ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​សួរ​រឿង​មន្ត្រី​អង្គការ និង​ប៉េ​អឹ​ម​ប្តឹង​ឈ្មួញ​ឈើ​ឈ្មោះ​ជឿ​ង ថេ​ង លោក​ព្រះរាជអាជ្ញា​ខេត្តកំពង់ស្ពឺ​ក្តៅស្លឹកត្រចៀក

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ លោក​កែវ សុធា ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ដែល​បាន​សួរ​ទៅ​លោក​រឿង មន្ត្រី​អង្គការ និង​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស

ខេត្តកំពង់ស្ពឺ ៖ លោក​កែវ សុធា ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ដែល​បាន​សួរ​ទៅ​លោក​រឿង មន្ត្រី​អង្គការ និង​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ប្តឹង​ពី​លោក​ជឿ​ង ថេ​ង ជា​មន្ត្រី​យោធា​នៅ​ភូមិភាគ​៣ ដែល​គេ​ស្គាល់​ថា ជា​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុសច្បាប់​ផង​ដែរ​នោះ។ 

កាលពី​រសៀល​ថ្ងៃ​ទី​០៣ សីហា ២០១៥ អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បាន​សុំ​សម្ភាសន៍​លោក​កែវ សុធា ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកំពង់ស្ពឺ អំពី​រឿង​មន្ត្រី​របស់​អង្គការ​វ៉ា​យ​អេ​ត និង​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​សរុប​៦​នាក់ ដែល​បាន​ដាក់​ពាក្យ​ប្តឹង​ឈ្មោះ​ជឿ​ង ថេ​ង ជា​មន្ត្រី​យោធា​នៅ​ភូមិភាគ​៣ ដែល​ជា​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុសច្បាប់ បាន​ដឹកនាំ​កម្លាំង​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ប្រុង​ប្រើប្រាស់​កម្លាំងយោធា ដើម្បី​រំដោះ​យក​ឈើ​របស់​ខ្លួន​ដែល​ត្រូវ​អង្គការ និង​កម្លាំង​អាវុធហត្ថ​ឃាត់​ចាប់​នោះ​។

គ្រាន់តែ​អ្នក​យក​ព័ត៌មាន​ធ្វើការ​សាកសួរ​ស្រាប់តែ​លោក​កែវ សុធា ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ខឹង​ឆ្លើយ​ថា រឿង​ប្តឹងប្តល់​គ្នា​នេះ ខ្ញុំ​កំពុងធ្វើការ​សាកសួរ​បណ្តើរ​ៗ​តាម​នីតិវិធី ហើយ​កោះហៅ​សួរ​ម្នាក់​ម្តង​ៗ គឺ​អ្នក​ទាំងនោះ​នៅ​ខេត្ត​ឆ្ងាយ​ៗ ទើប​យូរ​បែប​នេះ​។ លោក​កែវ សុធា បន្ត​ថា ខ្ញុំ​ឆ្ងល់ ថី​បានជា​អ្នកកាសែត​តាមដាន​រឿង​មួយ​នឹង​ខ្លាំង​ម្ល៉េះ ម៉េច​ខ្លាច​ខ្ញុំ​មិន​ធ្វើការ​ឬអី0x017d7 មិនមែន​មាន​តែ​មួយ​រឿង​នឹង​ទេ គឺ​នៅ​មានរឿង​ប្រជាជន​ច្រើន​ទៀត ដែល​ត្រូវ​ដោះស្រាយ​ដែរ​។ គ្រាន់តែ​និយាយ​ចប់​លោក​កែវ សុធា ក៏​បាន​ចុច​ទូរស័ព្ទ​បិទ​ទៅ ដែល​សំនួរ​ខាងលើ​នេះ ហាក់បីដូចជា​ធ្វើ​ឲ្យ​លោក​ព្រះរាជអាជ្ញា​ក្តៅស្លឹកត្រចៀក​ខ្លាំង​ណាស់ សង្ស័យ​មាន​អ្វី​ពាក់ព័ន្ធ​ជាមួយ​លោក​ផង​ក៏​មិនដឹង​។ ជា​ធម្មតា​អ្នកកាសែត​គ្រាន់តែ​ចង់​ដឹង​អំពី​ចំណាត់ការ​របស់​តុលាការ​ចាត់ការ​ទៅ​លើ​បុគ្គល​ម្នាក់​នេះ ដោយ​របៀប​ណា ព្រោះ​រយៈកាល​កន្លង​មក​គាត់ (​ជឿ​ង ថេ​ង​) សំបូរ​ទៅ​ដោយ​រឿងអាស្រូវ​រាប់​មិន​អស់​ទេ គេ​មិន​ដែល​ឃើញ​ច្បាប់​ចាត់ការ​គាត់​បាន​ម្តងណា​ទេ​។ ចុះ​ហេតុ​អ្វី គ្រាន់តែ​អ្នកកាសែត​សុំ​សំភាស​ន៏​ប៉ុណ្ណឹង បែរជា​លោក​ព្រះរាជ​អាជ្ញា​ក្តៅស្លឹកត្រចៀក​បែប​នេះ0x017d7 រឿង​តាមដាន មិន​តាមដាន មិនមែន​មាន​តែ​អ្ន​កាសែត​ទេ សូ​ម្បី​តែ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្ត​ក៏​ចង់​ដឹង​រឿង​នេះ​ដែរ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា រឿងរ៉ាវ​ចាស់​មិន​ទាន់​ទាំង​ដោះស្រាយ​ចេញ​ផង​នោះ កាលពី​យប់​ថ្ងៃ​ទី​០១ សីហា ២០១៥ អង្គការ​វ៉ា​យ​អេ​ត បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ព័ទ្ធ​ចាប់​រថយន្ត​របស់​ឈ្មួញ​រកស៊ី​ដឹកឈើ​ដុះ​ស្លែ​ឈ្មោះ​ជឿ​ង ថេ​ង ម្នាក់​នេះ បាន​ជាង​១៨​ម៉ែត្រគូប​ជា​ថ្មី​ម្តងទៀត​។

