ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា​ ៖ ហាមឃាត់​សម្លៀក​បំពាក់​ខើច​ខ្លី​មិន​សមរម្យ តែ​មិន​មាន​ហាមឃាត់​ឯកសណ្ឋាន​យោធា​ក្នុង​ទី​សាធារណៈ​ទេ

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) និង​សារព័ត៌ មាន​មួយ​ចំនួន​បាន​លើកយក​ឯកសណ្ឋាន​យោធា​របស់​ជនបរទេស​ម្នាក់ ដែល​ពាក់​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ជា​ពិសេស​ប្រាសាទអង្គរវត្ត ។

ខេត្តសៀមរាប ៖ ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) និង​សារព័ត៌ មាន​មួយ​ចំនួន​បាន​លើកយក​ឯកសណ្ឋាន​យោធា​របស់​ជនបរទេស​ម្នាក់ ដែល​ពាក់​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ជា​ពិសេស​ប្រាសាទអង្គរវត្ត ។ ការ​លើក​ឡើង​នេះ​បាន​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត និង​រិះគន់​មក​លើ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បណ្តោយ​ឲ្យ​មាន​ករណី​បែប​នេះ​កើតឡើង​ ។

ទាក់ទង​នឹង​ការ​លើក​ឡើង​នេះ លោក ឡុ​ង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ប្រាប់​«​កោះសន្តិភាព​»​នៅ​ល្ងាច​ថ្ងៃ​ទី​០២ សីហា ២០១៥​នេះ​ថា អាជ្ញាធរ​ជាតិ​អប្សរា មាន​គោលការណ៍​ហាមឃាត់​រាល់​សម្លៀក​បំពាក់​សិច​ស៊ី ខើច​ខ្លី​ជាដើម ដែល​បង្ហាញ​ភាព​មិន​សមរម្យ​ដល់​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ផូរផង់​របស់​ខ្មែរ ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ជាតិ​អប្សរា​មាន​ភារកិច្ច​អភិរក្ស​បេតិកភណ្ឌ ការ​ថែរក្សា​ប្រាសាទ និង​អ្វី​ៗ​ដែល​ពាក់ព័ន្ធ​ផ្នែក​វប្បធម៌​ជាដើម តែ​មិនមែន​សំដៅលើ​ការ​ស្លៀកពាក់​ឯកសណ្ឋាន​បែប​យោធា​ជាដើម​នោះ​ឡើយ ។

ភ្នាក់ងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ណែនាំ​ឲ្យ​គាត់​(​ជនបរទេស​ដែល​ពាក់​ឯកសណ្ឋាន​យោធា​)​ដោះ​មួក​ពេល​ដែល​ត្រូវ​ឡើង​ទៅ​កាន់​រួត​បាកាណ ព្រោះ​ទីនោះ​ជាទី​គោរព​សក្ការៈ​របស់​ពុទ្ធបរិស័ទ ។ ការ​ណែនាំ​នេះ​ក៏​មិនមែន​ធ្វើ​តែ​ចំពោះ​រូប​គាត់​ម្នាក់​ដែរ គឺ​រាល់​ភ្ញៀវ​ទេសចរណ៍​ទាំងអស់ មិន​ត្រឹមតែ​ប៉ុណ្ណោះ រួត​បាកាណ​ក៏​ត្រូវ​បាន​បិទ​មិន​ឲ្យ​ចូល​ទស្សនា​ជា​រៀងរាល់ថ្ងៃ​សីល​ផង​ដែរ ទុក​សម្រាប់​ពុទ្ធបរិស័ទ​ដែល​ធ្លាប់​ឡើង​ទៅ​គោរព​បូជា​តាម​ទំនៀមទម្លាប់​ពី​ដើម​រៀង​មក ។

ជាមួយ​គ្នា​នេះ​ដែរ លោក ឡុ​ង កុសល ក៏​បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ សូម​មេត្តា​ថ្លឹងថ្លែង​ព័ត៌មាន​ផ្សេង​ៗ ដែល​ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក ព្រោះថា អ្នក​បង្ហោះ​ទាំងនោះ​មិន​មាន​ភាព​ទទួលខុសត្រូវ​ចំពោះ​អ្វី​ដែល​ខ្លួន​បង្ហោះ​នោះ​ទេ ។ ព័ត៌មាន​មួយ​ចំនួន​ទៀត​ក៏​យក​ចេញពី​អ្នក​ដទៃ​ទៅ​អធិប្បាយ​ក្នុង​ន័យ​ផ្សេង ក្នុង​ន័យ​បំភ្លៃ​ព័ត៌មាន បំពុលសង្គម តាម​ភាព​អគតិ​របស់​ខ្លួន​ទាំង​ដែល​ខ្លួន​មិន​បានឃើញ ឬ​ជួប​ប្រទះ ធ្វើ​ឲ្យ​ប្រាសចាក​ពី​ការ​ពិត​ទាំងស្រុង​ក៏​មាន ។

សូម​បញ្ជាក់​ថា តាម​រយៈ​កិច្ច​ប្រឹងប្រែង​របស់​ក្រុមការងារ​រៀបចំ​ផែនការ​គ្រប់គ្រង​ទេសចរណ៍​អង្គរ (TMP) នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្កើត​ក្រុម​ប្រតិបត្តិ​សម្រាប់​ភ្ញៀវ​ទេសចរ​គ្រប់​រូប ដែល​ចូល​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ ។ ក្រុម​ប្រតិបត្តិ​នេះ​មាន​៧​ចំណុច​សំខាន់​ៗ​គឺ ១-​ការ​ស្លៀក​បំពាក់​ខើច​ខ្លី​មិន​សមរម្យ​, ២-​ការ​ប៉ះពាល់​រូបចម្លាក់​ដែល​មាន​សញ្ញា​ហាមឃាត់​, ៣- ការ​អង្គុយ​លើ​បង្កាន់ដៃ​ដែល​ផុយ​ស្រួយ​, ៤-​ការ​ថតរូប​បង្ហាញ​អវៈយវៈ​មិន​សមរម្យ​, ៥-​ការ​ជក់បារី​, ៦- ការ​ចូល​ទៅ​កាន់​តំបន់​គ្រោះថ្នាក់​ដែល​ហាមឃាត់ និង​៧-​សកម្មភាព​បំផ្លិចបំផ្លាញ​ដល់​ចម្លាក់ ឬ​រចនាសម្ព័ន្ធ​ប្រាសាទ ។

ទន្ទឹម​នឹង​នេះ ការ​បំពង​សំឡេង ឬ​ស្រែកច្រៀង​ឡូឡា​ជាដើម​ក្នុង​តំបន់​ប្រាសាទ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ដទៃ ក៏​ត្រូវ​បាន​ហាមឃាត់​ដូច​គ្នា​ផង​ដែរ ៕