ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្រេច​ដារ មេមត់​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ ខណៈ​បច្ចេកទេស​ដាំ​ដុះ​និង​ការ​ថែទាំ​មាន​កម្រិត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន ដំណាំ​ម្រេច​ត្រូវ​បាន​ប្រជា​កសិករ​នៅ​តាម​តំបន់​មួយ​ចំនួន​សម្រុក​ដាំ​ដុះ​ច្រើន ព្រោះតែ​កសិផល​មួយ​នេះ​កំពុង​មាន​ទីផ្សារ​នៅ​ឆាក​អន្តរជាតិ ។ ទោះបី​យ៉ាងណា ដំណាំ​នេះ​ក្រៅពី​ទាមទារ​នូវ​បច្ចេកទេស​

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន ដំណាំ​ម្រេច​ត្រូវ​បាន​ប្រជា​កសិករ​នៅ​តាម​តំបន់​មួយ​ចំនួន​សម្រុក​ដាំ​ដុះ​ច្រើន ព្រោះតែ​កសិផល​មួយ​នេះ​កំពុង​មាន​ទីផ្សារ​នៅ​ឆាក​អន្តរជាតិ ។ ទោះបី​យ៉ាងណា ដំណាំ​នេះ​ក្រៅពី​ទាមទារ​នូវ​បច្ចេកទេស​ដាំ​ដុះ​និង​ការ​ថែទាំ​ហើយ ក៏​ត្រូវការ​ពឹងផ្អែក​លើ​អាកាសធាតុ​ផង​ដែរ​សម្រាប់​ការ​លូតលាស់​របស់​វា ប្រសិនបើ​អាកាសធាតុ​ប្រែប្រួល វា​នឹង​ធ្វើ​ឲ្យ​ទិន្នផល​ធ្លាក់​ចុះ ឬ​ងាប់​ដើម​តែ​ម្ដង ។ តួយ៉ាង ទិន្នផល​ម្រេច​ដារ មេមត់​ដែល​កសិករ​ផលិត​បាន​ឆ្នាំ​នេះ គឺ​លក់​បាន​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ តែ​ការ​ប្រមូល​ផល​ធ្លាក់​ចុះ​ប្រហែល​១០% ដោយសារ​តែ​គ្រោះ​ធម្មជាតិ និង​កង្វះ​បច្ចេកទេស​ដាំ​ដុះ ។

លោក ហុង សាន ប្រធាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ម្រេច​ដារ មេមត់ បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ​ការ​ប្រមូល​ផល​ម្រេច​របស់​សមាជិក​សហគមន៍​បាន​ចំនួន​៥​ពាន់​តោន បើ​ធៀប​នឹង​ឆ្នាំ​មុន ធ្លាក់​ចុះ​ប្រហែល​១០% ដោយសារ​តែ​ឆ្នាំ​មុន​ទឹកភ្លៀង​លិច​ជោកជាំ​ខ្លាំង​ពេក ធ្វើ​ដំណាំ​ម្រេច​របស់​កសិករ និង​សមាជិក​សហគមន៍​ខូចខាត់​អស់​ប្រមាណ​៥៥​ហិ​កតា ក្នុង​ចំណោម​ផ្ទៃដី​សរុប​៣០០​ហិ​កតា ។

លោក​បញ្ជាក់​ថា តម្លៃ​ម្រេច​នៅ​ឆ្នាំ​នេះ លក់​បាន​ថ្លៃ​តាំងពី​ចាប់ផ្តើម​ប្រមូល​ផល តួយ៉ាង​ម្រេចខ្មៅ​ថ្លៃ​ជាង​៤​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​មាន​តម្លៃ​ជាង​៣​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម ហើយ​ម្រេចស​ឆ្នាំ​នេះ​មាន​តម្លៃលើស​ពី​១៦​ដុល្លារ​ក្នុង​១​គីឡូក្រាម​។ កសិផល​ទាំងអស់​របស់​សហគមន៍ ត្រូវ​បាន​អាជីវករ និង​ក្រុមហ៊ុន​មួយ​ចំនួន​ទិញ​នាំ​ចេញ​ទៅ​លក់​បន្ត​នៅ​ក្រៅប្រទេស ហើយ​ក៏​មាន​ឈ្មួញ​វៀតណាម​ចូល​មក​ទិញ​ដល់​កន្លែង​ទៅ​លក់​បន្ត​នៅ​ប្រទេស​គេ​ផង​ដែរ ។ លោក​ថា តម្លៃ​ម្រេច​ដារ​មេមត់ មិន​អាច​ប្រៀបធៀប​នឹង​ម្រេច​កំពត​បាន​ទេ ប៉ុន្តែ​ការ​ដាំ​ដុះ និង​ការ​ប្រមូល​ផល​មាន​ចំនួន​ច្រើន ។

