មន្ត្រីស្ថានទូតសិង្ហបុរី និងកូរ៉េជំរាបលា និងស្វាគមន៍មន្ត្រីទូតឥណ្ឌូណេស៊ីថ្មី
ដោយ ៖ អប្សរា
ថ្ងៃព្រហស្បត្ត៏ ទី១៩ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៧:៣៦
ច័ន្ទថា
លោកជំទាវ TAN YEE WOAN ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជាក្នុងឱកាសចូលជំរាបលា
រាជធានីភ្នំពេញ ៖ ក្នុងឱកាសចូលជំរាបលាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០១០ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ TAN YEE WOAN ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា នៅពេលដែលលោកជំទាវមិនទាន់បានមកព្រះរាជាណាចក្រកម្ពុជា លោកជំទាវធ្លាប់តែឮអំពីកម្ពុជា បញ្ហាខ្មែរក្រហមមិនដែលឮអ្វីអំពីរឿងល្អទេ ។ ប៉ុន្តែនៅពេលលោកជំទាវមកបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវមានការចាប់អារម្មណ៍ ដោយបានឃើញសភាពការណ៍ប្លែកពីអ្វីដែល លោកជំទាវធ្លាប់បានឮកន្លងមក គឺព្រះរាជាណាចក្រកម្ពុជាមានសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍ រួមទាំងស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម ។ នេះហើយគឺជាអ្វីដែលឆ្លុះបញ្ចាំងឱ្យសាធារណជនអន្តរជាតិបានដឹងអំពីព្រះរាជាណាចក្រកម្ពុជា ។
លោកជំទាវកត់សំគាល់ឃើញនៅឱកាសដែលធ្វើដំណើរទៅកាន់ទីរួមខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា មានភ្ញៀវទេសចរបរទេសក៏ដូចជាភ្ញៀវជាតិជាច្រើនផងដែរ នោះគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសន្តិសុខ សុវត្ថិភាពនយោបាយ... ការអភិវឌ្ឍរបស់កម្ពុជា លើវិស័យហេដ្ឋារចនាសម្ធ័ន្ធ ក៏ដូចជាជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាមានការរីកចំរើន ។ ក្នុងរយៈពេលបំពេញបេសកកម្មការទូត៣ឆ្នាំ របស់លោកជំទាវនៅកម្ពុជា លោកជំទាវបានទទួលនូវការគាំទ្រយ៉ាងខ្លាំងពីសម្តេចតេជោនាយករដ្ឋមន្ត្រីផ្ទាល់ ក៏ដូចជាពីសំណាក់សមាជិករាជរដ្ឋាភិបាលកម្ពុជា ទាំងនេះគឺជួយឱ្យបេសកកម្មការទូតរបស់លោកជំទាវបានទទួលជោគជ័យយ៉ាងត្រចះត្រចង់នៅកម្ពុជា ហើយលោកជំទាវបានថ្លែងអំណរគុណចំពោះការគាំទ្រនេះ ។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អប្រសើររបស់លោកជំទាវ ព្រមទាំងបានថ្លែងអំណរគុណចំពោះលោកជំទាវដែលបានបំពេញបេសកកម្មការទូតបានជោគជ័យយ៉ាងត្រចះត្រចង់ ពិសេសគឺការរៀបចំដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យបានកាន់តែរីកចំរើនកាន់តែខ្លាំងថែមទៀត ។ ដោយឡែក ក្នុងឱកាសចូលទៅជំរាបលាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១០ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក LEE KYUNG SOO ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជូនសម្តេចតេជោក៏ដូចជាមន្ត្រីរាជការកម្ពុជា ទាំងអស់ដែលបានជួយគាំទ្របេសកកម្មការទូតរបស់លោកបានទទួលជោគជ័យ ។
