ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្ម​ខកចិត្ត រដ្ឋាភិបាល​ឡាវ​សម្រេច​ជា​ឯកតោភាគី​សាងសង់​ទំនប់​ដ​ន​សា​ហុង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ប្រមាណ​៤០​អង្គការ និង​សហគមន៍ បាន​សម្តែង​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​អន​ម័ត​របស់​សភាជាតិ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លើ​កិច្ចសន្យា​សម្បទាន​របស់​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី ដ​ន​សា​ហុង

រាជធានី​ភ្នំពេញ ៖ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ប្រមាណ​៤០​អង្គការ និង​សហគមន៍ បាន​សម្តែង​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​អន​ម័ត​របស់​សភាជាតិ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លើ​កិច្ចសន្យា​សម្បទាន​របស់​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី ដ​ន​សា​ហុង ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សង្គម​ស៊ី​វិល ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ២១ ខែកញ្ញា បាន​ឲ្យ​ដឹង​ថា ការ​អនុម័ត​ទៅ​លើ​កិច្ចសន្យា​សម្បទាន​របស់​សភាជាតិ​ឡាវ ធ្វើ​ឡើង​ក្នុង​ខណៈ​ពេល​ដែល​សំណូមពរ​ទាំងឡាយ​របស់​ប្រទេស​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ​ទាំង​៣​ប្រទេស (​កម្ពុជា វៀតណាម ថៃ​) ព្រមទាំង​សហគមន៍​ផ្នែក​ខាងក្រោម​នៃ​ទន្លេមេគង្គ និង​អង្គការ​សង្គម​ស៊ី​វិល​នានា មិន​ទាន់​ត្រូវ​បាន​ឆ្លើយ​តប និង​ដោះស្រាយ​ប្រកបដោយ​អត្ថន័យ​នៅឡើយ ផ្អែក​ទៅ​លើ «​នីតិវិធី​សម្រាប់​ការ​ជូនដំណឹង ការពិគ្រោះ​យោបល់​ជា​មុន និង​កិច្ចព្រមព្រៀង (PNPCA)» ចំពោះ​ទំនប់​វា​រី​អគ្គិសនី ដ​ន​សា​ហុង កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៤ និង​មិន​ទាន់​មានការ​ឆ្លើយ​តប​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​កម្ពុជា វៀតណាម និង​ថៃ ដែល​បាន​ដាក់​ជូន​គណៈកម្មការ​ទន្លេមេគង្គ​(MRC) នៅ​ដើមឆ្នាំ ២០១៥ កន្លង​មកនេះ ។

ប្រភព​ដដែល​បន្ត​ថា លើស​ពី​នេះ​ទៅ​ទៀត រដ្ឋាភិបាល​ឡាវ​មិន​បាន​គោរព​ស្មារតី​នៃ​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៥ ដែល​សមាជិក​ទាំង​បួន​នៃ​គណៈកម្មការ​ទន្លេមេគង្គ មាន កម្ពុជា ឡាវ ថៃ និង​វៀតណាម បាន​ឯកភាព​គ្នា​ថា ការ​សម្រេច​ទៅ​លើ​ការពិគ្រោះ​យោបល់​ជា​មុន​នៃ​ទំនប់​វា​រី​អគ្គិសនី​ដែល​កំពុង​ស្នើ​ឡើង​នេះ ត្រូវ​បញ្ជូន​បន្ត​ទៅ​ពិភាក្សា និង​សម្រេច​នៅ​កម្រិត​ក្រុមប្រឹក្សា (Council) ដែល​រួម​មាន​រដ្ឋាភិបាល​កម្រិត​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​បួន ពីព្រោះ​ពួក​គេ​មិន​អាច​ឈាន​ដល់​ការ​ឯកភាព​ជា​រួម​មួយ​ពី​ដំណើរការ​នៃ​គម្រោង​នេះ ។