លោក​បន្ត​ថា ៖ « នៅ​ក្នុង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​នេះ កន្លង​មក រាជរដ្ឋាភិបាល ក្រសួង ក៏​ដូច​ជា​មន្ទីរ​បាន​ជួយ​ជំរុញ និង​នាំ​ឈ្មួញ​ពី​ក្រៅប្រទេស​ជា​ច្រើន​មក​ទាក់ទង​ជាមួយ​យើង ជា​ពិសេស​ក្រសួងពាណិជ្ជកម្ម​បាន​នាំ​ឈ្មួញ​ល្អ​ៗ​មក​ពី​អា​មេ​រិ​ក អា​ល្លឺ​ម៉​ង់ និង​មក​ពី​ជប៉ុន​ជាដើម​។​ដំណាំ​ម្រេច​នៅ​ក្នុង​ឃុំ​ដារ និង​ស្រុក​មេមត់​នេះ​ប្រជា​កសិករ​ចាប់ផ្តើម​ដាំ​តាំងពី​ឆ្នាំ​១៩៩០​មក​ម្ល៉េះ តែ​នៅ​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ឃើញ​ថា​ពួក​គាត់​សម្រុក​ដាំ​ដុះ​ច្រើន » ។

លោក ខាន់ សំ​បាន ប្រធាន​នាយកដ្ឋាន​ដំណាំ​ឧស្សាហកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់​និង​នេសាទ មាន​ប្រសាសន៍​ថា ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ ក្រសួងកសិកម្ម​ធ្លាប់​បាន​ទៅ​ផ្សព្វផ្សាយ​ពី​វិធី​ដាំ​ដុះ​ម្រេច​នៅ​ខេត្តកំពត និង​កំពង់ចាម ។ លោក​ថា ដំណាំ​ម្រេច​វា​មិន​ងាយស្រួល​ដាំ​ទេ តាំងពី​ដើម​មក វា​ត្រូវការ​ថែទាំ​សម្បើម​ណាស់ ហើយ​អ្នក​ដាំ​ម្រេច​នេះ​ទាល់តែ​ជា​មនុស្ស​ឧស្សាហ៍ ទើប​អាច​ដាំ​បាន​ព្រោះ​វា​ត្រូវការ​មើលថែ​ជា​ប្រចាំ ខុស​ពី​ដំណាំ​ផ្សេង​ៗ ។

លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​ដំណាំ​ម្រេច​បើ​មើ​ថែ​បាន​ល្អ ដូច​តាម​ឯកសារ​បច្ចេកទេស​ត្រឹមត្រូវ វា​អាច​ឲ្យ​ផល​បាន​ពី​៤០​ទៅ​៥០​ឆ្នាំ ប៉ុន្តែ​កន្លង​មក យើង​មិន​បាន​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​ទៅ​តាម​បច្ចេកទេស​ទេ គឺ​ដាំ​បាន​៤​ឬ​១០​ឆ្នាំ​អី ម្រេច​គាត់​ចាប់ផ្តើម​ងាប់​ជា​បណ្តើរ​ៗ ហើយ ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ម្រេច​ឆាប់​ងាប់​ដោយសារ​តែ​យើង​រៀបចំ​ដី​មិន​បាន​ល្អ ការ​ថែទាំ ការ​ស្រោច​ទឹក ការ​ប្រើប្រាស់​ថ្នាំ​គីមី និង​ការ​ប្រើ​ជី​ខុស​បច្ចេកទេស​ជាដើម » ។

ដើម្បី​ឲ្យ​ការ​ដាំ​ម្រេច​ត្រូវ​ទៅ​តាម​បច្ចេកទេស លោក​បាន​ផ្ដល់​ជា​អនុសាសន៍​ថា « ដំបូង​កសិករ​ត្រូវ​រៀ​ចំ​ដី​ឲ្យ​បាន​ត្រឹមត្រូវ ជ្រើសរើស​ពូជ​មើល ប្រភព​ទឹក ជា​ពិសេស​ការ​រៀបចំ​មុន​ពេល​ដាំ ព្រោះ​កន្លង​មក​ប្រជា​កសិករ​ដាំ​មិន​មានការ​បែងចែក​ជា​ផ្នែក​ៗ​ទេ គឺ​គាត់​ដាំ​ពេញ​ដី​ទាំងអស់ ធ្វើ​បែប​នេះ ពិបាក​ក្នុង​ការ​បញ្ចេញបញ្ចូល​ទឹក ហើយ​ការ​បញ្ចេញបញ្ចូល​ទឹក​នេះ វា​សំខាន់​ណាស់​នៅ​ពេល​ខែ​ភ្លៀង មិន​បញ្ចេញ​ទឹក​អត់​អស់ គឺ​ម្រេច​វា​នឹង​ងាប់ ។ ម្យ៉ាងទៀត ពេល​រដូវប្រាំង​ការ​ស្រោចស្រព​ទឹក​មិន​បាន​គ្រប់គ្រាន់ ម្រេច​នឹង​ងាប់ ។ លើស​ពី​នេះ ការ​ប្រើប្រាស់​ថ្នាំ​និង​ជី​ខ្លាំង​ពេក​ក៏​ធ្វើ​ឲ្យ​ម្រេច​ងាប់​ដែរ វា​ខុស​ពី​ការ​ដាំ​ដំណាំ​ផ្សេង​ៗ »​។

