ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

APIG​បោះទុន​20​លាន​ដុល្លារ​វិនិយោគ​លើ​វិស័យ​កាស៊ីណូ​នៅ​ព្រៃវែង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​APIG​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​Midrich Capital Group​មក​ពី​ចក្រភព​អង់គ្លេស នឹង​បោះទុន​វិ​និ យោគ​ចំនួន​២០​លាន​ដុល្លារ​លើ​គម្រោង​ឧស្សាហកម្ម​កាស៊ីណូ នៅ​ខេត្តព្រៃវែង

រាជធានី​ភ្នំពេញ ៖  ក្រុមហ៊ុន​APIG​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​Midrich Capital Group​មក​ពី​ចក្រភព​អង់គ្លេស នឹង​បោះទុន​វិ​និ យោគ​ចំនួន​២០​លាន​ដុល្លារ​លើ​គម្រោង​ឧស្សាហកម្ម​កាស៊ីណូ នៅ​ខេត្តព្រៃវែង នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Midrich Capital Group ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ក្រុមហ៊ុន APIG កាលពី​ថ្ងៃ​ទី​២៩ សីហា លោក ហួត សា​រ៉ា​វុត អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​APIG ប្រចាំ​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា APIG​មិន​ត្រឹមតែ​បម្រើ​ឧស្សាហកម្ម​កាស៊ីណូ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ទីក្រុង​កម្សាន្ត​ដ៏​សម្បូរ​បែប​មួយ ។ 

លោក ហួត រ៉ា​វុត បញ្ជាក់​ថា ៖ « ក្នុង​ដំណាក់កាល​ដំបូង​នេះ យើង​នឹង​វិនិយោគ​លើ ទឹកប្រាក់​ចំនួន​២០​លាន​ដុល្លារ ហើយ​ទីក្រុង​កម្សាន្ត​នេះ យើង​នឹង​ផ្លាស់​ប្តូរ​ចំណាប់​អារម្មណ៍​ទូទៅ​នៃ​ឧស្សាហកម្ម​កាស៊ីណូ ដោយ​បន្ថែម​នូវ សណ្ឋាគារ បន្ទប់​សន្និសីទ ភោជនីយដ្ឋាន អាង​ហែល​ទឹក សម្ភារ​កីឡា និង​សម្ភារ​កម្សាន្ត​ផ្សេង​ៗ ទៀត ដែល​ធំ​ជាងគេ​នៅ​ខេត្តព្រៃវែង និង​នៅ​តំបន់​ជាប់​ព្រំដែន​ប្រទេស​វៀតណាម » ។

ទាក់ទង​ជាមួយនឹង​ការ​បើក​នូវ​ឧស្សាហកម្ម​កាស៊ីណូ និង​ទីក្រុង​កម្សាន្ត​ថ្មី​នេះ លោក​អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​APIG​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​លោក​បាន​មើលឃើញ​ពី​ស្ថានភាព នយោបាយ ស្ថានភាព​សេដ្ឋកិច្ច ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ និង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង និង​មួយវិញទៀត កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ​នៅ​អាស៊ី ។

លោក រស់ ភា​រុណ អនុប្រធាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​ធ្លាប់​បាន​ប្រាប់​ កោះសន្តិភាព​កន្លង​មក​ថា ចំណូល​ពន្ធ​ពី​ឧស្សាហកម្ម​កាស៊ីណូ​ប្រមូល​បាន​ជាង​២០​លាន​ដុល្លារ​ក្នុង​ ឆមាស​ទី​១​ឆ្នាំ​នេះ ធៀប​ទៅ​នឹង​ឆមាស​ទី​មួយ​ឆ្នាំ​២០១៤​មាន​ត្រឹមតែ​ជាង​១០​លាន​ដុល្លារ​ ប៉ុណ្ណោះ ។

លោក​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ភាពល្អ​ប្រសើរ​នៃ​ទំនាក់ទំនង​របស់​កម្ពុជា ធ្វើ​ឲ្យ​លំហូរ​ភ្ញៀវ​ដែល​ចូល​មក​លេងល្បែង​តាម​កាស៊ីណូ​នានា​នៅ​ជាប់​ ព្រំដែន​កម្ពុជា​-​ថៃ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ។

លោក​មាន​ប្រសាសន៍​ទៀត​ថា ៖ « យើង​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​នេះ​គឺ​មាន​ភ្ញៀវ​មក​ពី​ថៃ​កាន់តែ​ច្រើន​ឡើង បន្ទាប់​ពី​ស្ថានភាព​មិន​ចុះសម្រុង​ដាក់​គ្នា​លើ​បញ្ហា​ព្រំដែន​បាន​បញ្ចប់ » ។

