ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ព្រះអាទិត្យ​រះ កំណត់​គោល​ជំហរ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សម រ​ង្ស៊ី បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ស្វែងរក​គន្លឹះ​ជា​គោលនយោបាយ​ថ្មី​របស់​ខ្លួន ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សម រ​ង្ស៊ី បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ស្វែងរក​គន្លឹះ​ជា​គោលនយោបាយ​ថ្មី​របស់​ខ្លួន ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ដែល​នឹង​មានការ​រៀបចំ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ។

ថ្លែង​ក្នុង​សិក្ខាសាលា ស្តី​ពី​ដំណើរការ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ដើម្បី​ការ​ផ្លាស់​ប្តូរ ដែល​មាន​វត្តមាន​អ្នកតំណាង​រាស្ត្រ និង​សមាជិក​ព្រឹទ្ធ
សភា​ខាង​គណបក្ស​នេះ នា​ព្រឹក​ថ្ងៃ​ទី​២ តុលា នៅ​សណ្ឋាគារ​អុ​ឹ​ម​ភើ​រៀល លោក កឹ​ម សុខា ថ្លែង​ថា «​ខ្ញុំ​យល់​ឃើញ​ថា ដើម្បី​កសាង​គោលនយោបាយ យុទ្ធសាស្ត្រ​នយោបាយ និង​ផែនការ​សកម្មភាព​ប្រកបដោយ​ប្រសិទ្ធភាព​គណបក្ស​នយោបាយ​ត្រូវ​ពិនិត្យ​ស្ថានភាព​ផ្ទៃក្នុង​នៃ​គណបក្ស​របស់​ខ្លួន និង​បរិយាកាស​ខាងក្រៅ រួម​មាន​គណបក្ស​នយោបាយ​ដែល​ជា​ដៃគូ​ប្រកួត និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​និង​ក្រៅប្រទេស​មក​សិក្សា​» ។

ជាមួយ​គ្នា​នេះ លោក កឹ​ម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកយក​ចំណុច​សម្រាប់​ពិភាក្សា​ដូច​ជា ៖
១-​ការ​រក្សា​និង​ពង្រឹងកម្លាំង​ដែល​មាន​ស្រាប់ រក្សា​ទាំង​រូបភាព​នយោបាយ គោល​ជំហរ​នយោបាយ​ដែល​ធ្លាប់​បង្ហាញ​ប្រជាពលរដ្ឋ​ទទួល​បាន​ជោគជ័យ​នា​ពេល​កន្លង​មក ។
២-​ការ​ទាក់ទាញ​និង​ការ​ពង្រីក​កម្លាំង​ថ្មី​បន្ថែម ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ កុំ​រើសអើង កុំ​ប្រកាន់​បក្ខពួក ដើម្បី​ឲ្យ​អ្នក​ដទៃ​គេ​កក់ក្តៅ​ចូលរួម​សកម្មភាព​ជាមួយ ។
៣-​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ពី​ច្បាប់ នីតិវិធី និង​យន្តការ​បោះ​ឆ្នោត ។
៤-​វាយតម្លៃ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លួនឯង ត្រូវ​ត្រួតពិនិត្យ និង​ស្វែង​យល់​ចំពោះ​ចំណុចខ្សោយ​របស់​ខ្លួន​ដើម្បី​ធ្វើការ​កែ​លម្អ និង​លុប​បំបាត់​ចោល ។
៥-​កំណត់​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​គូប្រកួត ដោយ​លើក​ចំណុចខ្សោយ​របស់​គូប្រកួត​បង្ហាញ​ជា​សាធារណៈ ។
៦-​កំណត់​ប្រធានបទ​ចំពោះ​មុខ គឺ​សមាជិក​ទាំងអស់​មិន​ត្រូវ​លើក​ពី​ប្រធានបទ​ចំពោះ​មុខតែ​ម្តងនោះ​ទេ ត្រូវ​លើកយក​បញ្ហា​ប្រព័ន្ធ​តុលាការ អយុត្តិធម៌ ដីធ្លី ធន​ធនា​ធម្មជាតិ ភាព​ក្រីក្រ​យុវជន​អត់​ការងារ​ធ្វើ ចំណាកស្រុក និង​អំពើ​ពុក​រលួយ​… ។

 លោក កឹ​ម សុខា បាន​លើក​ឡើង​ថា ដើម្បី​ការ​គិតពិចារណា​ទទួល​បាន​ប្រសិទ្ធភាព គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្កើត​ក្រុមការងារ​មួយ​ដូច​ជា ៖ ១-​បង្កើត​ឲ្យ​មាន​ក្រុម​គិត វិភាគ និង​ផ្តល់​យោបល់ ២-​បង្កើត​ក្រុម​បកស្រាយ​ព័ត៌មាន ឬ​ហៅ​ថា​ប្រតិកម្ម​តប ។

