ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​មន្ទីរ​សាធារណការ​​ផ្តល់​បទ​សម្ភាសន៍​ទាក់ទង​នឹង​ជំនន់​ទឹកភ្លៀង​លិច​រាជធានី​ភ្នំពេញ និង​ទិស​ដៅ​បន្ត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ នា​សៀ​ល​ថ្ងៃ​ទី​០៤ សីហា ២០១៥ បាន​ផ្តល់​បទ​សម្ភាសន៍​​ខ្លី​មួយ​ជាមួយ​អ្នក​សារព័ត៌មាន​ទូរទស្សន៍ និង​កាសែត​ជាតិ ទាក់ទង​ទៅ​នឹង​បញ្ហា​ជំនន់​ទឹកភ្លៀង​កាលពី​ល្ងាច​ថ្ងៃ​ទី​១ សីហា ២០១៥

រាជធានី​ភ្នំពេញ​៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ នា​សៀ​ល​ថ្ងៃ​ទី​០៤ សីហា ២០១៥ បាន​ផ្តល់​បទ​សម្ភាសន៍​​ខ្លី​មួយ​ជាមួយ​អ្នក​សារព័ត៌មាន​ទូរទស្សន៍ និង​កាសែត​ជាតិ ទាក់ទង​ទៅ​នឹង​បញ្ហា​ជំនន់​ទឹកភ្លៀង​កាលពី​ល្ងាច​ថ្ងៃ​ទី​១ សីហា ២០១៥ កន្លង​មក ដែល​ធ្វើ​ឱ្យ​ជន់​លិច​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​មានការ​សួរ​ជា​សំនួរ លោក សាំ ពិសិដ្ឋ បាន​លើក​ឡើង​តាម​លំដាប់លំដោយ​ថា កាលពី​ថ្ងៃ​ទី​០១ សីហា កន្លង​ទៅ​នេះ កម្រិត​ទឹកភ្លៀង​ពិតជា​មាន​កម្រិត​ខ្លាំង ដោយ​មានកំ​ពស់​រហូត​ដល់​១០៣​មី​លី​ម៉ែត្រ កម្រិត​នេះ​កុំ​ថា​ឡើយ​នៅ​រាជធានី​ភ្នំពេញ ទោះបីជា​នៅ​បរទេស​ក៏​លិច​ដែរ ។ សម្រាប់​រាជ​ធានី​ភ្នំពេញ បើ​កម្រិត​ទឹកភ្លៀង​កំពស់​មិន​ដល់​៤០​មី​លី​ម៉ែត្រ​ក្នុង​មួយ​ម៉ោង គឺ​មិន​លិច​នោះ​ទេ ប៉ុន្តែ​បើ​លើស​ពី​នេះ​ច្បាស់​ជា​លិច​មិន​ខាន​ឡើយ គ្រាន់តែ​ការ​លិច​នោះ​ប្រើប្រាស់​ពេលវេលា​តិច​ជាង​មុន​ប៉ុណ្ណោះ ។

ទោះបីជា​យ៉ាងណា​ក្តី​ យើង​ក៏​មាន​មោទនភាព​ផង​ដែរ​ដោយ​ការ​ចូល​ខែវស្សា​ចាប់ពី​ខែឧសភា​, មិថុនា និង​ខែកក្កដា ៣​ខែ​កន្លង​មកនេះ​មាន​ភ្លៀង​ច្រើន​លើក​ដែរ តែ​តំបន់​ដែល​ធ្លាប់​លិច​ជា​ច្រើន​កន្លែង​បែរជា​មិន​លិច ដោយសារ​តំបន់​មួយ​ចំនួន​នោះ​យើង​បាន​ដាក់​បណ្តាញ​លូ​ធំ​ៗ​ជា​ច្រើន​កន្លែង អាច​រំដោះ​ទឹកភ្លៀង​បាន ដែល​នេះ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ប្រសិទ្ធភាព​នៃ​ការ​ដាក់​បណ្តាញ​លូ ក្រោម​យុទ្ធសាស្ត្រ​ដឹកនាំ​របស់​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។

