ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​រត​ភ្ជាប់​កំណាត់​ផ្លូវដែក​កម្ពុជា​-​ថៃ​នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ​នេះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​បញ្ចប់ គម្រោង​សាងសង់​ផ្លូវដែក​ដែល​ត​ភ្ចា​ប់​ពី​ខេត្តបន្ទាយមានជ័យ​ទៅ​ដល់​ខេត្ត​ស្រះ​កែវ នៃ​ប្រទេស​ថៃ​នា​ចុងឆ្នាំ​នេះ ដើម្បី​សម្រួល​ដល់​ផែនការអភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​បញ្ចប់ គម្រោង​សាងសង់​ផ្លូវដែក​ដែល​ត​ភ្ចា​ប់​ពី​ខេត្តបន្ទាយមានជ័យ​ទៅ​ដល់​ខេត្ត​ស្រះ​កែវ នៃ​ប្រទេស​ថៃ​នា​ចុងឆ្នាំ​នេះ ដើម្បី​សម្រួល​ដល់​ផែនការអភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ ។ នេះ​បើ​យោង​តាម​មន្ត្រី​ទទួល​ផ្នែក​ផ្លូវដែក​កម្ពុជា ។

លោក លី បូ​រិ​ន នាយក​នៃ​នាយកដ្ឋាន​ផ្លូវដែក​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កម្ពុជា បាន​ប្រាប់​កោះសន្តិភាព​កាលពី​ថ្ងៃ​ទី​៣១ សីហា ថា កំណាត់​ផ្លូវដែក​ដែល​មាន​ចម្ងាយ​៤២​គីឡូម៉ែត្រ​ពី​ក្រុង​សិរី​សោភ័ណ ដល់​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ ។ ដោយឡែក ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​និង​កំពុង​រៀបចំ​ដាក់​ឲ្យ​ដេញថ្លៃ​សាងសង់​នូវ​ផ្លូវដែក​ដែល​មាន​ចម្ងាយ​៦​គីឡូ ម៉ែត្រ​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ទៅ​ភ្ជាប់​នឹង​ស្ថានីយ​អារញ្ញ​ប្រា​ថេ​ត​ក្នុង​ខេត្ត​ស្រះ​កែវ​របស់​ថៃ​នា​ចុងឆ្នាំ​នេះ ។

លោក លី បូ​រិ​ន មាន​ប្រសាសន៍​បញ្ជាក់​ថា ៖ « យើង​កំពុង​ប្រើប្រាស់​ថិ​វិកា​ជាតិ​ដើម្បី​សាងសង់​ផ្លូវដែក​នៅ​ខេត្តបន្ទាយមានជ័យ ក្នុង​នោះ​ក្រសួង​ហិរញ្ញវត្ថុ​ទម្លាក់​លុយ​ឲ្យ​តែ​២០​លាន​ដុល្លារ​ទេ យើង​សាងសង់​បាន​៤២​គីឡូម៉ែត្រ​ហើយ នៅ​តែ​៦​គីឡូ​ម៉ែ​ត​ទៀត​ទេ នឹង​ភ្ជាប់​ប្រទេស​ថៃ​ហើយ » ។

លោក បូ​រិ​ន មាន​សុទិដ្ឋិនិយម​ថា ការ​ដែល​មាន​ផ្លូវដែក​ត​ភ្ចា​ប់​ពី​កម្ពុជា​ទៅ​ថៃ នឹង​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ ដោយ​មិន​មានការ​កក់ស្ទះ និង​មិន​ចាំបាច់​ផ្ទេរ​ទំនិញ​ពី​ថៃ​មក​កម្ពុជា ។ លោក​បន្ត​ថា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវជាតិ​គឺ​កំពុង​ជួប​បញ្ហា​ប្រឈម ដោយសារ​តែ​ការ​ដឹក​លើស​ទម្ងន់ បណ្តាល​ឲ្យ​ផ្លូវជាតិ​រង​ការ​ខូ​ត​ខាត និង​ចំណាយ​ថិ​វិកា​ជាតិ​ច្រើន​ក្នុង​ការ​ជួសជុល​ឡើង​វិញ ។

