ប៉ូលិសកំពុងស្វែងរកមុខសញ្ញាបន្តទៀត បន្ទាប់ពីចាប់បានជនសង្ស័យ២នាក់ក្នុងសកម្មភាពប្លន់យុវនារីកូនអ្នកមាន
ដោយ ៖ ប្រុសកោះ
ថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៣:៣២
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចតាមប្រមាញ់ពីបទប្លន់យុវនិស្សិតស្រីកូនអ្នកមានម្នាក់នៅមុខកូនផ្សារទំនើប (ម៉ាត) នៃស្ថានីយប្រេងតេលា ត្រូវបានចាប់ខ្លួននៅក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ហើយសមត្ថកិច្ចកំពុងតាមប្រមាញ់បក្សពួករបស់គេប្រមាណ២ទៅ៣នាក់ជាបន្តទៀត ។ ការចាប់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៤ កញ្ញា ២០១០ នៅក្បែរច្រកព្រំដែនកម្ពុជា-វៀតណាម ស្រុកគិរីវង់ ខេត្តតាកែវ ខណៈពួកគេបានបើករថយន្តរបស់យុវនារីរងគ្រោះយកទៅប្លុងចោលនៅទីនោះ ។ រថយន្តរបស់យុវនារីរងគ្រោះម៉ាកកាមរី ស៊េរី២០០២ (បាឡែន) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2G-9228 ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត រួចហើយបញ្ជូនទៅកាន់រាជធានីភ្នំពេញ ដើម្បីឱ្យសមត្ថកិច្ចព្រហ្មទណ្ឌក្រុងជាអ្នកគ្រប់គ្រង ព្រោះទីនោះជាដើមចមនៃអំពើប្លន់ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣ កញ្ញា ២០១០ យុវនិស្សិតស្រីម្នាក់ឈ្មោះអ៊ិត សុជាតា អាយុ១៩ឆ្នាំ រៀននៅវិទ្យាស្ថានគ្រប់គ្រង មានឪពុកឈ្មោះអ៊ិត សុថារ៉ា ជាមន្ត្រីរាជការថ្នាក់គ្រាន់បើម្នាក់ ត្រូវចោរមួយក្រុមមានគ្នាៗប្រមាណ៤ទៅ៥នាក់ ប្រដាប់ដោយកាំភ្លើងខ្លី ប្លន់យករថយន្ត និងចាប់នាងបញ្ចូលរថយន្តបើកចេញទៅភាគខាងលិចរាជធានីភ្នំពេញ ។ អំពើប្លន់នោះបានកើតឡើង ខណៈនាងអ៊ិត សុជាតា ចេញពីរៀន ហើយចូលទៅរកទិញចំណីអាហារនៅកូនផ្សារទំនើប (ម៉ាត) នៃស្ថានីយប្រេងតេលា លើដងមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក គឺពេលនោះក្រុមចោរបានដកកាំភ្លើងខ្លីភ្ជង់នាងច្រានបញ្ចូលក្នុងរថយន្តកាមរីស៊េរី២០០២ (បាឡែន) របស់នាងជិះចេញទៅភាគខាងលិចរាជធានី បាត់ស្រមោល ។
ប៉ុន្មានម៉ោងក្រោយមក ប្រហែលម៉ោង១១យប់ថ្ងៃដដែល ប្រជាពលរដ្ឋបានប្រទះឃើញនាងសុជាតា នៅក្បែរគុម្ពោតព្រៃមួយតាមផ្លូវលំ ស្ថិតក្នុងភូមិប្រាសាទ ឃុំស្នោ ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយរាយការណ៍ជូនសមត្ថកិច្ចធ្វើអន្តរាគមន៍នាំយកនាងទៅកាន់រាជធានីភ្នំពេញជូនក្រុមគ្រួសារវិញ ។ នៅកន្លែងដែលក្រុមចោរទម្លាក់យុវនារីរងគ្រោះចោល គេសង្កេតឃើញនាងសុជាតា ដៃជើងត្រូវជាប់ខ្នោះ លើដងខ្លួនមានរងរបួសដោយសារការវាយដំ ចំណែកគ្រឿងអលង្ការមានចិញ្ចៀន ក្រវិល ខ្សែ.កពេជ្រ និងទូរស័ព្ទ៣គ្រឿង ព្រមទាំងរថយន្តទំនើបរបស់នាងផង ត្រូវចោរយកជិះរត់គេចខ្លួនទៅបាត់អស់ ៕