លោក សាំ ពិសិដ្ឋ បាន​លើក​ឡើង​ទៀត​ថា មូលហេតុ​នៃ​ការ​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​កាលពី​ល្ងាច​ថ្ងៃ​ទី​០១ សីហា​កន្លង​ទៅ គឺ​ផ្តើម​ឡើង​ពី​បម្រែ​បម្រួល​អាកាសធាតុ ដោយសារ​ភ្លៀង​ខ្លាំង និង​មាន​រយ​:​ពេល​ខ្លី​លើស​ពី​៤០​មី​លី​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​លូ​ដែល​ប្រើ​សព្វ​ថ្ងៃនេះ​មួយ​ចំនួន​ជា​ប្រភេទ​លូ​តូច និង​ចាស់​ៗ​សល់​តាំងពី​សង្គមរាស្ត្រនិយម ដែល​យើង​មិន​ទាន់​បាន​ផ្លាស់​ប្តូរ​អស់នៅ​ឡើយ ។ សមត្ថភាព​នៃ​ការ​មូ​ប​ទឹក​ចេញ​នៅ​មាន​កម្រិត ដោយ​សារ​តែ​រាជធានី​ភ្នំពេញ​របស់​យើង​ស្ថិត​ក្នុង​តំបន់​ទំនាប មាន​ទំនប់​ព័ទ្ធ​ជុំវិញ មួយ​ផ្នែក​មានការ​រំលោភ​យក​អាង​ស្តុ​ប​ទឹក ជា​ពិសេស​បឹង​ត្របែក​តែ​ម្តង ដែល​បឹង​នេះ​អាច​រំដោះ​ទឹកបាន​ពី​៦០%​ទៅ​៧០% និង​បញ្ហា​សម្រាម​នៅ​មាត់​លូ និង​ក្នុង​លូ ដែល​ធ្វើ​ឱ្យ​ទឹក​ស្ទះ​មិន​ហូរ ប៉ុន្តែ​ទោះជា​យ៉ាងណា​ទឹក​បាន​ស្រក​លឿន​ជាង​ឆ្នាំ​មុន​ៗ គឺ​ក្នុង​រយ​:​ពេល​តែ​កន្លះ​ម៉ោង ២​ម៉ោង ឬ ៣​ម៉ោង​ប៉ុណ្ណោះ មិន​ដូច​ពេល​មុន​ៗ គឺ​មួយ​យប់​ទល់​ភ្លឺ​ក៏​នៅ​មិន​ទាន់​ស្រក​អស់​ផង ។

លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ខិតខំ​ធ្វើ​ជា​រៀងរាល់ថ្ងៃ ដើម្បី​កាត់​បន្ថយ​ការ​លិច​យ៉ាងតិច​ក្នុង​មួយ​ឆ្នាំ​ឱ្យ​បាន​៣០% ហើយ​ជា​ទិស​ដៅ​សាលា​រាជធានី​ភ្នំពេញ​នឹង​ជុំរុញ​រៀបចំ​ដោយ​យកចិត្តទុកដាក់​ការងារ​ខាងលើ​នេះ​រហូត​ដល់​មិន​មានការ​លិចលង់​តែ​ម្តង​នៅ​ពេល​ខាង​មុខ ដូច​អ្វី​ដែល​សាលា​រាជធានី​បាន​សន្យា ។

លោក​បន្ត​ថា ប្រព័ន្ធ​លូ​នៅ​ឆ្នាំ​២០១៤ សាលា​រាជធានី​ភ្នំពេញ​ស្ថាបនា​បាន​៥៥​គីឡូម៉ែត្រ​ក្នុង​ចំណោម​ប្រព័ន្ធ​លូ​សរុប​មាន​ចំនួន​៥១៥​គីឡូម៉ែត្រ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន​នេះ ការដ្ឋាន​ស្ថាបនា​លូ​ប្រឡាយ​នៅ​រាជធានី​ភ្នំពេញ​មាន​ជាង​៥០​ទីតាំង ៕