ចំណែក​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​តប​នឹង​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា ប្រសិនបើ​គណបក្ស​របស់​លោក​ឈ្នះ​ឆ្នោត​ហើយ​ឡើង​កាន់​អំណាច​នោះ​នឹង​មាន​សង្គ្រាម​កើតឡើង ប្រហែលជា​អ្នក​នោះ​នៅ​មាន​អនុស្សាវរីយ៍​ជា​ខ្មែរក្រហម​ហើយ នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​កាន់​អំណាច​នោះ នឹង​មិន​មាន​សង្គ្រាម​ដូច​ការ​លើក​ឡើង​ឡើយ ។

លោក សម រ​ង្ស៊ី ថ្លែង​ថា «​គេ​ថា​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ស្អប់​អ្នកមាន មិន​ពិត​ទេ ហើយ​ពេល​ឡើង​មក​កាន់​អំណាច​កម្ចាត់​អ្នកមាន យក​ទ្រព្យសម្បត្តិ​ពី​អ្នកមាន​ទាំងអស់​យក​ទៅ​ចែក​អ្នកក្រ សម្លាប់​អ្នកមាន​ទាំងអស់​អត់​ឲ្យ​មាន​សល់​អ្នកមាន​។ នេះ​មិនមែន​ទ្រឹស្តី​ម៉ាក់​ឡេ​នី​ន គឺ​ទ្រឹស្តី​ខ្មែរក្រហម អ៊ី​ចឹ​ង​អ្នក​និយាយ​បែប​ហ្នឹង ប្រហែលជា​មាន​អនុស្សាវរីយ៍​ខ្មែរក្រហម​ច្រើន​។ ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទប្រកាន់​មក​លើ​យើង ការ​វាយប្រហារ គឺជា​ការ​មួលបង្កាច់​មក​លើ​យើង ហើយ​បើ​យើង​អត់​មាន​ជំនួយស្មារតី​ឲ្យ​និយាយ​ដូច​គ្នា​ហ្នឹង​វា​មិនសូវ​មាន​ប្រសិទ្ធភាព ។ គេ​ថា  បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​នឹង​មាន​សង្គ្រាម​កើតឡើង​» ។

លោក សម រ​ង្ស៊ី ថ្លែង​ទៀត​ថា សង្គ្រាម​រវាង​អ្នកមាន​និង​អ្នកក្រ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ការពារ​អ្នកមាន គណបក្ស​សង្គ្រោះ​ជាតិ​ការពារ​អ្នកក្រ មាន​ន័យ​ថា អ្នកមាន និង​អ្នកក្រ​ធ្វើសង្គ្រាម​ជាមួយ​គ្នា គឺ​សង្គ្រាម​វណ្ណៈ ហើយ​សង្គ្រាម​វណ្ណៈ​ទាល់តែ​មើល​ទ្រឹស្តី​ម៉ា​ក្ស​ឡេ​នី​ន គណបក្ស​សង្គ្រោះ​ជាតិ​មិនមែន​កុម្មុយនីស្ត​ទេ ។ លោក​បន្ត​ថា ចំណែក​សង្គ្រាម​មួយទៀត គឺ​រវាង​ខ្មែរ​និង​ប្រទេស​ជិតខាង យើង​គ្រាន់តែ​ប្រកាស​ថា យើង​ទាមទារ​ទឹកដី​ដែល​បាត់បង់​មក​វិញ អ៊ី​ចឹ​ង​បាន​គេ​ចោទប្រកាន់​ថា នឹង​មាន​សង្គ្រាម​ដែរ ។

លោក សម រ​ង្ស៊ី បញ្ជាក់​ថា «​អត់​មាន​សង្គ្រាម​កើតឡើង​ជាមួយ​ប្រទេស​ក្បែរ​ខាង​ទេ ។ លោក​ស្នើ​ឲ្យ​ដោះស្រាយ​ដោយ​សន្តិវិធី ដោយ​ប្រព័ន្ធ​តុលាការ​យុត្តិធម៌​អន្តរជាតិ ។ លោក​បន្ថែម​ថា គេ​រៀបចំ​ប្រទេស​គេ​តាម​បែប​សេរីនិយម ប្រជាធិបតេយ្យ មិនមែន​កុម្មុយនីស្ត​ទៅ​កម្ចាត់​អ្នកមាន អត់​មាន​ទេ ។

ប្រទេស​ជឿនលឿន គឺ​សម្បូរ​ទៅ​ដោយ​អ្នកមាន​ដែល​រកស៊ី​ស្របច្បាប់ ។ អ្នកមាន​ស្រុក​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ជា​អ្នកមាន​ខិលខូច មាន​ល្បិច​កល ប៉ុន្តែ​លោក​ក៏​ទទួលស្គាល់​ថា មាន​អ្នកមាន​ខ្លះ​គេ​រកស៊ី​ដោយ​ត្រឹមត្រូវ តាម​ខ្ញុំ​ដឹង​ខ្លះ​ៗ ។