ដោយឡែក​លោក ភា​រុណ ក៏​ធ្លាប់​បាន​បញ្ជាក់​ទៀត​ដែរ​ថា ភ្ញៀវ​មក​ពី​ប្រទេស​វៀតណាម​មានការ​ធ្លាក់​ចុះ​បន្តិច ចាប់តាំងពី​រដ្ឋាភិបាល​របស់​ពួក​គេ​បាន​អនុញាត្ត​ឲ្យ​មានការ​បើក​កាស៊ីណូ​ ក្នុង​ប្រទេស​គេ​មក និង​ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ចិន​ដែល​ស្នាក់​នៅ និង​បម្រើ​ការ​នៅ​ប្រទេស​វៀតណាម ដោយសារ​បញ្ហា​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា​ដុត​រោងចក្រ​កន្លង​មក ដែល​ធ្វើ​ឲ្យ​វិនិយោគ​គិ​ន​ចិន​ចាក​ចេញពី​ប្រទេស​របស់​ខ្លួន ។

លោក ហួត សា​រ៉ា​វុត អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​APIG ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា កាស៊ីណូ APIG នឹង​ទទួល​បាន​ជោគជ័យ​ដោយសារ​តែ​លោក​មើលឃើញ​ពី​សក្ដានុពល ទីផ្សារ​ក្រៅប្រទេស​កំពុង​តែ​ជួប​នូវ​បញ្ហា​ជា​ច្រើន ហើយ​ម្យ៉ាងទៀត ឱកាស​សេដ្ឋកិច្ច​នៅ​កម្ពុជា​កំពុង​អំណោយផល​។ ដូច្នេះ​APIG​នឹង​ចាប់ផ្តើម​ដណ្តើម​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ ប្រកួតប្រជែង​កាស៊ីណូ​នៅ​ស​ង្ហិ​បុរី ហ្វ៊ី​លី​ពិន និង​បណ្តា​ប្រទេស​ដទៃ​ទៀត ។

លោក ហួត សា​រ៉ា​វុត បន្ត​ថា ៖ « រវាង​កាស៊ីណូ​ទាំង​ពីរ Naga World និង APIG​មាន​ស្តង់ដា​ខុស​គ្នា ពីព្រោះ​ខេត្តព្រៃវែង​ឆ្ងាយ​ពី​ភ្នំពេញ ដូច្នេះ​យើង​ទទួលភ្ញៀវ​ដែល​មក​ពី​ប្រទេស​វៀតណាម ប្រទេស​ចិន និង​ប្រទេស​នៅ​បណ្តា​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ទៀត » ។

បើ​តាម​សម្តី​លោក​ភា​រុណ បាន​ប្រាប់​កោះសន្តិភាព​កន្លង​មក​ថា មានការ​កើនឡើង​ខ្ពស់​នូវ​ចំណូល​ដែល​បាន​មក​ពី​កាស៊ីណូ​ក្នុង​ចុង​ត្រីមាស​ទី ​១​នេះ ដោយសារ​ការ​ហូតពន្ធ​បាន​ខ្ពស់​ពី​កាស៊ីណូ​ណា​ហ្គា​វើ​ល​ប្រមាណ​ជា​៩​លាន​ ដុល្លារ​អា​មេ​រិ​ក ។

ទោះបី​យ៉ាងណា លោក ស្រី ច​ន្ធី អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​ថា លោក​មិន​គាំទ្រ​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើការ​ខិតខំ​ទាក់ទាញ​វិនិយោគិន​មក​ ធ្វើការ​វិនិយោគ​លើ​វិស័យ​នេះ​ឡើយ ខណៈ​ពេល​ដែល​ខ្លួន​ពុំ​ទាន់​មានច្បាប់​គ្រប់គ្រង​ច្បាស់លាស់ ។

រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ធ្វើការ​អនុម័ត​នូវ​ច្បាប់​គ្រប់គ្រង​ កាស៊ីណូ​នា​ដំណាច់ឆ្នាំ​នេះ ក្នុង​បំណង​ដើម្បី​បង្កើន​ការ​ប្រមូល​ចំណូល​ឲ្យ​មាន​ចំនួន​ទេ្វ​ដង ហើយ​កាលពី​ដំណាច់ឆ្នាំ​មុន កម្ពុជា​ទទួល​បាន​ចំណូល​ប្រមាណ​ជា​២៥​លាន​ដុល្លារ ។ ចំណូល​ពី​ឧស្សាហកម្ម​កាស៊ីណូ​នៅ​ដំណាច់ឆ្នាំ​នេះ នឹង​សម្រេច​បាន​ប្រមាណ​ជា​៣៤​លាន​ដុល្លារ​។ ដោយឡែក កម្ពុជា​មាន​កាស៊ីណូ​ប្រមាណ​៦៤ កើន​ពី​ចំនួន​៥៥​កាលពី​ឆ្នាំ​មុន ។ នេះ​បើ​តាម​អនុប្រធាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច ប្រាប់​កោះសន្តិភាព នា​ពេល​កន្លង​មក ៕