ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយ​តប​ទៅ​សម រ​ង្ស៊ី បក្ស​ប្រឆាំង​ប្រើ​វប្បធម៌​សន្ទនា​ចង់​ដោះស្រាយ​ក្រុម​ខ្លួន​មួយ​គ្រា​ៗ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បក្ស​ប្រឆាំង​កំពុង​តែ​ប្រើ​ភាសា «​ចាក់ក្រឡេក​រដ្ឋាភិបាល​» រួច​ធ្វើ​ល្បិច​ប្រើប្រាស់​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ក្រុម​បក្ស​ខ្លួន​មួយ​គ្រា​ៗ គឺ​នឹង​សាបរលាប គ្មាន​ប្រយោជន៍​ដល់​ជាតិ

រាជធានី​ភ្នំពេញ ៖ បក្ស​ប្រឆាំង​កំពុង​តែ​ប្រើ​ភាសា «​ចាក់ក្រឡេក​រដ្ឋាភិបាល​»  រួច​ធ្វើ​ល្បិច​ប្រើប្រាស់​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ក្រុម​បក្ស​ខ្លួន​មួយ​គ្រា​ៗ គឺ​នឹង​សាបរលាប គ្មាន​ប្រយោជន៍​ដល់​ជាតិ ។

យោង​តាម​គេហទំព័រ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​រូប​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា «​ការ​ចេញ​មុខ​បកស្រាយ​សារភាព​ជា​សាធារណៈ​របស់​ប្រធាន​គណបក្សជំទាស់ CNRP ថ្មី​ៗ​នេះ គឺ​បាន​បង្ហាញ​ច្បាស់​ថា មេដឹកនាំនិង​មន្ត្រី​គណបក្ស​មួយ​នេះ គ្មាន​សុច្ឆន្ទៈ​និង​ឧត្តមគតិ​ជាតិ ពិតប្រាកដ​ឡើយ ។ ការ​ប្រើ​ភាសា «​ចាក់ក្រឡេក​រដ្ឋាភិបាល​» គឺជា​ចេតនា​ដើម្បី​បន្ត​បង្ក​អ​ស្ថិរភាព​នយោបាយ និង​បញ្ហា​ដល់​សង្គម​ជាតិ កាន់តែ​ច្រើន​ឡើង​» ។

សម្តេច​គូសបញ្ជាក់​ថា «​ល្បិច​ប្រើប្រាស់​វប្បធម៌​សន្ទនា ដើម្បី​គ្រាន់តែ​សម្រាប់​ដោះស្រាយ​បញ្ហា​របស់​ក្រុម​បក្ស​ខ្លួន​មួយ​គ្រា​ៗ ហើយ​ក៏​សាបរលាប គ្មាន​ប្រយោជន៍​ដល់​ជាតិ ។ ទាំង​មេដឹកនាំ និង​កូនចៅ​គណបក្សជំទាស់ ត្រូវ​មាន​ភាព​ស្មោះត្រង់ ហើយ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​យុទ្ធសាស្ត្រ​ចាប់ដៃ​ជាន់​ជើង គ្រប់​រូបភាព​ទាំងអស់​» ។

លោក សម រ​ង្ស៊ី ប្រធាន​គណបក្សជំទាស់​បាន​លើក​ឡើង កាលពី​លោក​ចូលរួម​សួរសុខទុក្ខ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​ព្រឹទ្ធសភា​នៅ​ពន្ធនាគា​ព្រៃ​ស ថា «​សម្បទាន​ដែល​អាច​ដោះស្រាយ បញ្ហា​សកម្មជន​របស់​ខ្លួន​ដែល​កំពុង​ជាប់ពន្ធ​នាគា​នោះ គឺ​ប្រហែលជា​ឈប់​ចាក់​ចង្កេះ​គ្នា​គ្រប់​រឿង​» ។