លោកមានប្រសាសន៍ថា បេសកកម្មការទូតរបស់លោកប្រចាំកម្ពុជា មានរយៈពេលខ្លីប៉ុន្តែក្នុងរយៈពេលនេះពោរពេញទៅដោយការរីករាយ ការសប្បាយ ផ្តោតជាប់ជាមួយអនុស្សាវរីយ៍ល្អៗ ។ ជាពិសេសបេសកកម្មការទូតរបស់លោកនៅកម្ពុជា នៅចំពេលដែលទំនាក់ទំនងរវាងកម្ពុជានិងកូរ៉េកំពុងតែវិវឌ្ឍទៅយ៉ាងឆាប់រហ័ស ហើយកំពុងតែឈានដល់ចំណុចកំពូល ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចក៏ដូចជាវិស័យផ្សេងៗទៀត ត្រូវចំពេលដែលថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរបានផ្លាស់ប្តូរធ្វើទស្សនកិច្ចទៅវិញទៅមក ។ ពិសេសទៅទៀតនោះបេសកកម្មការទូតរបស់លោកនៅកម្ពុជាគឺធ្វើឱ្យលោកស្គាស់ច្បាស់ និងជាសាក្សីនៃការដឹកនាំដ៏ឈ្លាសវៃ ដ៏ខ្លាំងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ។
លោក LEE បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ។ ជាការឆ្លើយតបសម្តេចតេជោបានថ្លែងអំណរគុណចំពោះកិច្ចប្រឹងប្រែងរបស់លោកក្នុងការលើកស្ទួយទំនាក់ទំនងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ។ សម្តេចបានឯកភាពថា ទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ បានឈានដល់ចំណុចកំពូលហើយៗពីនេះទៅមុខទៀតកម្ពុជា នៅតែអាចបន្ថែមទៀតនូវទំនាក់ទំនងនេះ ។
នៅព្រឹកថ្ងៃដដែលនោះដែរ លោកអ៊ាង សុផល្លែត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រាប់ឱ្យដឹងថា លោក SOEHARDJONO SATRAMIHA RDJO ឯកអគ្គរដ្ឋទូតថ្មីប្រទេសឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា កាលពី១៧ឆ្នាំមុនលោកបានមកព្រះរាជាណាចក្រកម្ពុជា តាមរយៈបេសកកម្មរបស់លោកជាមួយនឹងអ៊ុនតាក់ ។ នៅពេលនោះលោកបានបំពេញការងារនៅទីរួមខេត្តកំពង់ចាមរយៈពេល១ខែ និងនៅរាជធានីភ្នំពេញរយៈពេល១០ថ្ងៃ ។ នៅក្នុងឱកាសដែលលោកមកដល់ព្រះរាជាណាចក្រកម្ពុជានាពេលនេះលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សគ្រប់វិស័យ ។
លោកឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីបញ្ជាក់ថា កម្ពុជានិងឥណ្ឌូណេស៊ីនៅមានសក្តានុពលយ៉ាងខ្លាំងនៅក្នុងការ ពង្រឹងកិច្ចសហប្រតិបតិ្តការ ជាពិសេសលើវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យប្រយុទ្ធប្រឆាំងភេរវកម្ម ការរត់ពន្ធគ្រឿងញៀន ការរត់ពន្ធមនុស្ស ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យទេសសចរណ៍និងវិស័យកសិកម្មដែរ ។ លោកឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីបញ្ជាក់ថែមទៀតថា បេសកកម្មការទូតរបស់លោកនៅពេលនេះលោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធ្វើយ៉ាងណាជំរុញឱ្យប្រទេសទាំងពីរមានកិច្ចសហប្រតិបតិ្តការកាន់តែរីកចំរើន កាន់តែខ្លាំងឡើងលើវិស័យដែលមានសក្តានុពលទាំងនោះ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្វាគមន៍និងអបអរសាទរលោកឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីថ្មីដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ សម្តេចបានសំដែងការគាំទ្រចំពោះការបំពេញបេសកកម្មរបស់លោកដើម្បីធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅថែមទៀត ៕