ជាមួយ​គ្នា​នេះ លោក សម រ​ង្ស៊ី លើក​ឡើង​ថា លោក​រក្សា​ឧត្ដមគតិ​ដើម​៤​ចំណុច របស់​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ។ លោក​ថ្លែង​ថា គណបក្ស​របស់​លោក​នឹង​ប្រើប្រាស់​ឧត្ដមគតិ​ដើម​៤​ចំណុច របស់​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច កាលពី​ឆ្នាំ​១៩៩៣​ឡើង​វិញ ដោយ​លោក​យល់​ថា ឧត្ដមគតិ​ដើម​៤​ចំណុច​ធ្វើ​ឲ្យ​គណបក្ស​ហ្នឹង​ជាប់​ឆ្នោត​នៅ​គ្រា​ដែល​ម្ចាស់​ដើម បាន​បោះបង់​ចោល​អស់​ទៅ​ហើយ ។

លោក សម រ​ង្ស៊ី បន្ត​ថា ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ​នេះ លោក​នឹង​ប្រកាន់ខ្ជាប់​នូវ​និន្នាការ​កម្លាំង​នយោបាយ​របស់​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិ​ច​កាលពី​ឆ្នាំ​១៩៩៣ ដើម្បី​ទាញ​យក​ការ​គាំទ្រ​របស់​ប្រជាជន​កម្ពុជា​ឲ្យ​បាន​ច្រើន ខណៈ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិ​ច​បាន​កែប្រែ និង​លះបង់​ឧត្ដមគតិ​ដើម​របស់​ខ្លួន​ដែល​ប្រជារាស្ដ្រ​ស្រឡាញ់​គាំទ្រ​នោះ ។

លោក​គូសបញ្ជាក់​ថា ឧត្ដមគតិ​ដើម​របស់​គណបក្ស​​ហ្វ៊ុន​ស៊ិន​ប៉ិ​ចទាំង​៤​ចំណុចរួម​មាន ៖
១-​ប្រឆាំង​បរទេស​ឈ្លានពាន
២-​ប្រឆាំង​កុម្មុយនីស្ត​ផ្ដាច់​ការ
៣-​ប្រឆាំង​អំពើ​ពុក​រលួយ
៤-​ការពារ​អ្នក​ក្រីក្រ ការពារ​អ្នក​ទន់ខ្សោយ ការពារ​អ្នក​រង​គ្រោះ ដើម្បី​ផ្ដល់​យុត្ដិធម៌​ជូន​ដល់​ប្រជារាស្ដ្រ ។

ខ្ញុំ​សូម​ពន្យល់​ថា ​ហ្វ៊ុន​ស៊ិន​ប៉ិ​ច​បាន​ផ្ដួចផ្ដើម ប្រកាស​គោល​ជំហរ​ទាំង​៤​ចំណុច​នេះ​ទ្បើ​ង ប៉ុ​ន្តែ​ជាក់ស្ដែង នៅ​ពេល​ទៅ​ធ្វើការ​ក្នុង​រាជរដ្ឋាភិបាល ទៅ​ដឹកនាំ​ប្រទេស​ជាមួយ​គេ បោះបង់​ចោល​។ ដូច្នេះឧត្ដមគតិ​នេះ​នឹង​ផ្សារ​ភ្ជាប់​ហើយ​គាំទ្រ គណបក្ស​​ហ្វ៊ុន​ស៊ិន​ប៉ិ​ច​កាលពី​អាណត្ដិ​ទី​១ មក​គាំទ្រ សម រ​ង្ស៊ី វិញ​» ។

ទោះជា​យ៉ាងណា លោក សម រ​ង្ស៊ី បង្ហាញ​ការ​យល់​ឃើញ​ថា ការ​បោះ​ឆ្នោត​ដែល​ត្រឹមត្រូវ ពិតប្រាកដ និង​យុត្ដិធម៌ គឺ​មាន​តែ​មួយ​គត់​កាលពី​ឆ្នាំ​១៩៩៣ ដែល​គណបក្ស​ឈ្នះ​ឆ្នោត​ហ្វ៊ុន​ស៊ិន​ប៉ិ​ច​ទទួល​បានការ​គាំទ្រ​ពី​ប្រជារាស្ដ្រ​ច្រើន​មែនទែន ដែល​ប្រកាន់​នូវ​គោល​ជំហរ​៤​ចំណុច​របស់​ខ្លួន ។

អ្នកវិភាគ​រំឭក​ថា លោក សម រ​ង្ស៊ី ប្រហែលជា​ភ្លេច​ហើយ​ថា គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិ​ច​ដែល​ឈ្នះ​ឆ្នោត​កាលពី​ឆ្នាំ​១៩៩៣​នោះ ដោយសារ​យក​ព្រះ​កិត្តិនាម​ព្រះ​បរម​រតន​កោដ្ឋ ទៅ​ឃោសនា​ប៉ុ​ណ្ណោះ ហើយ​ការ​ឈ្នះ​នោះ​ក៏​មិន​ច្រើន​លើសលប់​ដែរ ។ ទោះបីជា​បែប​ណា គណបក្ស​ប្រជាជន មិន​បាន​ទទួលស្គាល់​លទ្ធផល​នោះ​ទេ ប៉ុ​ន្តែ​បាន​ព្រមព្រៀង​ក្រោម​ព្រះ​តម្រិះ​ព្រះមហាក្សត្រ សម្តេចឪ ៕