រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែន ហេងទិត នាយការិយាល័យសន្តិសុខផ្ទៃក្នុង ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានី និងមានការសហការចូលរួមពីសំណាក់នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ កាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ បានបើកប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងលួចលេងល្បែងអាប៉ោងនៅចំណុចផ្ទះលេខ២៧៣ ស្ថិតតាមបណ្តោយផ្លូវលំ ក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្ស៨នាក់ និងដកហូតបានវត្ថុតាងមួយចំនួនធំ ។
មនុស្សទាំង៨នាក់(ស្រីម្នាក់) ដែលត្រូវបានឃាត់ខ្លួនខាងលើមាន ១-ឈ្មោះ ឈឺន ឡូ ភេទប្រុស អាយុ៤៥ឆ្នាំ, ២-ឈ្មោះ ប្រាក់ ចន្ថា ភេទប្រុស អាយុ៥២ឆ្នាំ, ៣-ឈ្មោះ អ៊ុយ រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ, ៤-ឈ្មោះ តុប វណ្ណា ភេទប្រុស អាយុ៥១, ៥-ឈ្មោះ ឌី វណ្ណដា ភេទប្រុស អាយុ៣៣ឆ្នាំ, ៦-ឈ្មោះ ប្រាក់ ថាំង ភេទប្រុស អាយុ៣៨ឆ្នាំ, ៧-ឈ្មោះ ហ៊ាង ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ និង៨-ជាម្ចាស់ទីតាំង មានឈ្មោះ កែវ វណ្ណណាត ភេទស្រី អាយុ៤០ឆ្នាំ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប គឺនគរបាលការិយាល័យសន្តិសុខផ្ទៃក្នុងបានទទួលតម្រុយពីទីតាំងខាងលើថា កំពុងលួចលាក់ពួនសំងំប្រព្រឹត្តិល្បែងអាប៉ោងខុសច្បាប់ ទើបនៅវេលាថ្ងៃខែកើតហេតុខាងលើសមត្ថកិច្ចបានចុះមកធ្វើការបង្ក្រាបបានជាក់ស្តែង ស្របពេលពួកគេកំពុងលេងល្បែងយ៉ាងសប្បាយអើងកងតែម្តងទៅ ។
ក្នុងការចុះបង្ក្រាបខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតសម្ភារមួយចំនួនធំ ដូចជាគម្របអាប៉ោង១, ចានអាប៉ោង១, កម្រាលចាក់១សន្លឹក, លុយខ្មែរចំនួន១លាន៧០ម៉ឺនរៀល, លុយបាត៣០០០បាត, លុយដុល្លារ១០០ដុល្លារ និងម៉ូតូម៉ាក CD មួយគ្រឿង ។
បច្ចុប្បន្នមនុស្សទាំង៧នាក់ រួមទាំងម្ចាស់ទីតាំងម្នាក់ និងវត្ថុតាងដែលដកហូត ត្រូវបានបញ្ចូនទៅកាន់ការិយាល័យសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