លោក​បញ្ជាក់​ថា «​ពេល​នេះ​យើង​មិន​ត្រូវ​យក​មក​និយាយ​ជា​សាធារណៈ​នោះ​ទេ ដើម្បី កុំឱ្យ​ខូចខាត​សាច់​ការ ។ ការងារ​កំពុង​ធ្វើ​មិន​ទាន់​បាន​សម្រេច បើ​យើង​និយាយ​ជា​សាធារណៈ ជួន​មាន​ខុស មាន​ត្រូវ វា​បែក​ភក់ បែក​ម៉ាំ វា​អត់​ចំណេញ តែបើ​យើង​ធ្វើការ​ជាមួយ​គ្នា បង្ហាញ​ឯកសារ បង្ហាញ​គំនិត​របស់​យើង​រៀង​ៗ​ខ្លួន យើង​គួប​ផ្សំគ្នា​ទៅ​នោះ យើង​ទទួល​បាន​ប្រសិទ្ធភាព​ជាង មិន​ធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​ទៀត​ផង​» ។

ទោះបីជា​លោក សម រ​ង្ស៊ី បៀ​ប​ដូច​ជា​ស្ថិត​ក្នុង​ស្ថានភាព​ដូច​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​នា​ពេល​កន្លង​មក ក៏​លោក សម រ​ង្ស៊ី នៅ​តែ​សង្កត់ធ្ងន់ ថា «​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​លោក​ដឹកនាំ គឺ​ខុស​ពី​គណបក្ស​ហ្វ៊ុន​ស៊ិ​ន​ប៉ិច ដូច​មេឃ​និង​ដី  និង​ខុស​គ្នា​ដូច​ថ្ងៃ​និង​យប់​» ។

លោក សម រ​ង្ស៊ី បញ្ជាក់​ថា «​ហ្វ៊ុន​ស៊ិ​ន​ប៉ិច​ធ្វើ​រណប​គេ លក់ខ្លួន​ឱ្យ​គេ យើង​មិនបាច់​និយាយ​ទេ​ថា​ថោក​យ៉ាងម៉េច តែ​ខ្ញុំ​សុំ​ធ្វើការ​កត់​សម្គាល់ថា ការ​ដែល​គេ​ចាប់​សកម្មជន ក៏​ដូច​ជា​ចាប់​សមាជិក​ព្រឹទ្ធសភា​នោះ គឺ​បង្ហាញ​ចំពោះ​មុខ​ប្រជារាស្ត្រ​ខ្មែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ស្មោះត្រង់ ។ គណបក្ស​សង្គ្រោះ​ជាតិ​មិន​រណប​អ្នក​ណា ហើយ​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិន​លក់ខ្លួន​ឲ្យ​អ្នក​ណា​ទាំងអស់ ។ ដោយសារ​យើង​ថ្លៃថ្នូរ ដោយសារ​យើង​រឹង​មាំ ដោយសារ​យើង​ច្បាស់លាស់ ទើប​គេ​ធ្វើបាប​យើង ។ តើ​មាន​ដែល​ឃើញ​សមាជិក​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ណា ត្រូវ​គេ​ចាប់​ដាក់គុក​ទេ ? បើ​លក់ខ្លួន​ឲ្យ​គេ​អស់ហើយ ចាំបាច់​គេ​ចាប់​ដាក់គុក​ធ្វើ​អី​» ។

ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី ត្រូវ​បាន​លោក ញឹក ប៊ុ​ន​ឆៃ អនុប្រធាន​ទី​២ គណបក្ស​ហ្វ៊ុន​ស៊ិ​ន​ប៉ិច មាន​ប្រសាសន៍​ច្រានចោល និង​បាន​គូសបញ្ជាក់​ថា «​អ្វី​ដែល​គេ​ចាប់ខ្លួន គឺ​ធ្វើ​ខុស​នឹង​ច្បាប់ ។ ឧទាហរណ៍ សមាជិក​ព្រឹទ្ធសភា​ម្នាក់​នោះ ហេតុ​អី​បាន​គេ​ចាប់ខ្លួន​នោះ ដោយសារ​តែ​សមាជិក​ម្នាក់​នោះ​ក្លែង​ឯកសារ​សន្ធិសញ្ញា​រវាង​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ជាមួយនឹង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ឆ្នាំ​១៩៧៩ ។ ព្រោះ​អ្នក​ក្លែង​នោះ​មិន​បាន​គិតដល់​ថា សម័យ​នោះ​គេ​ប្រើ​អង្គុលីលេខ ហើយ​សម័យនេះ​គេ​កែប្រែ​ដោយ​វាយ​នឹង​កុំព្យូទ័រ ដូច្នេះ​វា​ខុស​គ្នា ។ គ្រាន់តែ​ចំណុច​នេះ​មួយ បាន​បង្ហាញ​ថា​ក្លែង​បាត់​ទៅ​ហើយ​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក ញឹក ប៊ុ​ន​ឆៃ បាន​ឲ្យ​ដឹង​ទៀត​ថា «​មាន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ទៀត បាន​ចោទ​រដ្ឋាភិបាល​ថា​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ដែល​ការ​ចោទ​នេះ អាច​នឹង​មានទោស​ផង​ដែរ ។ ជាង​នេះ​មាន​សមាជិក​មួយ​ចំនួន​ទៀត​បាន​ធ្វើ​សកម្មភាព​ខុស​នឹង​ច្បាប់​ផង​ដែរ ក៏​អាច​នឹង​មានទោស​ដែរ​» ។

នៅ​ថ្ងៃ​ទី​១៨ សីហា គេហទំព័រ​ដើម​អម្ពិល បាន​ដកស្រង់​សម្តី​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ចោទ​មេដឹកនាំ​គណបក្សប្រឆាំង​ថា​ជា «​មេចោរ​» បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​អះអាង​ថា នឹង​ឈប់​ចាក់​ចង្កេះ​រដ្ឋាភិបាល​ពី​រឿង​រសើប​មួយ​ចំនួន​រួច​មក ។

លោក សយ សុភាព ត្រូវ​បាន​បណ្តាញ​ផ្សាយ​ព័ត៌មាន​វី​អូ​ឌី អះអាង​ថា លោក​បាន​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ដកស្រង់​សម្តី​ថា ៖ «​ក្រុម​ចោរ​ដែល​បំផ្លាញ​ស្ថិរភាព​កន្លង​ទៅ បាន​ចេញ​មុខ​សារភាព​ហើយ គឺ​លោក សម រ​ង្ស៊ី និង​គណបក្ស​របស់​គាត់ ហៅ​ថា ក្រុម​ចោរ ហើយ​អ្នក​ដែល​បង្ក​អ​ស្ថិរភាព គឺ​លោក សម រ​ង្ស៊ី និង​គណបក្ស​របស់​គាត់ ដែល​តែងតែ​ចាក់​ពីក្រោយ​ខ្នង​រាជរដ្ឋាភិបាល​» ។

លោក​បាន​ដកស្រង់​ទៀត​ថា ៖ «​អ៊ី​ចឹ​ង ដើម្បី​ជម្រះ​មន្ទិល​សម្រាប់​គណបក្ស​ប្រជាជន សម្រាប់​សម្តេច​តេ​ជោ សម្រាប់​រាជរ​ដ្ឋា​ភិបាល គណបក្ស សម រ​ង្ស៊ី ក៏​ដូច​ជា​លោក សម រ​ង្ស៊ី ខ្លួនឯង​ផ្ទាល់ ត្រូវ​កែ​គ្រប់​ចំណុច​ដែល​ខ្លួន​បាន​ធ្វើ​នូវ​អំពើ​ទុច្ចរិត មក​លើស​ម្តេច​នាយក មក​លើ​រាជរដ្ឋាភិបាល និង​មក​លើ​គណបក្ស​ប្រជាជន ។ អាហ្នឹង​ទើប​វប្បធម៌​សន្ទនា អាច​ដើរទៅ​មុខ​បាន ព្រោះ​ថ្ងៃនេះ មេចោរ​បាន​ចេញ​សារភាព​» ។

សម្រាប់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន្ត ក៏​ត្រូវ​បាន​ដកស្រង់​សម្តី​ថា ហាក់​មិន​ជឿ​ថា សម្តេច​នាយក​រដ្ឋមន្ត្រី បាន​ប្រើ​ពាក្យ​ពេ​ជន៍​បែប​នេះ​ទេ ។ លោក​បញ្ជាក់​ថា ៖ «​ខ្ញុំ​យល់​ថា ខ្លឹមសារ​ហ្នឹង​ដូច​ជា​មិនមែន​ជាស​ម្តី​គាត់​ផ្ទាល់​ទេ ព្រោះ​ខ្ញុំ​ចំណាំ​មើល គាត់​មិន​ដែល​មាន​ប្រសាសន៍​តា​ពាស​ទេ ។ អ៊ី​ចឹ​ង​បាន​ថា ខ្ញុំ​មិន​អាច​បកស្រាយ​បាន ព្រោះ​ខ្ញុំ​អត់​បានឮ​ផ្ទាល់​» ។

ដោយឡែក មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង ថ្លែង​ថា បើ​ការ​ស្រង់​សម្តី​នោះ ពិតជា​សម្តី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មែន​នោះ លោក​ថា លោក​សោកស្តាយ ព្រោះ​នៅ​គ្រានេះ ភាគី​ទាំង​ពីរ​គួរ​រក​ដំណោះស្រាយ​បញ្ហា​ជាតិ ប្រសើរ​ជាង​ដាក់បន្ទុក​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

លោក​ថា ៖ ប្រសិនជា​ការ​ថ្លែង​ហ្នឹង​ជា​ការ​ពិត ខ្ញុំ​សោកស្តាយ​ចំពោះ​ការ​ប្រើ​ពាក្យពេចន៍ ព្រោះ​អ្នកនយោបាយ ការ​ប្រើប្រាស់​ពាក្យពេចន៍​មាន​ច្រើន​ណាស់ យើង​អាច​ប្រើប្រាស់​ភាសា​ដែល​សមរម្យ​ថ្លៃថ្នូរ ។ អ៊ីចឹ​ង​បាន​ថា យើង​គួរ​រកគ្នា​គិត​អំពី​រក​ដំណោះស្រាយ វា​ល្អ​ជាង​ការ​ដាក់បន្ទុក ការ​បន្ទោស​គ្នា ។ កាលណា​យើង​គិតតែ​រឿង​បន្ទោស អត់​គិត​រឿង​ដំណោះស្រាយ វា​មិន​ចម្រើន មិន​ចំណេញ​ដល់​ប្រទេស​ជាតិ​ទេ ។

អ្នក​សង្កេតការណ៍​លើក​ឡើង​ថា «​ការ​ឆ្លើយឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក រវាង​លោក សម រ​ង្ស៊ី និង​សម្តេច​តេ​ជោ ដែល​អ្នក​សារព័ត៌មាន​ដកស្រង់​សម្តី យក​ទៅ​ផ្សាយ​នៅ​ពេល​នេះ ធ្វើ​ឡើង​ស្រប​ពេល ដែល​ស្ថានការណ៍​នយោបាយ​ចាប់ផ្តើម​ឡើងក​ម្តៅ ខណៈ​សកម្មជន​និង​មន្ត្រីជាន់ខ្ពស់​របស់​គណបក្សប្រឆាំង សរុប​១៥​នាក់ ត្រូវ​បាន​អាជ្ញាធរ ចាប់​ដាក់​ពន្ធនាគារ​ព្រៃ​ស ជា​បន្តបន្ទាប់​» ៕