សូម​រំលឹក​ថា កាលពី​អំឡុង​ខែមិថុនា ២០១៥ កន្លង​ទៅ សមត្ថកិច្ច​មួយ​ក្រុម​ដែល​មាន​មន្ត្រី​អាវុធហត្ថ និង​យោធា រួម​ទាំង​មន្ត្រី​អង្គការ និង​មេព្រៃ​ផង​នោះ បាន​បើក​ប្រតិ​បត្តិ​ការ​ចុះ​បង្ក្រាប​រថយន្ត​មួយ​គ្រឿង​ដែល​ដឹកឈើ​ខុសច្បាប់ តែ​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ចេញ​មក​ស្ទាក់ និង​រារាំង​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ក្នុង​ន័យ​ប៉ុនប៉ង​ប្លន់​យក​វត្ថុ​តាង​ឈើ​ល្មើសច្បាប់​ពី​ដៃ​សមត្ថកិច្ច​។ មនុស្ស​មួយ​ក្រុម​នោះ ត្រូវ​បាន​ស្គាល់​ថា មានឈ្មោះ​ជឿ​ង ថេ​ង ជា​មេខ្លោង​ក្នុង​ការ​បញ្ជា​កូនចៅ​របស់​ខ្លួន​ឱ្យធ្វើ​សកម្មភាព​ល្មើស​នេះ​។ ឈើ​ដែល​មន្ត្រី​យោធា​ភូមិភាគ​៣ ឈ្មោះ​ជឿ​ង ថេ​ង ប្រើប្រាស់​អាវុធ​គំរាម​បាញ់​សម្លាប់​ក្នុង​គោលបំណង​ដណ្តើម​យក​ឈើ​ខុសច្បាប់​ទៅ​វិញ​នោះ មាន​ចំនួន​ជាង​៦​ម៉ែត្រគូប ។​    ​ក្រោយ​កើតហេតុ​ក្រុម​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ ដែល​សហការ​ជាមួយនឹង​អង្គការ​សម្ព័ន្ធភាព​សត្វព្រៃ Wildlife Alliance (WA) រួម​មាន​លោក​វរសេនីយ៍ទោ សៀង អ៊ុំ មេបញ្ជាការ​កងរាជអាវុធហត្ថ​ប្រចាំ​អង្គការ WA លោក​អនុសេនីយ៍ទោ ម៉ិ​ល សា​រៀម មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​អនុសេនីយ៍ទោ បេ ចំរើន មន្ត្រី​កង​យោធា​ភូមិភាគ​ទី​៣ លោក​ឃី ហម មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​គង់ ចិ​ត្រា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​អង្គការ WA និង​លោក​ជន ហុង ជា​បុគ្គលិក​អង្គការ WA ។ ក្រុម​មន្ត្រី​ទាំងអស់​បាន​ដាក់​ពាក្យបណ្តឹង​ចូល​អយ្យការ​អម​សាលា​ដំ​បូ​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១៥ មិថុនា ២០១៥ កន្លង​មក ប្តឹង​ទៅ​លើ​មន្ត្រី​យោធា​ឈ្មោះ​ជឿ​ង ថេ​ង និង​បក្សពួក​៤​នាក់ ពាក់ព័ន្ធ​ទៅ​នឹង​ករណី «​រារាំង​សមត្ថកិច្ច​ពេល​ប្រតិបត្តិការ​ប្លន់​វត្ថុ​តាង​បទល្មើស​ព្រៃឈើ និង​ប៉ុនប៉ង​មនុស្សឃាត​» ។

