ខេត្តកំពង់ឆ្នាំង ៖ មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង បានរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានចាប់