ជាទូទៅ កសិករធ្លាប់ចិញ្ចឹមមាន់តាមទម្លាប់ដោយលែងឱ្យដើរស៊ីចំណីគ្រប់ទីកន្លែង ដែលធ្វើឱ្យមាន់មិនបានទទួលការថែបំប៉ន និងឆាប់ឆ្លងជំងឺ ។ ដោយឡែក បងប្រុស សាយ ចន្ថា គាត់បានចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ ដោយចាប់ផ្តើមពីមេ៤ក្បាល និងបា១ក្បាល ។ បច្ចុប្បន្នកើនដល់មេ១០ក្បាល និងបា៣ក្បាល និងមាន់ជំទង់៥០ក្បាល ។
បងប្រុស សាយ ចន្ថា រស់នៅភូមិស្តុកកប្បាស ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាកសិករសហការជាមួយគម្រោងកែលម្អកម្រិតជីវភាពសហគមន៍ (CLIP) អនុវត្តដោយអង្គការសេដាក ។
បច្ចេកទេសដែលបងប្រុសបានអនុវត្តមានដូចជា ៖
១-ការជ្រើសរើសមាន់ចិញ្ចឹម ៖ ក្នុងការជ្រើសរើសពូជមកចិញ្ចឹម គាត់បានទិញមេ និងបា ពីអ្នកក្នុងភូមិ ដែលមានមាឌធំ ឆ្អឹងធំ រាងថ្លោស ដំណើររហ័សរហួន ។
២-ការធ្វើទ្រុង និងទីធ្លាចិញ្ចឹមមាន់ ៖ គាត់បានធ្វើរបងព័ទ្ធទីធ្លា ដែលមានទំហំ៣០ម៉ែត្រx២០ម៉ែត្រ ហើយនៅក្នុងទីធ្លា មានរណ្តៅជីកំប៉ុស្ត សម្រាប់មាន់កាយរកចំណី ។ ក្រៅពីនេះ គាត់មានដាំដើមឈើជាម្លប់ មានចេក ដូង ស្វាយ ស្វាយចន្ទី ដំឡូងមី ដើមទឹកដោះ នៅក្នុងទីធ្លាផងដែរ ។ ចំពោះទ្រុងមាន់ដេក មានទំហំ៥ម៉ែត្រគុណនឹង៣ម៉ែត្រ ធ្វើពីឫស្សី ។ នៅក្នុងទ្រុងនោះ មានសម្បុកមាន់៦ ទុកឱ្យមេមាន់ពងបានគ្រប់ក្បាល ចៀសវាងការដណ្តើមសម្បុកគ្នា ។
៣-ការផ្តល់ចំណីនិងទឹកសម្រាប់មាន់ ៖ ចំពោះចំណីដែលគាត់បានផ្តល់ឱ្យមាន់មាន ស្រូវ កន្ទក់ ចុងអង្ករ សរុប៥គីឡូក្រាមក្នុងមួយថ្ងៃ ព្រមទាំងមានស្មៅខ្ចីដែលមាន់អាចរកស៊ីបាន នៅក្បែរផ្ទះក្នុងខែវស្សា ។ ចំណែកខែប្រាំង មានត្រកួនដែលដាំដោយខ្លួនឯងនៅក្បែរផ្ទះ ។ បរិមាណចំណីខាងលើសម្រាប់ផ្តល់ឱ្យមាន់មេចំនួន១០ក្បាល កូន៥០ក្បាល និងបា៣ក្បាល ។
របៀបលាយចំណី ៖ យកធាតុផ្សំទាំងអស់ទៅកិន ឬបុកលាយបញ្ចូលគ្នា មុននឹងដាក់ឱ្យមាន់ស៊ី ។ ចំណែកចំណីត្រូវបានដាក់ទៅក្នុងស្នូកចំណី ឬក្រាលការុងពីក្រោម ។ មួយថ្ងៃឱ្យស៊ី៣ដង នៅពេលព្រឹក រសៀល និងល្ងាច ។
ទឹក ៖ គាត់ដាក់ទឹកស្អាតឱ្យមាន់ជាប្រចាំ ដោយយកគល់ខ្ទឹម ឬស្លឹកគ្រៃ ត្រាំឱ្យមាន់ផឹកក្នុងស្នូកទឹក និងប្តូរទឹកចេញរៀងរាល់២ថ្ងៃម្តង ។
