ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌចំការមន​មិន​មាន​គោលការណ៍​បណ្តេញ​ពលរដ្ឋ​ពី​ប៊ូល​ឌិ​ញ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​លេចឮ​ពាក្យ​ច​ចាម​អា​រ៉ា​ម​ជា​ច្រើន​ក្នុង​រយៈពេល​ជាង​១​ខែ​កន្លង​មកនេះ ទាក់ទិន​នឹង​ការ​បណ្តេញ​អ្នក​រស់នៅ​ក្នុង​អគារ​ប៊ូល​ឌិ​ញ​ចេញពី​សំណង់​អគារ ដោយ​យោង​ហេតុផល​ថា អគារ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​នោះ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​លេចឮ​ពាក្យ​ច​ចាម​អា​រ៉ា​ម​ជា​ច្រើន​ក្នុង​រយៈពេល​ជាង​១​ខែ​កន្លង​មកនេះ ទាក់ទិន​នឹង​ការ​បណ្តេញ​អ្នក​រស់នៅ​ក្នុង​អគារ​ប៊ូល​ឌិ​ញ​ចេញពី​សំណង់​អគារ ដោយ​យោង​ហេតុផល​ថា អគារ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា លោក ជ គឹ​ម​ស៊​រ អភិបាលរង​ខណ្ឌចំការមន ក៏​ដូច​ជា​លោក ខាត់ ណា​រិ​ទ្ធិ ចៅសង្កាត់​ទន្លេបាសាក់ បាន​មាន​ប្រសាសន៍ នៅ​វេទិកាសាធារណៈ​មួយ​រៀបចំ​ឡើង​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្បែរ​អគារ​ប៊ូល​ឌិ​ញ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ថា អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​សាលា​រាជធានី​ភ្នំពេញ​មិន​មាន​គោលការណ៍ ឬ​វិធានការ​ណាមួយ​បណ្តេញ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​អគារ​ប៊ូល​ឌិ​ញ​ប្រមាណ​៥០០​គ្រួសារ ឱ្យ​ចេញ​ដូច​ពាក្យ​ច​ចាម​អា​រា​៉​ម​ដែល​បាន​លេចឮ​ត​ៗ​គ្នា​កន្លង​មក​ឡើយ ។

ទោះបីជា​អាជ្ញាធរ​មូលដ្ឋាន​បាន​អះអាង​បញ្ជាក់​នៅ​ក្នុង​វេទិកាសាធារណៈ​បែប​នេះ​ក៏​ដោយ ក៏​ក្តី​កង្វល់​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​អគារ​ប៊ូល​ឌិ​ញ នៅ​តែ​មាន​មន្ទិល​សង្ស័យ​ថា សាលា​រាជធានី​ភ្នំពេញ​នឹង​មាន​គម្រោង​ដោះ​ដូរ​ទីជម្រក​របស់​ពួក​គាត់​ទៅ​តំបន់​ជាយក្រុង តាម​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ណាមួយ ដូច​ការ​អភិវឌ្ឍ​នា​ពេល​កន្លង​មក​ដូច​ជា តំបន់​ដីក្រហម និង​តំបន់​សំបុកចាប​ជាដើម ។ ជាមួយ​គ្នា​នេះ​ដែរ បងប្អូន​ដែល​រស់នៅ​អគារ​ប៊ូល​ឌិ​ញ លើក​ឡើង​ថា ពួក​គាត់​ទទួលស្គាល់​ថា​ពិត​ណាស់ អគារ​ប៊ូល​ឌិ​ញ​មាន​សភាព​ទ្រុឌទ្រោម ប៉ុន្តែ​ពួក​គាត់​បាន​ស្តីបន្ទោស​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​ថា មិន​មាន​ចេតនា​ណាមួយ​ក្នុង​ការ​ជួស​ជួល​កែ​ច្នៃ​អគារ​នេះ​សម្រាប់​ផ្តល់​ឱកាស​ឱ្យ​ពួក​គាត់​បាន​រស់នៅ​ទីនោះ​តទៅ​ទៀត​ឡើយ គឺ​មាន​តែ​ឆន្ទៈ​ក្នុង​ការ​ជម្លៀស​ពួក​គាត់​ចេញ​ដើម្បី​បាន​ផល​ចំណេញ​ពី​ក្រុមហ៊ុន​ណាមួយ​ដែល​ឈាន​ជើង​ចូល​អភិវឌ្ឍ​លើ​អគារ​ដ៏​ចំណាស់​មួយ​នេះ ។

