ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​និង​យុវជន​មាន​ជំងឺគ្រុនឈាម​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្ត​កើនឡើង

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ នៅ​ចុងខែ​កក្កដា​នេះ ជំងឺគ្រុនឈាម​បាន​កើតឡើង​លើ​កុមារ​និង​យុវជន នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ឃុំ​ឆ្ងាយ​ៗ មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​កូនចៅ​របស់​ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ នៅ​ចុងខែ​កក្កដា​នេះ ជំងឺគ្រុនឈាម​បាន​កើតឡើង​លើ​កុមារ​និង​យុវជន នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ឃុំ​ឆ្ងាយ​ៗ មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​កូនចៅ​របស់​ខ្លួន ។

លោក ប៊ុ​ន អេ​ង​គ្រុយ អនុប្រធាន​កម្មវិធី​គ្រុនចាញ់ និង​គ្រុនឈាម​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ឱ្យ​ដឹង​ថា បើ​គិត​រយៈពេល​ដូច​គ្នា​នៅ​ចុងខែ​កក្កដា​នេះ កុមារ​និង​យុវជន​កើត​ជំងឺគ្រុនឈាម​ទាំង​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្ត​នា​ឆ្នាំ​២០១៤ មាន​តែ​ចំនួន​២៤​ករណី​ប៉ុណ្ណោះ តែ​ឆ្នាំ​២០១៥​នេះ មាន​ចំនួន​១៣០​ករណី ។ ជំងឺ​នេះ​បាន​កើតឡើង​រាយ​ប៉ាយ​គ្រប់​ស្រុក​-​ក្រុង​ក្នុង​ខេត្ត ហើយ​ស្រុក​ដែល​ច្រើន​ជាងគេ​គឺ​ស្រុក​សាមគ្គី​មាន​ជ័យ និង​ស្រុក​រលាប្អៀរ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​ស្លាប់​នោះ​ទេ ។

លោក​បាន​បន្ត​ថា ទិស​ដៅ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត ត្រូវ​ចុះ​អន្តរាគមន៍​នៅ​គ្រប់​តំបន់ ដែល​មាន​ជំងឺគ្រុនឈាម​កើតឡើង​ដោយ​ជំរុញ​ការ​ចែក​ថ្នាំ​នៅ​តាម​ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ដែល​មាន​ដង់ស៊ីតេ​ប្រជាជន​ខ្ពស់ និង​តំបន់​មាន​កើត​ករណី​គ្រុនឈាម​ច្រើន​ជាងគេ ។ ជាមួយ​នេះ បន្ត​អង្កេត​តាមដាន និង​ស្រាវជ្រាវ​ផ្ទាល់​ក្នុង​សហគមន៍ ដើម្បី​ស្វែង​យល់​ពី​ដំណើរ​វិវត្តន៍​នៃ​ជំងឺគ្រុនឈាម​នេះ និង​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​ជំងឺគ្រុនឈាម និង​ចែក​ខិត្ដប័ណ្ណ​សារ​អប់រំ​ដល់​ប្រជាពលរដ្ឋ និង​តាម​ទីប្រជុំជន​នានា​ទូ​ទាំង​ខេត្ត ។

លោក​ប៊ុ​ន អេ​ង​គ្រុយ បន្ត​ទៀត​ថា ក្រសួងសុខាភិបាល​បាន​យកចិត្តទុកដាក់​ខ្លាំង​ណាស់​អំពី​ជំងឺគ្រុនឈាម​នេះ ហើយ​បានឱ្យ​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត ទូ​ទាំង​ប្រទេស​ត្រូវ​រាយការណ៍​ឱ្យ​បាន​ទាន់​ពេលវេលា បើសិន​កើត​មាន​ផ្ទុះ​ជំងឺគ្រុនឈាម​ច្រើន​នោះ ។ ដោយ​ស្ថានភាព​បច្ចុប្បន្ន​កំពុង​មាន​ជំងឺគ្រុនឈាម​កើតឡើង​នៅ​គ្រប់​ស្រុក ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ខេត្ត សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ចំពោះ​ជំងឺគ្រុនឈាម​ដ៏​កាច​សាហាវ​នេះ ។

ពេល​នេះ​ជា​រដូវវស្សា​ធ្លាក់​ភ្លៀង​ច្រើន ការ​កើត​មូស​ខ្លា​ក៏​មាន​ច្រើន​ត្រូវ​នាំ​គ្នា​លុប​បំបាត់​ទឹក​ដក់ និង​កាប់​ឆ្ការព្រៃ​ក្បែរ​ៗ​ផ្ទះ​ឱ្យ​អស់​ដែល​ជា​ប្រភព​មូស​ខ្លា​ជ្រក​នៅ​ពង​កូន ។ សូម​ឱ្យ​កូនចៅ​ដេក​ក្នុង​មុង​ទោះ​យប់​ឬ​ថ្ងៃ​ក៏​ដោយ ហើយ​បើ​មាន​កូនចៅ​ក្តៅខ្លួន​ដែល​សង្ស័យ​ថា កូន​មាន​ជំងឺគ្រុនឈាម​ត្រូវ​យក​កូនចៅ​ទៅ​មណ្ឌល​សុខភាព និង​ពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​បំផុត​តាម​មូលដ្ឋាន​ដើម្បី​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ព្យាបាល ៕