ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​អរគុណ​ភ្លៀង

8 ឆ្នាំ មុន

ភ្លៀង​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ ធ្លាក់​ខ្លាំង​ជាងគេ​នៅ​រាជធានី​ភ្នំពេញ ប្រមាណ​៤០​គ​.​ម ៤​ជ្រុង​ប៉ុណ្ណោះ ។ នៅ​តាម​ខេត្ត​ខ្លះ​ជាប់​រាជធានី ដូច​ជា​ខេត្តតាកែវ ខេត្តព្រៃវែង កំពង់ស្ពឺ ធ្លាក់​ភ្លៀង​ដោយ​ដុំ​… ​អ្នកស្រែ​រក​ទឹក​ដាក់​ស្រូវ​អត់បាន​ទេ​… ភ្លៀង​ធ្លាក់​នៅ​ភ្នំពេញ​ខ្លាំង​ពេក​…

ភ្លៀង​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ ធ្លាក់​ខ្លាំង​ជាងគេ​នៅ​រាជធានី​ភ្នំពេញ ប្រមាណ​៤០​គ​.​ម ៤​ជ្រុង​ប៉ុណ្ណោះ ។ នៅ​តាម​ខេត្ត​ខ្លះ​ជាប់​រាជធានី ដូច​ជា​ខេត្តតាកែវ ខេត្តព្រៃវែង កំពង់ស្ពឺ ធ្លាក់​ភ្លៀង​ដោយ​ដុំ​… ​អ្នកស្រែ​រក​ទឹក​ដាក់​ស្រូវ​អត់បាន​ទេ​… ភ្លៀង​ធ្លាក់​នៅ​ភ្នំពេញ​ខ្លាំង​ពេក​… ​ធ្វើ​ឱ្យ​អ្នកស្រែ​យើង​តាម​បណ្តា​ខេត្ត​ខ្លះ ​ដែល​រាំងឫស​…​ ស្រែក​ចំអក​ថា កន្លែង​ធ្វើស្រែ​អត់​ធ្លាក់​ទេ​… ​វា​ទៅ​បង្ខំ​ធ្លាក់​នៅ​កន្លែង​អត់​ធ្វើស្រែ​ទៅ​វិញ​… ​មេឃ​ក៏​អយុត្តិធម៌​ដែរ​… ហេតុ​អី​បានជា​មេឃ​ធ្លាក់​ភ្លៀង​ខ្លាំង​តែ​ភ្នំពេញ ?

គ្មាន​ពិបាក​យល់​ទេ​… ​យូរ​ៗ​ធ្លាក់​ម្តង​ឱ្យ​ណា​ណី​…​ ដើម្បី​វាស់​ស្ទង់​ស្នាដៃ​អាជ្ញាធរ​រាជធានី ដែល​ខំ​ធ្វើ​លូ​ទឹក​សព្វ​ថ្ងៃនេះ​ «​មាន​ប្រសិទ្ធភាព​ដែរ​ឬ​អត់?​» ធ្វើ ​«​ចំ​កន្លែង​ត្រូវ​» ​ដែរ​ឬ​អត់ ?

កាល​ចៅហ្វាយ​ក្រុង​ចាស់​…​ ប្រឹង​ខ្លាំង​ណាស់​ខាង​ «​រៀបចំ​លូ​ទឹក​» …​ប្រឹង​ណាស់ ដើម្បី​មុខមាត់​ និង​ស្នាដៃ​… ​ប៉ុន្តែ​វា​នៅ​តែ​លិច​ដដែល​…​ គ្រាន់តែ​លិច​មិនយូរ​…​ លិច​ឆាប់​ស្រក​…​ ។

មក​ដល់​ចៅហ្វាយ​ក្រុង​ចុង​ក្រោយ​… ​ចាប់ផ្តើម​ភ្លាម គឺ​លូ​ទឹក​… ​អាតូច​ៗ​ ប៉ុន​ៗ ​ក.ដៃ​សម័យ​បារាំង​…​ កាយ​ចោល​ចង់​អស់ហើយ​… ​ដាក់​សុទ្ធតែ​លូ​យក្ស​… ​។ ពិនិត្យ​ឃើញ​ប្រឹង​មែនទែន​… ​បើ​កុំ​ប្រឹង​ម្លឹ​ង​ៗ ​ទីក្រុង​ភ្នំពេញ​ប្រហែល​អណ្តែត​បាត់​ទៅ​ហើយ​…​ វា​លិច​ខ្លាំង​មែន ! ប៉ុន្តែ​ឆាប់​ស្រក​អស់​… ​មក​ពី​ហូរ​មិន​ទាន់ !!

ផ្តល់​យុត្តិធម៌​ខ្លះទៅ​ចុះ​… ​នៅ​ក្រុង​ព្រៃនគរ ក៏​ដូច​ក្រុង​បាងកក ភ្លៀង​ខ្លាំង​ម្តង​ៗ… ​លិច​ដូច​គ្នា​… ​ស្ទើរ​ស្មើ​ចង្កេះ​… ​ម៉ូតូ​បណ្តើរ​ឃើញ​តែ​ដៃ ប៉ុន្តែ​ក្រោយ​ភ្លៀង​ដ៏​កំ​ហុ​ក រាំង​បន្តិច​…​ ទឹក​ក៏​ស្រក​អស់​ដែរ​… ​គឺ​ដូច​គ្នា​ទេ !!

ភ្លៀង​ធ្លាក់​ខ្លាំង​ម្តង​ៗ ​កណ្តាល​ទីក្រុង​… ​គួរ​អបអរសាទរ​…​ ព្រោះ​ជា​កម្លាំង​វាស់​ស្ទង់​…​ នូវ​ចំណុចខ្លាំង​… ​ចំណុចខ្សោយ​…​ សម្រាប់​អាជ្ញាធរ​ក្រុង​មូរជើងខោ លាត់ដៃ​អាវ​…​ ប្រឹង​ថែម ! …ដូច្នេះ​សូម​អរគុណ​ភ្លៀង​… កុំ​ភ្លេច​ថា បើ​ទឹក​ត្រាំ​យូរ គឺ​អន់ ! ប៉ុន្តែ​បើ​ទឹក​ឆាប់​ស្រក​… ​ភ្លៀង​រាំង ទឹកហូរ​អស់ ប្រាកដជា​ពូកែ​ហើយ !!
                     អា​ឡេវ