ក្រុមហ៊ុនចិនដែលមានទុន៧ពាន់លានដុល្លារស្វែងរកការវិនិយោគនៅកម្ពុជា
ដោយ ៖ អប្សរា
ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:១៤
រាជធានីភ្នំពេញ ៖ លោកអ៊ាង សុផល្លែតជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រាប់ឱ្យដឹងថា លោក WENG LINXIANG ប្រធានក្រុមហ៊ុន CHINA INNER MONGOLIA ERDOS HOUNG JUN Investment Co.,Ltd បានជំរាបសម្តេចនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុនរបស់លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ដើម្បីវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនរបស់លោកគឺជាក្រុមហ៊ុនមួយដ៏ធំក្នុងចំណោមក្រុមហ៊ុន៥០០នៅក្នុងប្រទេសចិន ហើយសព្វថ្ងៃនេះ ក្រុមហ៊ុនមានដើមទុនរហូតដល់ទៅ៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ។
លោកអ៊ាង សុផល្លែត បានប្រាប់ឱ្យដឹងបែបនេះ នាព្រឹកថ្ងៃទី៨ កញ្ញា ក្នុងឱកាសដែលប្រតិភូក្រុមហ៊ុន CHINA INNER NONGOLIA ERDOS HOUNG JUN Investment Co.,Ltd ដឹកនាំដោយលោក WENG LINXIANG ប្រធានក្រុមហ៊ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការពីវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅភូមិគ្រឹះក្បែរវិមានឯករាជ្យ ។ លោកបន្តថា ក្រុមហ៊ុនរបស់លោកវិនិយោគលើវិស័យរ៉ែ ធ្យូងថ្ម អគ្គិសនី គីមី អាលុយមីនីញ៉ូម... ។ ដោយឡែកនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រុមហ៊ុនរបស់លោកមានបំណងវិនិយោគនៅលើវិស័យ៣ ទី១-បំណងបង្កើតរោងចក្រអគ្គិសនីនៅទីក្រុងព្រះសីហនុដែលអាចផលិតថាមពលអគ្គិសនីបានរហូតដល់ទៅ៧០០មេហ្គាវ៉ាត់ ។ ការវិនិយោគនេះនឹងចាប់ផ្តើមជាដំណាក់ៗតាមសេចក្តីត្រូវការរបស់ព្រះរាជាណាចក្រកម្ពុជា ។ ទី២-ការវិនិយោគលើវិស័យអចលនវត្ថុ និងទី៣-ការវិនិយោគលើវិស័យរ៉ែ អាលុយមីនីញ៉ូម ដោយនាំយកវត្ថុធាតុដើមនាំមកពីក្រៅ ដើម្បីផលិតឱ្យទៅជាផលិតផលសំរេចសំរាប់ការប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាផង និងសំរាប់ការនាំចេញផង ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋ មន្ត្រីហ៊ុន សែន បានស្វាគមន៍ចំពោះការវិនិយោគទាំង៣នេះ ។ សម្តេចមានប្រសាសន៍ថា ការវិនិយោគនេះមានសារសំខាន់ណាស់ព្រោះថា វាជាការចូលរួមចំណែកនៅក្នុងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ។ ពាក់ព័ន្ធទៅនឹងការវិនិយោគលើវិស័យថាមពលអគ្គិសនីក៏ដូចជាវិស័យរ៉ែអាលុយមីនីញ៉ូមនោះ សម្តេចបានណែនាំឱ្យក្រុមហ៊ុនធ្វើការពិភាក្សាលំអិតជាមួយនឹងលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងធ្វើការជាមួយស្ថាប័នដទៃទៀត ដើម្បីធ្វើយ៉ាងណាជំរុញការវិនិយោគនេះឱ្យបានជោគជ័យ ៕