ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ហុងកុង​ចាប់ផ្តើម​ធ្វើការ​ហោះហើរ​ត្រង់​មក​កាន់​ទឹកដី​អង្គរ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង HK Express បើក​ការ​ហោះហើរ​ត្រង់​ដំបូង​របស់​ខ្លួន​មក​កាន់​ខេត្តសៀមរាប ដើម្បី ពង្រីក​ផ្លូវ​ហោះហើរ​ថ្មី និង​ត​ភ្ចា​ប់​បណ្តាញ​ដឹក​ជញ្ជូន​ផ្លូវអាកាស​រវាង​ទីក្រុង​ហុងកុង​-​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង HK Express បើក​ការ​ហោះហើរ​ត្រង់​ដំបូង​របស់​ខ្លួន​មក​កាន់​ខេត្តសៀមរាប ដើម្បី ពង្រីក​ផ្លូវ​ហោះហើរ​ថ្មី និង​ត​ភ្ចា​ប់​បណ្តាញ​ដឹក​ជញ្ជូន​ផ្លូវអាកាស​រវាង​ទីក្រុង​ហុងកុង​-​កម្ពុជា និង​កម្ពុជា​-​ហុងកុង ដែល​ជា​កាតាលីករ​ជំរុញ​នូវ​សក្ដានុពល​សេដ្ឋកិច្ច​រវាង​ទីក្រុង​ទាំង​ពីរ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា វត្តមាន​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ HK Express មក​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​នា​ពេល​នេះ គឺ​ឈាន​មួយ​ជំហាន​ទៀត​ក្នុង​កា​រត​ភ្ជាប់​របស់​ខ្លួន​ពី​ហុងកុង​-​សៀមរាប និង​សៀមរាប​-​ហុងកុង ដែល​ជា​ការ​ហោះហើរ​ប្រចាំ​ថ្ងៃ ក្នុង​នោះ​ក្រុមហ៊ុន​អាកាសចរណ៍​Dragonair ក៏​ប្រតិបត្តិការ​ហោះហើរ​ដូច​ទៅ​នឹង​HK Express ដែរ ។

លោក Bruno Désveaux ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​មាន​ប្រសាសន៍​ថា ៖ « យើង​ត្រេកអរ​នឹង​ស្វាគមន៍​ការ​មក​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ HK Express ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ដឹក​ជញ្ជូន​ដែល​មាន​តម្លៃ​ទាប និង​រហ័ស​នៅ​ក្នុង​តំបន់ ។ នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​ក្នុង​ការ​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​មក​កាន់​ខេត្តសៀមរាប ដែល​ជា​គោលដៅ​ទេសចរណ៍​មួយ​របស់​កម្ពុជា ។ ក្នុង​ពេល​ថ្មី​ៗ​នេះ ទីក្រុង​សៀមរាប​ត្រូវ​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១​ចំពោះ​ការ​ធ្វើ​ដំណើរ​មក​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​នៅ​ជុំវិញ​ពិភពលោក ដែល​វាយតម្លៃ​ដោយ Lonely Planet ហើយ​ក៏​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២​ជា​តំបន់​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក ដោយ​គេហទំព័រ​TripAdvisor ផង​ដែរ » ។

លោក Sherman Luk អ្នកគ្រប់គ្រង​ទូទៅ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​របស់​ក្រុមហ៊ុន​HK Express មាន​ប្រសាសន៍​ក្នុង​ពិធី​ស្វាគមន៍​ក្រុមហ៊ុន​អាកាសចរណ៍​HK Express ដែល​បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថា HK Express បាន​ចំណាយពេល​ជិត​២​ឆ្នាំ​ដើម្បី​ត​ភ្ចា​ប់​ការ​ដឹក​ជញ្ជូន​ផ្លូវអាកាស​រវាង​ហុងកុង​និង​សៀមរាប​អង្គរ​នេះ ។

លោក Sherman Luk បញ្ជាក់​ថា ៖ «​យើង​នាំ​នូវ​ក្តី​សង្ឃឹម​ជូន​អតិថិជន​ជា​អ្នកដំណើរ​នៅ​កម្ពុជា និង​នៅ​ហុងកុង ជាមួយនឹង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ហុងកុង​-​សៀមរាប សៀមរាប​-​ហុងកុង ក្នុង​តម្លៃ​មួយ​ដ៏​សមរម្យ ដោយ​ក្នុង​ស​ប្តា​ហ៍​ដំបូង​នៃ​ការ​សម្ពោធ​នេះ តម្លៃ​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ HK Express ត្រឹមតែ​៣៥​ដុល្លារ​ប៉ុណ្ណោះ ដែល​មាន​ចំនួន​៣​ជើង​ក្នុង​មួ​យស​ប្តា​ហ៍ គឺ​ថ្ងៃ​អង្គារ ព្រហស្បតិ៍ និង​ថ្ងៃអាទិត្យ » ។

លោក កៅ ស៊ី​វន អគ្គនាយក​ទទួល​បន្ទុក​ផ្នែក​បច្ចេកទេស​នៃ​រដ្ឋ​លេខា​ដ្ឋា​ន​អាកាស​ចរ​ស៊ី​វិល​កម្ពុជា​មាន​ប្រសាសន៍​ថា វា​ជា​ឱកាសល្អ​សម្រាប់​ប្រទេស​កម្ពុជា​ចំពោះ​វត្តមាន​ថ្មី​របស់​ក្រុមហ៊ុន​អាកាសចរណ៍ HK Express មក​កម្ពុជា ។ លោក​បន្ត​ថា វត្តមាន​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​នេះ សបញ្ជាក់​អំពី​ការ​កើនឡើង​នៃ​វិស័យសេដ្ឋកិច្ច និង​វិស័យ​ទេសចរណ៍ ។ លោក​ស៊ី​វន បាន​មាន​ប្រសាសន៍​បន្ថែម​ថា ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​នេះ​បាន​សិក្សា​យ៉ាង​ល្អិតល្អន់​ទាក់ទង​នឹង​លំហូរ​នៃ​ភ្ញៀវ​ទេសចរ លំហូរ​សេដ្ឋកិច្ច និង​ទីផ្សារ មុន​ធ្វើការ​ចាប់ផ្តើម​ហោះហើរ​មក​កម្ពុជា ។

លោក កៅ ស៊ី​វន បញ្ជាក់​ថា ៖ « យើង​ដឹង​ហើយ​ថា សេដ្ឋកិច្ច​របស់​យើង​ក៏​ទាក់ទង​គ្នា​ច្រើន​ដែរ​ជាមួយនឹង​ហុងកុង អុ​ី​ចឹ​ង​វត្តមាន​របស់ HK Express ជា​ដំណឹង​ល្អ និង​បង្ហាញ​ពី​ការ​រីក​ចម្រើន​របស់​កម្ពុជា ពីព្រោះ​គេ​យល់​ថា​កន្លែង​ហ្នឹង​គេ​អាច​រកស៊ី​បាន គេ​មក​ហើយ គេ​មាន​ទំនុកចិត្ត​លើ​សេដ្ឋកិច្ច និង​ការ​រីក​ចម្រើន​របស់​កម្ពុជា » ។
លោក អាង គឹ​ម អៀង ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា បាន​ប្រាប់​កោះសន្តិភាព​ថា ការ​ហោះហើរ​ថ្មី​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍ច្រើន​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​ការ​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា ពីព្រោះ​ហុងកុង គឺជា​ទីក្រុង​ធំ​មួយ​របស់​ចិន ជា​ពិសេស HK Express ជា​ក្រុមហ៊ុន​អាកាសចរណ៍​មាន​តម្លៃ​ទាប អីុចឹ​ង អាច​ទាក់ទាញ​ភ្ញៀវ​មក​ច្រើន ។

