ទិញ​អង្ករ​កម្ពុជា​មាន​កើនឡើង​នៅ​ចុង​ត្រីមាស​ទី​៣ ដែល​ស​ញ​មួយ​នឹង​ជំរុញ​ឲ្យ​មាន​កំណើន​នាំ​ចេញ​អង្ករ​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ ។

ដោយឡែក ក្រុមហ៊ុន AMRU RICE Cambodia នៅ​ក្នុង​ខែកញ្ញា​នេះ ការ​នាំ​ចេញ​អង្ករ​មានការ​ធ្លាក់​ចុះ​ប្រហែល​២០% បើ​ធៀប​នឹង​ខែ​មុន​ៗ ប៉ុន្តែ​បើ​យើង​ធៀប​នឹង​ឆ្នាំ​២០១៤​នៅ​ក្នុង​ខែកញ្ញា​ដូច​គ្នា គឺ​មាន​កើនឡើង​។ នៅ ក្នុង​ខែកញ្ញា​កន្លង​ទៅ​នេះ ក្រុមហ៊ុន​បាន​នាំ​ចេញ​អង្ករ​បាន​ជាង​៣​ពាន់​តោន ខុស​ពី​អ្វី​ដែល​ក្រុមហ៊ុន​កំណត់​ការ​នាំ​ចេញ​ស្ថិត​ក្នុង​រង្វង់​៦​ពាន់​តោន ។ នេះ​បើ​តាម​លោក សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន​បាន​បញ្ជាក់ ។

លោក​បន្ត​ទៀត​ថា​៖ «​ការ​ធ្លាក់​ចុះ​នេះ​យើង​មាន​ទឡ្ហី​កមួយ​ចំនួន​ដែល​អ្នកបញ្ជា​ទិញ​មិន​ទាន់​ឲ្យ​យើង​នាំ​ចេញ​បាន​៖ ទី​១ -​នៅ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន គេ​ដល់​រដូវ​ច្រូតកាត់​ដែរ ហើយ​កសិផល​របស់​គេ​មាន​តម្លៃ​សមរម្យ ។ ទី​២-​រូបិយប័ណ្ណ​អឺ​រ៉ូ និង​អង្ករ​ថៃ​ធ្លាក់​ចុះ​ជា​កត្ដារួម​ផ្សំ ។ ទី​៣-​ប្រទេស​មួយ​ចំនួន​ដូច​ជា វៀតណាម មី​យ៉ា​ន់​ម៉ា ជា​ប្រទេស​ទទួល​បានការ​នាំ​ចេញ​ដោយ​រួច​ពន្ធ​ដូច​កម្ពុជា​ដែរ ហើយ​តម្លៃ​ស្រូវ​ប្រទេស​ទាំងនោះ​ថោក​ជាង​កម្ពុជា និង​ទី​៤ -​ប្រភេទ​ស្រូវ​ក្រអូប​ផ្កាម្លិះ​យើង​មិន​មាននៅ​ក្នុង​ស្តុក​គ្រប់គ្រាន់ ព្រោះតែ​យើង​មិន​មាន​លទ្ធភាព​ទិញ​ស្រូវ​ស្តុក​ទុក​បាន​ច្រើន ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​សំខាន់​នៅ​អឺរ៉ុប​មានការ​ថយ​ចុះ » ។

ទោះបី​យ៉ាងណា លោក​ថា បើ​គិត​ពី​ខែមករា​ដល់​ខែកញ្ញា ឆ្នាំ​២០១៥​នេះ ក្រុ​ហ៊ុន​របស់​លោក​បាន​នាំ​ចេញ​អង្ករ​សរុប​បាន​ប្រមាណ​៥​ម៉ឺន​តោន បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន កើនឡើង​ប្រហែល​៤% ។ នៅ​ដំណាច់ឆ្នាំ​២០១៥​នេះ ក្រុមហ៊ុន​មាន​ផែនការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​ជាង​៦​ម៉ឺន​តោន ដោយ​នាំ​ចេញ​ប្រភេទ​អង្ករ​ក្រអូប​៣០% និង​អង្ករ​ក្រអូប​ធម្មតា​ប្រមាណ​៧០% ។

យោង​តាម​របាយការណ៍​ពី​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ​បង្ហាញ​ថា គិត​ត្រឹម​៩​ខែ​ឆ្នាំ​២០១៥​នេះ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​ក្រៅប្រទេស​មាន​ចំនួន​៣៦៩.១០៥​តោន កើនឡើង​៣៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ មាន​ចំនួន​២៦៩.៣៧០​តោន ។ ក្នុង​នោះ​ប្រទេស​ចំនួន​១០​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ច្រើន​ជាងគេ​ដូច​ជា ចិន បារាំង ប៉ូ​ឡូញ ម៉ា​ឡេ​ស៊ី ហូ​ឡង់ អុ​ី​តា​លី ក្រិ​ក អង់គ្លេស អេ​ស្ប៉ា​ញ និង​បែ​ល​ហ្ស៊ី​ក ។

គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ គណៈកម្មាធិការ​វិន័យ និង​ក្រមសីលធម៌​របស់​សហព័ន្ធ ស្រូវ​អង្ករ​កម្ពុជា បាន​រៀបចំ​ឲ្យ​មាន​នីតិវិធី​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​សមាជិក​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​វិន័យ​និង​ក្រមសីលធម៌ ដូច​ជា ចំពោះ​អ្នក​ដែល​នាំ​ចូល​អង្ករ​ពី​ប្រទេស​ជិតខាង​សម្រាប់​ចែកចាយ​ទីផ្សារ​ក្នុងស្រុក ត្រូវ​មាន​ឯកសារ​ប្រវេទន៍​គយ​និង​លិខិត​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ ។ ចំពោះ​សមាជិក​ទាំងឡាយ​ណា​ដែល​នាំ​ចូល​អង្ករ​ពី​ប្រទេស​ជិតខាង ហើយ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដោយ​ប្រើប្រាស់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ពី​ប្រទេស​កម្ពុជា ប្រសិនបើ​សហព័ន្ធ​ចាប់​បាន នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់ ហើយ​នៅ​តែ​មិន​រាងចាល ប្រសិនបើ​សហព័ន្ធ​ចាប់​បាន​លើក​ទី​២ ត្រូវ​ទទួល​ពិន័យ​ក្នុង​កម្រិត​ធ្ងន់ ដោយ​សហព័ន្ធ​នឹង​បញ្ជូន​ឈ្មោះ​ក្រុមហ៊ុន​នោះ​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ទទួល​ការ​ពិន័យ​ទៅ​តាម​ផ្លូវច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