គួរ​បញ្ជាក់​ថា ក្រុម​សមត្ថកិច្ច​រង​គ្រោះ​បាន​បើក​ប្រតិបត្តិការ​ចាប់​រថយន្ត​១​គ្រឿង ម៉ាក Hyundai ដែល​កំពុង​តែ​ដឹកឈើ​ផ្ចឹក​អារ​ប្រភេទ​លេខ​១ ចំនួន​៧៦២​សន្លឹក ស្មើនឹង​ជាង​៦​ម៉ែត្រគូប កាលពី​វេលា​ម៉ោងជាង​១១​យប់ ថ្ងៃ​ទី​១០ មិថុនា ២០១៥ ស្ថិត​ក្នុងភូមិ​កន្ទួត ស្រុក​ឪ​រ៉ា​ល់​។ អ្នក​បើករថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ពេល​នោះ​ក្រុម​សមត្ថកិច្ច​បាន​នាំ​យក​រថយន្ត និង​វត្ថុ​តាង​ទៅ​រក្សា​ទុក​។ ប៉ុន្តែ​បន្ទាប់​ពី​ចេញពី​កន្លែង​កើតហេតុ​បាន​ប្រហែល​១០០​ម៉ែត្រ ស្រាប់តែ​ឈ្មោះ​ជឿ​ង ថេ​ង និង​បក្ខពួក​ចំនួន​៤​នាក់​ផ្សេង​ទៀត បាន​បើករថយន្ត​១​គ្រឿង​ម៉ា​កវី​ហ្គូ​ទៅ​រារាំង ហើយ​បាន​ចុះ​ពីលើ​រថយន្ត​នោះ ដោយ​មាន​កាំភ្លើងខ្លី​ម៉ា​កឡុក ភ្ជង់​គំរាម​ពួក​លោក និង​ស្រែក​ឲ្យ​ប្រគល់​រថយន្ត និង​ឈើ​ឲ្យ​ទៅ​គេ​វិញ​។ មន្ត្រី​យោធា​ឈ្មោះ​ជឿ​ង ថេ​ង នេះ គឺ​សំបូរ​ទៅ​ដោយ​រឿងអាស្រូវ​ជា​ច្រើន​នា​ពេល​កន្លង​មក ដូច​ជា​វ៉ៃ​មន្ត្រី​យោធា​ខាង​អធិការកិច្ច​ក្រសួងការពារជាតិ និង​ត្រូវ​ស្ត្រី​ម្នាក់​ប្តឹង​ពី​បទ​រំលោភ​សេពសន្ថវៈ រឿង​ឈ្លោះ​គ្នា​ជាមួយ​មន្ត្រី​អាវុធហត្ថ​ខេត្ត រឿង​មិន​ឱ្យ​ឃាត់​ចាប់​ឡាន​ដឹកឈើ​គ្រញូង រឿង​ប្រើ​អាវុធ​គំរាម​សម្លាប់​នគរបាល​សេដ្ឋកិច្ច​ខេត្ត ក្នុង​ការ​ដែល​មន្ត្រី​នគរបាល​ទាំងនោះ​បាន​ស្ទាក់​ឃាត់​ឡាន​ដឹកឈើ​ធ្នង់​របស់​គេ​ជាដើម​។

កោះសន្តិភាព​បាន​ព្យាយាម​សុំ​ការ​ពន្យល់​បកស្រាយ​ពី​លោក​ជឿ​ង ថេ​ង ដែល​រង​នូវ​ការ​ចោទ​នេះ​ដែរ តែ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​ទទួល​៕