អភិបាល​ខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំ​សា​រឿ​ត មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​ថា កា​រត​ភ្ចា​ប់​ផ្លូវដែក​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ ពិតជា​មាន​សារសំខាន់ ។ ក្នុង​នោះ លោក​បាន​បញ្ជាក់​ថា វា​ជា​កា​រត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ពី​ខេត្តបន្ទាយមានជ័យ​ទៅ​កំពង់​ផែ​ទឹក​ជ្រៅ​របស់​ប្រទេស​ថៃ ។

លោក​អភិបាលខេត្ត​មាន​ប្រសា​សស៍​បញ្ជាក់​ថា ៖ « យើង​ប្រើប្រាស់​ផ្លូវដែក​បាន​លឿន​ដោយ​បម្រើ​ផល​ជា​ច្រើន​ដល់​ការ​ដឹក​ជញ្ជូន​ដល់​ការ​នាំ​ចេញ​បន្ត ពីព្រោះ​យើង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ចំនួន ហើយ​ផ្លូវដែក​នេះ យើង​នឹង​នាំ​ផលិតផល​ចេញពី​តំបន់​សេដ្ឋកិច្ច​ទៅ​ប្រទេស​ថៃ និង​រោងចក្រ​បន្ត​ទៀត ។ យើង​មិន​ទាន់​បាន​ប្រើប្រាស់​នូវ​ផ្លូវដែក​របស់​យើង​នៅឡើយ​ទេ ផ្លូវដែក​របស់​យើង​ពី​ក្រុង​សិរី​សោភ័ណ ទៅ​ប៉ោយ​ប៉ែ​ត​ក៏​មិន​ទាន់​ដំណើរ​បាន ព្រោះ​វា​ដាច់​មួយ​កំណាត់ វា​នៅ​សល់​៦​គីឡូម៉ែត្រ​ទៀត ទើប​អាច​ភ្ជាប់​ទៅ​ព្រំដែន​ថៃ​បាន » ។

លោក​អភិបាលខេត្ត​បន្ត​ថា ទំនិញ​ដែល​នាំ​ចេញ​ទៅ​ថៃ​មាន​ច្រើន​ដូច​ជា ស្រូវ អង្ករ ដំឡូង ពោត សម្លៀក​បំពាក់ ស្បែកជើង និង​គ្រឿងបន្លាស់​រថយន្ត​ជាដើម ដែល​យក​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស ។

លោក ស្រី ច​ន្ធី អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​បាន​មាន​ប្រសាសន៍​ថា កា​រត​ភ្ចា​ប់​ឡើង​វិញ​នូវ​ផ្លូវដែក​រវាង​ប្រទេស​ថៃ​និង​កម្ពុជា គឺជា​រឿង​ល្អ​សម្រាប់​អ្នក​វិនិយោគិន និង​សម្រាប់​សហគមន៍ ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​សមាហរណកម្ម​អាស៊ាន ។

លោក​បន្ត​ទៀត​ថា ផ្លូវដែក​នឹង​កាត់​បន្ថយ​នូវ​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​បាន​យ៉ាង​សំខាន់​។ ច្បាស់​ណាស់ វា​នឹង​បង្កើន​សកម្មភាព​ជំនួញ​និង​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ថៃ ។ ប៉ុន្តែ ចាប់តាំងពី​កម្ពុជា​មិន​មាន​អ្វី​ច្រើន​ក្នុង​ការ​នាំ​ចេញ លើកលែងតែ​កសិផល​ដើម​ដែល​មាន​ប្រភព​ចេញពី​កសិកម្ម ដូចនេះ​ទំនិញ​កែ​ច្នៃ​នឹង​ហូរ​មក​ពី​ប្រទេស​ថៃ​វិញ ។