៤-ការថែទាំនិងធ្វើអនាម័យ ៖ គាត់បានរៀបចំសម្បុកឱ្យមាន់មេៗក្រាបពង ។ ដើម្បីការពារសត្វស្រមើល គាត់បានដាក់ចំបើងក្រាលបាតសម្បុក លាយជាមួយស្លឹកទន្ទ្រានខែត្រ និងសាវម៉ាវព្រៃ (ហាលថ្ងៃឱ្យស្ងួតបន្តិច) ។ ក្រោយពីមាន់ក្រាបពងបាន៤-៥ថ្ងៃ គាត់បង្វិលពងមាន់១ថ្ងៃម្តង ដើម្បីឱ្យវាញាស់ស្រុះគ្នា ។ នៅពេលកូនមាន់ញាស់ គាត់បានក្រុងកូនមាន់១អាទិត្យជាមួយមេ ដោយផ្តល់បាយត្រាំទឹកឱ្យកូនមាន់ (១ថ្ងៃកន្លះ ក្រោយកើត) និងផ្តល់ទឹកស្អាត ហើយលែងកូនមាន់ឱ្យត្រូវពន្លឺថ្ងៃ នៅម៉ោង៨-៩ព្រឹក រយៈពេល១៥នាទី ដើម្បីឱ្យវារឹងប៉ឹង មានសុខភាពល្អ ។ មាន់អាយុ៣អាទិត្យ ចាប់ផ្តើមមានព្រូន ដូច្នេះគាត់បានទម្លាក់ព្រូនមាន់ ដោយប្រើស្លាខ្ចី ចិតយកសាច់ស្តើងៗបញ្ច្រកមាន់ (មាន់១៣ក្បាល បញ្ច្រកស្លា១ផ្លែ និងធ្វើរៀងរាល់២ខែម្តង) ។
៥-លទ្ធផល ៖ បន្ទាប់ពីការចិញ្ចឹមមាន់តាមប្រពលវប្បកម្មគោលការណ៍ធម្មជាតិមក គាត់ទទួលបានលទ្ធផលល្អប្រសើរច្រើនជាងការចិញ្ចឹមតាមទម្លាប់ ព្រោះមាន់មិនសូវងាប់ ហើយឆាប់ធំធាត់ ។ ក្រៅពីការហូបចុកក្នុងគ្រួសារ ក្នុងមួយឆ្នាំគាត់លក់បាន២ដង សរុប៤០ក្បាល និងបានប្រាក់៣៦០.០០០រៀល (តម្លៃកាលឆ្នាំ២០០៦) ។
៦-ចំណុចគួរកែលម្អលើការចិញ្ចឹមមាន់ ៖ បងប្រុសមានការចិញ្ចឹមមាន់បានល្អ ប៉ុន្តែនៅមានចំណុចខ្វះខាតខ្លះដូចជា ៖
– មិនគួរបង្កាត់ ដោយយកបាដែលបានពីការទុកពូជកូនក្នុងសម្បុក មកបង្កាត់ជាមួយមេរបស់វាដដែល ធ្វើឱ្យជាន់ឈាម ។ ត្រូវបង្កាត់បាដែលមិនមែនជាសាច់ញាតិគ្នា ទោះជាមើលទៅ វាមានសុខភាពល្អក៏ដោយ ។
– គួរផ្តល់ចំណីបន្ថែមដូចជា ជន្លេន សាច់ក្តាម ខ្យង ខ្ចៅ កណ្តៀរ សត្វល្អិត ចកបាយទា កន្ធំថេត ស្លឹកដំឡូងមី ដំឡូងជ្វា ព្រលិត ត្រកួន អង្គាដី ស្លឹកងប់ ផ្ទី ម្រំ កាកដូង កាកស្ករ ដើមចេក ។ល។
– គួរបោសសម្អាតទ្រុងឱ្យបានទៀងទាត់ ជាពិសេសនៅខែធ្លាក់ភ្លៀង ព្រោះមាន់ងាយកើតជំងឺ ។
– នៅពេលមាន់ងាប់ ត្រូវយកទៅកប់ ឬដុតចោលនៅឆ្ងាយពីផ្ទះ និងប្រភពទឹក (ជីករណ្តៅជម្រៅកន្លះម៉ែត្រទៅ១ម៉ែត្រ ហើយកប់ដោយមានស្រះបន្លា ការពារសត្វផ្សេងៗកាយ ឬអាចបាចកំបោរ.សពីលើ ដើម្បីរម្ងាប់មេរោគ) ។
– ត្រូវក្រុងមាន់ថ្មី ដែលទើបទិញមក ឱ្យបាន១-២សប្តាហ៍ មុនបញ្ចូលជាមួយមាន់ចាស់ ដើម្បីតាមដានជំងឺឆ្លងមាន់ (បើមានជំងឺឆ្លង វានឹងបញ្ចេញរោគសញ្ញា ក្នុងកំឡុងពេលនេះ )ម្យ៉ាងទៀត ធ្វើឱ្យមាន់ស៊ាំនឹងទីកន្លែងថ្មីផង ៕
ចែករំលែកព័តមាននេះ