ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ចាម​បន្ត​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដូច​ភ្លៀងរលឹម

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ដោយ​អនុវត្ត​តាម​បញ្ជា​របស់​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​រដ្ឋបាល​ជលផល​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​នោះ​មាន​អធិការដ្ឋាន​ជលផល​មេគង្គ, សហគមន៍​នេសាទ ព្រមទាំង​សមត្ថ​កិច្ច​ពាក់ព័ន្ធ​

ខេត្តកំពង់ចាម ៖ ដោយ​អនុវត្ត​តាម​បញ្ជា​របស់​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​រដ្ឋបាល​ជលផល​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​នោះ​មាន​អធិការដ្ឋាន​ជលផល​មេគង្គ, សហគមន៍​នេសាទ ព្រមទាំង​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ស្ថិត​នៅ​ចំណុច B6 ស្ថិត​ក្នុងស្រុក​កងមាស ខេត្តកំពង់ចាម ពេញ​មួយ​ថ្ងៃ​ទី​១ កញ្ញា ២០១៥ ក្នុង​នោះ​រឹបអូស​ទូក​នេសាទ​ល្មើសច្បាប់​២​គ្រឿង​, លូ​ស្បៃ​មុង​ចំនួន​៩៣​មាត់​,  របាំង​ស្បៃ​មុង​ប្រវែង​៤៦៥០​ម៉ែត្រ​, បង្គោល​១៣៩៥​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់​៣៥០​គីឡូក្រាម​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​ផង​ដែរ ។

លោក អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​រដូវ​បិទ​នេសាទ​នេះ​ត្រូវ​បាន​លោក អេ​ង ជា​សាន ទទួល​បន្ទុក​រដ្ឋបាល​ជលផល​បាន​ឲ្យ​រូប​លោក​ត្រូវ​បន្ត​ដឹកនាំ​កម្លាំង​មន្ត្រី​ក្រោម​ឱវាទ​បន្ត​ចុះ​បង្ក្រាប​ទ​ល្មើស​នេសាទ​នៅ​តាម​បឹងបួរ​នានា​ជា​អតីត​ឡូត៍​នេសាទ​ជាប់​តាម​ដង​ទន្លេមេគង្គ ពិសេស​ក្រុម​ជនខិលខូច​ដែល​តែង​លួច​នេសាទ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​នោះ ។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បន្ត​ថា ចាប់តាំងពី​រដូវ​បិទ​នេសាទ​ដែល​ត្រូវ​បាន​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ មិថុនា ២០១៥  រហូត​មក​ដល់​ពេល​នេះ កម្លាំង​ជំនាញ​រដ្ឋបាល​ជលផល​ខេត្ត​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​បានជា​ហូរហែរ ។ ជាក់ស្តែង​កន្លង​ទៅ​ថ្មី​ៗ​នេះ​ប្រធាន​រដ្ឋបាល​ជលផល​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងស្រុក​កងមាស ដែល​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយ​រឹបអូស​បាន​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ជា​ច្រើន រួច​បាន​ដុត​កំទេច​ចោល និង​ចាក់​លែង​កូន​ត្រី​ជា​ច្រើន​រយ​គីឡូក្រាម​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ ។

លោក​បន្ថែម​ទៀត​ថា ដោយ​កម្លាំង​សហគមន៍​នេសាទ B6 បាន​រាយការណ៍​មក​រូប​លោក (​អ៊ុ​ក ណា​រិ​ន ) ថា​មាន​ក្រុម​អ្នក​ខិលខូច​បាន​បន្ត​លួច​ដាក់​ឧបករណ៍​នេសាទ​ខុសច្បាប់​ចាប់​ត្រី​តូច​-​ធំ​គ្រប់​ប្រភេទ​នៅ​ត្រង់​ចំណុច​តំបន់ B6  ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា រូប​លោក ក៏​ដូច​ជា​លោកនាយ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ជា​បន្ទាន់​តែ​ម្តង ។

លោក អ៊ុ​ក ណា​រិ​ន បញ្ជាក់​ទៀត​ថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន លូ​ស្បៃ​មុង​ចំនួន​៩៣​មាត់​, របាំង​ស្បៃ​មុង​ប្រវែង​៤៦៥០​ម៉ែត្រ ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​, បង្គោល​១៣៩៥​ដើម ត្រូវ​បាន​កាប់​បំផ្លាញ​ចោល និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​៣៥០​គីឡូក្រាម ។

ជាមួយ​គ្នា​នោះ​ដែរ រូប​លោក​នឹង​បន្ត​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​ឲ្យ​បាន​ដូច​ភ្លៀងរលឹម សូម​ឲ្យ​បងប្អូន​ដែល​កំពុង​តែ​លួច​នេសាទ​ល្មើស​ច្បាប់ មេត្តា​ងាក​មក​ប្រើប្រាស់​របស់​ស្របច្បាប់​វិញ ដើម្បី​ថែរក្សា​និរន្ត​ភាព​ពពួក​មច្ឆជាតិ​ឲ្យ​នៅ​គង់វង្ស​យូរអង្វែង ៕