ការស្ទះលូនៅមហាវិថីម៉ៅសេទុងមួយផ្នែកដោយសារការរំលោភលើមាត់អណ្តូងលូ
ដោយ ៖ អប្សរា
ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៧:២៦

ណារិទ្ធ
ការស្តារបូមលាងប្រព័ន្ធលូនៅមហាវិថីម៉ៅសេទុង
រាជធានីភ្នំពេញ ៖ លោកនៅ សារឿន ប្រធានអង្គភាពលូទឹក និងបូមទឹក បានធ្វើការស្តីបន្ទោសទៅលើម្ចាស់សំណង់អគារធំៗ មួយចំនួនក្នុងរាជធានីភ្នំពេញ ដែលច្រើនតែធ្វើសំណង់រំលោភលើប្រព័ន្ធលូ ដោយចាក់ស៊ីម៉ង់ត៍បិទប្រព័ន្ធលូ ឬគាស់កាយសាងសង់ប្រព័ន្ធលូចេញពីផ្ទះរបស់ខ្លួនដោយពុំបានសួរយោបល់ពីអង្គភាពជំនាញ ឬអាជ្ញាធរដែនដីឡើយ គឺធ្វើស្រេចតែចិត្តគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវបណ្តាលឱ្យស្ទះប្រព័ន្ធលូ ឬបែកបាក់អណ្តូងលូដោយគ្មានការ ទទួលខុសត្រូវ ។
លោកប្រធានអង្គភាពលូទឹកបញ្ជាក់ថា អ្នករំលោភគឺមិនមែនប្រជាពលរដ្ឋធម្មតានោះទេ ច្រើនតែម្ចាស់សំណង់អគារធំៗ ឬទីតាំងអាជីវកម្ម កន្លែងខ្លះគេយកកំទេចកំទីសំណង់ចាក់ចូលអណ្តូងលូតែម្តង ។ ដោយមានការណែនាំពីលោកកែប ជុតិមាអភិបាលរាជធានីភ្នំពេញ អង្គភាពលូទឹក និងបូមទឹកកំពុងដំណើរការស្តារ បូមលាងប្រព័ន្ធលូ និងអណ្តូងលូជាង២០០ តាមបណ្តោយមហាវិថីម៉ៅសេទុង ដែលចាប់អនុវត្តតាំងពីថ្ងៃទី២ សីហា និងបញ្ចប់នៅចុងខែកញ្ញានេះ ។
ជាមួយគ្នានេះក៏មានការជួសជុលកែលំអចិញ្ចើមផ្លូវមួយចំនួនដែលបាក់ស្រុត លើកកំពស់ចិញ្ចើមផ្លូវឱ្យបានឯកភាពគ្នាសំរាប់អ្នកថ្មើរជើងធ្វើដំណើរ និងធ្វើឱ្យដងមហាវិថីម៉ៅសេទុងបានស្អាតជាប្រចាំនៅពេលដែលរាជធានីភ្នំពេញត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំធំៗជាច្រើននាពេលឆាប់ៗខាងមុខ ៕