លោក អាង គឹ​ម អៀង មាន​ប្រសាសន៍​បញ្ជាក់​ថា ៖ « ប្រជាជន​ហុងកុង​ចូល​ចិត្ត​ដើរ​លេង​ខាងក្រៅ​ច្រើន ហើយ​គាត់​ចូល​ចិត្ត​ចាយវាយ​ច្រើន​ដែរ ។ ជា​ទូទៅ ពួក​គាត់​មក​លេង​ចាប់ពី​៣​ទៅ​៤​យប់ ហើយ​ការ​ហោះហើរ​ត្រង់នេះ នឹង​ទាក់ទាញ​ភ្ញៀវ​ហុងកុង​មក​ច្រើន និង​សម្រួលការ​ធ្វើ​ដំណើរ​ពី​កម្ពុជា​ទៅ​ហុងកុង​ផង​ដែរ » ។

លោក ស្រី ច​ន្ធី អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​ថា លោក​ស្វាគមន៍​ចំពោះ​ការ​ហោះហើរ​ត្រង់​ពី​ហុងកុង​មក​កាន់​កម្ពុជា ។ លោក​បន្ត​ថា ក្រុមហ៊ុន​នឹង​មាន​សមត្ថភាព​ក្នុង​បម្រើ​ជូន​ភ្ញៀវ​ទេសចរ​ដែល​ធនធាន និង​ធុរជន​មក​ពី​ទីក្រុង​ហុងកុង ខណៈ​ពេល​ដែល​ទីក្រុង​ហុងកុង​មាន​អា​ត្រា​ប្រជាជន​ច្រើន​ជាង​ស​ង្ហិ​បុរី​ប្រមាណ​ជា​៣០​ភាគរយ ហើយ​ប្រជាជន​ហុងកុង ក៏​ជា​អ្នកមាន​ច្រើន​ដែរ បើ គិត​ជា​មធ្យម ។

លោក ស្រី ច​ន្ធី មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ « ដោយសារ​តែ​ការ​ហោះហើរ​ត្រង់ ខ្ញុំ​គិត​ថា ភ្ញៀវ​ទេសចរ​និង​ធុរជន​ជា​ច្រើន​នឹង​មក​កម្ពុជា ចំពោះ​វិស័យ​ទេសចរណ៍ គឺថា​កម្ពុជា​មាន​តំបន់​ទេសចរណ៍​រាប់រយ​កន្លែង រួម​មាន​ប្រាសាទ​ជាដើម ចំពោះ​វិស័យ​ធុរកិច្ច កម្ពុជា​គឺជា​ចំណុចកណ្តាល​នៃ​អាស៊ាន គួប​ផ្សំ​នឹង​ប្រាក់​កម្រៃ​កម្មករ នៅ​ទាប ធនធាន​មនុស្ស​មាន​ច្រើន វិស័យសេដ្ឋកិច្ច​គឺ​បើក​ទូលាយ គ្មាន​ការ​កេង​វ័​ញ្ច ទីតាំង​ភូមិសាស្ត្រ​អំណោយផល គ្មាន​គ្រោះ​ធម្មជាតិ វា​គឺជា​ទីផ្សារ​យ៉ាង​ធំ » ។

បើ​ទោះបីជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន​ធ្វើការ​ហោះហើរ​ត្រង់​ទៅ​កាន់​តំបន់​សៀមរាប​អង្គរ ដោយ​មិន​ឆ្លងកាត់ ឬ​ឈប់​សំចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ក៏​ដោយ ក៏​ប្រទេស​កម្ពុជា​មិន​ខាតបង់​អ្វី​ដែរ ទៅ​លើ​វិស័យ​សេដ្ឋកិច្ចជាតិ ។ នេះ​បើ​តាម​ប្រសាសន៍​លោក កៅ ស៊ី​វន អគ្គនាយក​ទទួល​បន្ទុក​ផ្នែក​បច្ចេកទេស​នៃ​រដ្ឋ​លេខា​ដ្ឋា​ន​អាកាស​ចរ​ស៊ី​វិល​កម្ពុជា ។