ពលរដ្ឋ​រៀបរាប់​ថា ពួក​គាត់​បានដឹង​ច្បាស់​ហើយពី​តម្លៃ​ទីផ្សារ​ដី​បច្ចុប្បន្ន​នៅ​ជុំវិញ​អគារ​ប៊ូល​ឌិ​ញ គឺ​១​ម៉ែត្រការ៉េ​មិន​ក្រោម​៥​ពាន់​ដុល្លារ​ឡើយ ដូច្នេះ​ពួក​គាត់​សុំ​ប្រកាស​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រុម​ឈ្មួញ​ដែល​មាន​ទឹកចិត្ត​ឈាន​ជើង​ចង់​លូកដៃ​ចូល​អភិវឌ្ឍ​នៅ​តំបន់​អគារ​ប៊ូល​ឌិ​ញ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ថា អស់លោក​យក​ទំហំ​ដី​ទាំងមូល​គុណ​នឹង​១​ម៉ែត្រការ៉េ​ជា​មធ្យម​៥​ពាន់​ដុល្លារ​នោះ ហើយ​បែងចែក​ជូន​ពលរដ្ឋ​ទាំងអស់​តាំង​ពីលើ​រហូត​ដល់​ក្រោម គឺ​ទឹកប្រាក់​នេះ​មាន​ចំនួន​ខ្ពស់ ។ បងប្អូន​ប្រជាពលរដ្ឋ​ប្រាកដជា​ទទួល​បាន​នូវ​សំណង​សមរម្យ​ធ្វើ​ឱ្យ​ពួក​គាត់​ចាត់​ទុក​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​អាជ្ញាធរ​ថា ពិតជា​ឪពុក​ម្តាយ​ដ៏​ល្អ​ដែល​មាន​ក្តី​សន្តោស​ប្រោសប្រណី​ចំពោះ​កូនចៅ​សម្រាប់​ទីជម្រក​ជ្រកកោន​ទៅ​ថ្ងៃ​អនាគត ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អស់លោក​ជា​មន្ត្រី​សាធារណៈ មានឱកាស​ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល​ទីតាំង​ខាងលើ ហើយ ធ្វើការ​បន្លំ​ដោះ​ដូរ​ជម្លៀស​ពួក​គាត់​ទៅ​រស់នៅ​តំបន់​ផ្សេង​នៅ​ជាយក្រុង​ក្នុង​ភាព​មិន​លាតត្រដាង​ជា​សាធារណៈ​នោះ គឺ​ពួក​គាត់​មិន​ចាកចេញ​ជា​ដាច់ខាត ។

ជាមួយនឹង​ការ​លើក​ឡើង​របស់​បងប្អូន​ប្រជាពលរដ្ឋ​នេះ លោក ជ គឹ​ម​ស៊​រ អភិបាលរង​ខណ្ឌចំការមន មាន​ប្រសាសន៍​ថា ក្តី​កង្វល់​របស់​អាជ្ញាធរ គឺ​ព្រួយបារម្ភ​ខ្លាច​បងប្អូន​ជួប​គ្រោះ​ហានិភ័យ​ណាមួយ​កើតឡើង​ជាយថាហេតុ ដោយសារ​អគារ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ប៉ុន្តែ​ចំពោះ​ការ​បណ្តេញចេញ ឬ​ការ​ដោះ​ដូរ​ទីជម្រក​របស់​បងប្អូន​នេះ អាជ្ញាធរ​គ្មាន​ហេតុផល​បែប​នោះ​ជា​ដាច់ខាត ។ បើ​មានការ​រុះរើ​ឬ​ដោះ​ដូរ​នោះ អាស្រ័យ​ទៅ​លើ​បងប្អូន​ដែល​រស់នៅ​មានការ​ឯកភាព​គ្នា​ទាំងស្រុង ទើប​អាជ្ញា​ធរមាន​សិទ្ធិ​ធ្វើ​ជា​សាក្សី​ដឹង​ឮ ជួយ​សម្រួល​ដល់​ការ​ផ្លាស់​ប្តូរ​ទីជម្រក​របស់​បងប្អូន​ប្រជាពលរដ្ឋ ប៉ុន្តែ​បើ​បងប្អូន​ប្រជាពលរដ្ឋ​មិន​មានការ​ឯកភាព​ទេ អាជ្ញាធរ​មូលដ្ឋាន​គ្មាន​ការ​ដោះ​ដូរ ឬ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ជា​ដាច់ខាត ។