ជាមួយ​គ្នា​នេះ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​បាន​បន្ត​ស្នើ​សុំ​យ៉ាង​ទទូច ចំពោះ​ការ​អនុម័ត​របស់​សភាជាតិ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លើ​កិច្ចសន្យា​សម្បទាន​របស់​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី ដ​ន សា​ហុង នូវ​ចំណុច​មួយ​ចំនួន​ដូច​ជា ៖

ទី​១-​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​ទាំងឡាយ ពាក់ព័ន្ធ​នឹង​ការ​សាងសង់​ទំនប់ ដ​ន​សា​ហុង ។
ទី​២-​មិន​ត្រូវ​អនុម័ត​លើ​កិច្ចសន្យា​ទិញ​អគ្គិសនី (Power Purchase Agreement) មុន​ពេល​ដែល​បញ្ហា​ឬ​សំណូមពរ​ទាំងឡាយ​របស់​ភាគី​ពាក់ព័ន្ធ​មិន​ទាន់​បាន​ដោះស្រាយ ។
ទី​៣-​កុំ​បន្ត​ឲ្យ​មានការ​ចុះ​កិច្ចសន្យា​ផ្សេង​ទៀត​លើ​គម្រោង​នេះ ដោយ​រួម​បញ្ចូល​ទាំង​កិច្ចព្រមព្រៀង​លទ្ធកម្ម​វិស្វកម្ម​ទំនប់ និង​ការ​សាងសង់ ។
ទី​៤-​ធ្វើការ​សិក្សា​វាយតម្លៃ​ហេតុ​ប៉ះពាល់​ឆ្លង​ដែន ដោយ​ស្ថាប័ន​ប្រឹក្សា​យោបល់​ឯករាជ្យ ដោយ​មានការ​ចូលរួម​ពេញលេញ​ពី​ភាគី​ពាក់ព័ន្ធ (​សហគមន៍​ដែល​នឹង​រង​ផល​ប៉ះពាល់ និង​អង្គការ​សង្គម​ស៊ី​វិល​) ។
ទី​៥-​ជំរុញ​ឱ្យ​មានការ​ជជែក​ដោះស្រាយ និង​ឯកភាព​នូវ​រាល់​សំណូមពរ និង​ក្តី​ព្រួយបារម្ភ​របស់​ភាគី​ពាក់ព័ន្ធ​នានា ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ។
ទី​៦-​រដ្ឋាភិបាល​ទាំងអស់​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ ត្រូវ​ដាក់​សម្ពាធ​តាម​គ្រប់​រូបភាព​ទៅ​លើ​រដ្ឋាភិបាល​ឡាវ ដែល​បាន​ធ្វើការ​សម្រេច​លើ​ការ​បន្ត​គម្រោង​សាងសង់​ទំនប់​ដ​ន​សា​ហុង ជា​ឯកតោភាគី ។

ជា​បន្តបន្ទាប់ ការ​ប្រឆាំង​នឹង​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​បំផុត​តាម​ដង​ទន្លេមេគង្គ​ព្រោះតែ​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ពី​ហានិភ័យ​លើ​ដង​ទន្លេមេគង្គ​ដែល​ហូរ​កាត់​ប្រទេស​កម្ពុជា និង​វៀតណាម ដែល​នៅ​ភាគ​ខាងក្រោម ជា​ពិសេស​ប្រទេស​កម្ពុជា​តែ​ម្តង​ដែល​វា​រី​អគ្គិសនី​នេះ​នៅ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា ។

ទោះបីជា​បែប​ណា ប្រតិកម្ម​ពី​រាជរដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​បង្ហាញ​នូវ​ជំហរ​បែប​ណា​នៅឡើយ​ទេ ។ ក្រុម​អ្នក​អភិរក្ស​ធម្មជាតិ​បាន​បង្ហាញ​ថា បើ​ទំនប់​នោះ​ត្រូវ​បាន​សាងសង់​មែន​នោះ បណ្តា​ជីវចម្រុះ​នានា​នៅ​ទន្លេមេគង្គ​ផ្នែក​ខាងលើ​របស់​កម្ពុជា នឹង​ជួប​គ្រោះ​ហានិភ័យ​មិន​ខាន ៕