លោក​បន្ថែម​ថា កន្លង​មក​នៅ​តាម​ក្រុមហ៊ុន និង​នៅ​តាម​កសិដ្ឋាន​មួយ​ចំនួន គាត់​នៅ​មាន​ចំណុច​ខ្វះខាត ដោយ​ពួក​គាត់​អត់​ដែល​បាន​មក​ទាក់ទង សួរនាំ​ពី​ខាង​មន្ទីរ​កសិកម្ម​ខេត្ត ឬ​មក​តាម​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​ចង់​ដឹង​ពី​បច្ចេកទេស​ដាំ​ដុះ​នេះ​ទេ ដោយ​ពួក​គាត់​អនុវត្ត​តាម​រយៈ​ការ​ចេះ​ត​ៗ​គ្នា សូ​ម្បី​តែ​មន្ទីរ​កសិកម្ម​នៅ​តាម​បណ្តា​ខេត្ត​ហ្នឹង ពួក​គាត់​ក៏​មិន​ដែល​បាន​ប្រឹក្សា​ជាមួយ​មន្ត្រី​ជំនាញ​ទាំងនោះ​ដែរ ទាល់តែ​ធ្វើ ហើយ​ខុស និង​មាន​បញ្ហា ទើប​គាត់​រត់រ​កមក​ខាង​មន្ទីរ​ឬ​ក្រសួង ។

លោក ហុង សាន បន្ត​ទៀត​ថា ៖ « បើ​និយាយ​ពី​ការ​ដាំ​ដុះ​ម្រេច និង​ការ​ព្យាបាល​ម្រេច​នេះ មិន​អាច​យក​អ្នក​ណា​មក​ធ្វើ​ជា​គ្រូ​បាន​ទេ គឺ​ប្រជា​កសិករ​ចេះ​ត​ៗ​គ្នា ព្រោះ​កន្លង​មក​ខាង​ក្រុមហ៊ុន​វៀតណាម​គេ​ធ្លាប់​មក​បង្រៀន​យើង នាំ​សុទ្ធតែ​វិស្វករ​ជំនាញ​ដែល​បញ្ចប់​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ច្រើន​ឆ្នាំ តែបើ​និយាយ​ពី​ម្រេច​ងាប់ គេ​ថា នៅ​វៀតណាម​ម្រេច​ងាប់​ដូច​នៅ​កម្ពុជា​ដែរ អត់​មាន​វិធីសាស្ត្រ​ណា​ទប់ស្កាត់បាន​ទេ តែ​សម្រាប់​វៀតណាម បើ​តំបន់​ដាំ​ម្រេច​ងាប់​(​ជំងឺ​) គេ​ទុក​ដី​នៅ​កន្លែង​នោះ​ទំនេរ​ចោល​១​ឬ​២​ឆ្នាំ ដោយ​ប្តូរ​ការ​ដាំ​ដុះ​នៅ​កន្លែង​ផ្សេង​។ ឆ្នាំ​នេះ​ដំណាំ​ម្រេច​អត់​ងាប់ តែ​អត់​សូវ​បាន​ផល ព្រោះតែ​អាកាសធាតុ​មាន​ភាពរាំងស្ងួត​យូរ​ពេក អីុចឹ​ង​បាន​ថា ម្រេច​មិនមែន​ចេះ​តែ​ដាំ​កើត ទទួល​បាន​ផល​គ្រប់​គ្នា​នោះ​ទេ ដូច​នៅ​ឃុំ​ដារ  ជា​តំបន់​មានការ​ដាំ​ម្រេច​ច្រើន​ជាងគេ តែ​ឆ្នាំ​នេះ​ទទួល​បាន​ផល​ម្រេច​មាន​ចំនួន​តិច » ៕