គួរ​បញ្ជាក់​ថា វេទិកាសាធារណៈ​ដែល​ធ្វើ​ឡើង​ខាងលើ​នេះ​មានការ​ចូលរួម​ចាំ​ឃ្លាំមើល​ពី​បណ្តា​អង្គការ​សង្គម​ស៊ី​វិល​ជា​ច្រើន ព្រមទាំង​សហគមន៍​នានា​ជា​ច្រើន​ក្នុង​គោលបំណង​តាមដាន​ពី​ទីជម្រក​របស់​អ្នក​រស់នៅ​ក្នុង​អគារ​ប៊ូល​ឌិ​ញ ។

កាលពី​ខែកញ្ញា ឆ្នាំ​២០១៤ លោក ឡុ​ង ឌី​ម៉​ង់ នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានឱ្យ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​ថា «​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​នោះ សាលា​រាជធានី​ភ្នំពេញ​មិន​មាន​ចេតនា ឬ​ផែនការ​ដោះ​ដូរ​អគារ​ប៊ូល​ឌិ​ញ ឬ​ក៏​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ទេ​» ។ លោក​បញ្ជាក់​ថា «​យោង​ប្រសាសន៍​របស់​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ លើក​ឡើង​ថា អគារ​ប៊ូល​ឌិ​ញ​បាន​កសាង​ឡើង​តាំងពី​ឆ្នាំ​១៩៦៤​មក​ម្ល៉េះ បច្ចុប្បន្ន​អគារ​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង និង​មានការ​ពុក​ផុយ ។ ដើម្បី​សុវត្ថិភាព និង​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ បើសិនជា​ប្រជាពលរដ្ឋ​យល់ព្រម​ដោះ​ដូរ សាលា​រាជធានី​ភ្នំពេញ​នឹង​ជួយ​អន្តរាគមន៍​រក​ផ្ទះល្វែង​ក្នុង​បុរី​រុងរឿង​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វា ដើម្បី​ដោះស្រាយ​ជូន ចៀសវាង​គ្រោះថ្នាក់​បាក់​ស្រុត​នៅ​ថ្ងៃ​ណាមួយ​»​។

ទាក់ទិន​ទៅ​នឹង​បញ្ហា​បច្ចេកទេស​នៃ​សំណង់ លោក ស៊ឹ​ង សុច្ច​រ៉ា អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ ធ្លាប់​បានឱ្យ​ដឹង​ថា «​តាម​រយៈ​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង សំណង់​អគារ​ប៊ូល​ឌិ​ញ​នេះ​មាន​វ័យ​ចំណាស់ និង​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ដែល​មិន​អាច​ឱ្យ​ពលរដ្ឋ​រស់នៅ​បាន​តទៅ​ទៀត​ទេ ពីព្រោះ​សំណង់​អគារ​នេះ​កំពុង​ប្រេះ​បាក់ ឬ​របើក​ថ្ម​ដុំ​ៗ ។ ជា​ពិសេស​ផ្ទុះ​បេតុង​ប្លង់​សេ​ជា​បន្តបន្ទាប់​ចេញ​សរសៃដែក​មាន​សភាព​ច្រែះ ឬ​ពុក​ផុយ​តែ​ម្តង​ដោយសារ​ជ្រាប​ទឹក និង​ខ្វះ​ការ​ថែទាំ ។ ម្យ៉ាង​ពលរដ្ឋ​ខ្លះ​ចេះ​តែ​ជួសជុល ឬ​រៀប​បន្ទះក្តារ និង​ថ្ម​បន្ថែម​ទៀត ។

មន្ត្រី​បច្ចេកទេស​រូប​នេះ​បញ្ជាក់​ថា សំណង់​អគារ​នេះ​អាច​នឹងរ​លំបាក់​ស្រុត​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន ហើយ​ក៏​មិនយូរ​ដែរ ។ បញ្ហា​នេះ​មន្ទីរ​បាន​ចេញ​សេចក្តីជូនដំណឹង​៣​លើក​រួច​មក​ហើយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ទាំង​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អាជ្ញាធរ​នៅ​មិន​ទាន់​មានការ​រៀបចំ​នៅឡើយ​ទេ ។ យើង​ពិតជា​មិន​មាន​បំណង​ដេញ​ពលរដ្ឋ ឬ​លក់​ឱ្យទៅ​ឈ្មួញ ឬ​អ្នក​ណា​នោះ​ទេ ប៉ុន្តែ​នេះ​ជា​ក្តី​បារម្ភ​របស់​អ្នកជំនាញ កុំឱ្យ​មាន​បញ្ហា​អ្វីមួយ​កើតឡើង​ថា មន្ត្រី​ជំនាញ​មិន​បាន​ប្រាប់​ជា​មុន ៕