កម្ពុជា​ប្រហែលជា​អាច​នាំ​ចេញ​ត្រឹមតែ​ទំនិញ​វត្ថុធាតុដើម ដែល​យក​ចេញពី​កសិកម្ម​ទៅ​ថៃ​នៅ​ពេល​ដ៏​ខ្លី​នេះ រហូត​ដល់​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ចូល​ជា​ធរមាន ។

លោក ស្រី ច​ន្ធី មាន​ប្រសាសន៍​បញ្ជាក់​ថា ៖ « ពលករ​ចំណាកស្រុក​ដែល​ទៅ​ធ្វើការ​នូវ​ប្រទេស​ថៃ​អាច​ទទួលយក​សេវា​រថភ្លើង​ទៅ​វិញ​ទៅ​មក​ពី​ប្រទេស​ថៃ​មក​កម្ពុជា ដោយសារ​តែ​វា​មាន​តម្លៃ​ថោក ហើយ​អ្នកទេសចរ​ជា​ច្រើ​នឹង​មក​កាន់​កម្ពុជា ពី​ប្រទេស​ថៃ​តាម​សេវាកម្ម​រថភ្លើង នេះ​គឺជា​អ្វី​ដែល​យើង​រំពឹង​ទុក​ផង​ដែរ ។ អ្នកទេសចរ​ទាំងអស់​នោះ អាច​ជា​ជនជាតិ​ថៃ ចិន ម៉ា​ឡេ​ស៊ី និង​ភ្ញៀវ​ប៉ែក​អឺរ៉ុប » ។

លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍ កាលពី​ស​ប្តា​ហ៍ មុន​ថា កា​រត​ភ្ចា​ប់​ផ្លូវដែក​នេះ​នឹង​សម្រួល​ដល់​គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច ពិសេស​រវាង​ប្រទេស​ប្រទេស​ទាំង​ពីរ និង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ Dawei នា​ពេល​អនាគត ។

លោកនាយក​រដ្ឋមន្ត្រី​ថៃ មាន​ប្រសាសន៍​បញ្ជាក់​ថា ៖ « ប្រទេស​ថៃ​កំពុង​សម្លឹង​មើល​នូវ​កា​រត​ភ្ចា​ប់​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ការ​ស្ថាបនា​ឡើង​វិញ ដើម្បី​ឲ្យ​ដំណើរការ​នូវ​ផ្លូវដែក​តាម រយៈ​ប្រទេស​កម្ពុជា និង​វៀតណាម » ។

ខណៈ​ពេល​នេះ កម្ពុជា​គឺ​កំពុង​តែ​ជួសជុល​ឡើង​វិញ​នូវ​ផ្លូវ​រថភ្លើង​ត​ភ្ចា​ប់​ពី​ក្រុង​សិរី​សោភ័ណ ទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែ​ត ។ កា​រត​ភ្ជាប់​ផ្លូវដែក​រវាង​អារញ្ញ​ប្រា​ថេ​ត ខេត្ត​ស្រះ​កែវ និង​ក្រុង​សិរិ​សោភ័ណ បាន​ផ្អាក​នៅ​កំឡុង​ឆ្នាំ​១៩៧០ ដោយសារ​ជម្លោះផ្ទៃក្នុង​នៅ​ប្រទេស​កម្ពុជា ។

តាម​របាយការណ៍​ពី​ការិយាល័យ​ពាណិជ្ជកម្ម​ថៃ​ដែល​ចេញផ្សាយ​ក្នុងឆ្នាំនេះ បង្ហាញ​ថា ទំហំ​សេដ្ឋកិច្ច​ជា​រួម​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​មាន​ប្រមាណ​៥,១​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤ ស្នើ​នឹង​១១​ភាគរយ ដោយ​កើន​ពី​ចំនួន​៤,៦​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣ ។ ក្នុង​នោះ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ថៃ​កើនឡើង​ទ្វេ​ដង​ដែល​មាន​ទឹកប្រាក់​រហូត​ដល់​២៦១​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៥ កើន​ពី​១៣៤​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៤ ៕