ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចោរឆក់​ញី​ឈ្មោល​ ! ឆក់​បាន​ហើយ​ជិះ​ម៉ូតូដួល ព័ទ្ធ​ចាប់​បាន​ចោរ​ស្រី ចោរ​ប្រុស​ជិះ​គេច​ខ្លួន​បាត់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចោរឆក់​ស្រី​-​ប្រុស​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់​បាន​ចោរស្រី​ម្នាក់ ឯ​ចោរប្រុស​បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ បន្ទាប់​ពី​ឆក់​កាបូបស្ពាយ​ស្ត្រី​អ្នកលក់​គ្រឿងក្លែម​​ម្នាក់

រាជធានី​ភ្នំពេញ ៖ ចោរឆក់​ស្រី​-​ប្រុស​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់​បាន​ចោរស្រី​ម្នាក់ ឯ​ចោរប្រុស​បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ បន្ទាប់​ពី​ឆក់​កាបូបស្ពាយ​ស្ត្រី​អ្នកលក់​គ្រឿងក្លែម​​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​ម្នាក់​ត្រឡប់​ទៅ​ផ្ទះ​តាម​បណ្តោយ​ផ្លូវ​១៨២ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​កាលពី​វេលា​ម៉ោង​១០ និង​២៧​នាទី​យប់ ថ្ងៃ​ទី​៣០ សីហា ២០១៥ ។

ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា ខណៈ​គាត់​កំពុង​ជិះ​ម៉ូតូ​ម៉ាកសង់កូរ៉េ ពណ៌ក្រហម​ត្រឡប់​ទៅ​ផ្ទះ​វិញ តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ស្រាប់តែ​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌ខ្មៅ មិន​ចាំ​ស្លាក​លេខ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​គាត់​ហើយ​ស្រែក​ឌឺដង​ដាក់​គាត់​ថា «​កាបូប​លុយ​នឹង​អញ​ខ្ចី​ចាយ​សិន មិនបាច់​តាម​ទេ​» ខណៈនោះ​គាត់​ហាក់ដូចជា​ភាំង​មួយសន្ទុះ បន្ទាប់​មក​ក៏​គិត​ឃើញ​ថា​ចោរឆក់​កាបូប​ទេតើ ក៏​ជិះ​ម៉ូតូ​ដេញ​តាម​ជនសង្ស័យ លុះ​ដល់​ចំណុច​កើត​ហេតុ​ម៉ូតូ​ជនសង្ស័យ​វាក់​នឹង​ម៉ូតូ​អ្នកដំណើរ​ផ្សេង​ទៀត​ក៏​បាន​ដួល​ និង​ដោយ​សំឡេង​ស្រែក​ចោរ​ៗ​របស់​ជន​រង​គ្រោះ ជនសង្ស័យ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ព័ទ្ធ​ចាប់​បាន​ចោរ​ស្រី​ម្នាក់ ឯ​ចោរ​ប្រុស​បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ជា​ចោរឆក់​ស្រី​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​៣ ចំណែក​កាបូបស្ពាយ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ ។

ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​ក្នុង​កាបូបស្ពាយ​របស់​គាត់​មាន​ប្រាក់​ប្រមាណ​ជា​២០​ម៉ឺន​រៀល​ប៉ុណ្ណោះ គឺ​ជា​ប្រាក់​ដែល​គាត់​លក់​គ្រឿងក្លែម​បាន ៕