លោក​ស៊ី​វន​បញ្ជាក់​ថា ៖ « គំនិត​ដែល​ថា​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ មុន​នឹង​បន្តដំណើរ​ទៅ​កាន់​ខេត្តសៀមរាប​គឺជា​គំនិត​ហួស​សម័យ វា​អត់​អី​ទេ យើង​គិត​ជើង​ហោះ​ហើរ​ក្នុងស្រុក អីុចឹ​ង ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក វា​មិន​មាន​ន័យ​ថា​សម្លាប់​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ​ហោះ​ពី​មុន​នោះ​ទេ សំខាន់​គេ​ចង់បាន​ជើងហោះហើរ​ថ្មី​ៗ​ទៀត ដែល​ជិះ​តិចតួច គេ​បង្កើន ជើង​នោះ​វិញ បញ្ហា​ចុះ​សៀមរាប មិន​បាន​ន័យ​ថា សេដ្ឋកិច្ច​យើង​ត្រូវ​ថយ ឬ​ក៏​មិន​បាន​ចុះ​ភ្នំពេញ យើង​មិន​បាន​ពន្ធ​ព្រ​លាន​នោះ​ទេ អីុ​ចឹ​ង កំណើន​ទេសចរ​និង​សេដ្ឋកិច្ច​វា​អត់​ចុះ​ទេ ឲ្យ​តែ​ចុះ​ទៅ​ច្រើន វា​កាន់តែ​ល្អ ពីព្រោះ​ទិស​ដៅ​វា​ខុស​គ្នា អ្នកខ្លះ​គេ​ចង់​មក​ទស្សនា​អង្គរវត្ត ប្រាសាទ​ទាំងអស់ គេ​ត្រូវ​តែ​ទៅ​សៀមរាប នៅ​ភ្នំពេញ​គេ​មាន​ទិស​ដៅ​ផ្សេង​ៗ » ។

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​ក៏​មាន​សុទិដ្ឋិនិយម លើ​បញ្ហា​នេះ​ដែរ​ថា វា​មិន​មាន​អ្វី​ជា​បញ្ហា​ចោទ​នោះ​ទេ​ចំពោះ​ការ​ដែល​មានការ​ហោះហើរ​ត្រង់​ទៅ​កាន់​សៀមរាប ឬ​ខេត្ត​ព្រះ​សីហ​នុ ដរាបណា​វា​អាច​បង្កើន​ឲ្យ​សេដ្ឋកិច្ច​លូតលាស់ នេះ​គួរតែ​ស្វាគមន៍ ។

លោក​បញ្ជាក់​ថា ៖ « អ្វី​ដែល​ខ្ញុំ​ព្រួយបារម្ភ​គឺថា សំឡេង​និង​រលក​សំឡេង​ញ័រ​ចេញពី​យន្តហោះ អាច​នឹង​ប៉ះពាល់​ដល់​ប្រាសាទ​នៅ​ក្នុង​ខេត្តសៀមរាប បើសិនជា​អាច គួរតែ​រៀបចំ​អាកាសយានដ្ឋាន​ឲ្យ​ឆ្ងាយ​ពី​ឧ​ស្យា​ន​ប្រវត្តិសាស្ត្រ​អង្គរ និង​ប្រាសាទបុរាណ » ។

គួរ​បញ្ជាក់​ដែរ​ថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​បាន​ទទួល​អ្នកដំណើរ​ចំនួន​៣​លាន​នាក់​កាលពី​ឆ្នាំ​២០១៣ ដោយ​មាន​កំណើន ១៣​ភាគរយ និង​ឆ្នាំ​២០១៤​មាន​អ្នកដំណើរ​ចំនួន​៥​លាន​នាក់ ក្នុង​នោះ​ច្រក​រង់ចាំ និង​ចេញដំណើរ​ថ្មី ក្នុង​អាកាសយានដ្ឋាន​ដែល​បាន​និង​កំពុង​ពង្រីក​បន្ថែម រំពឹង​ថា នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ជិត​ពាក់កណ្តាល​ឆ្នាំ​២០១៦ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ៕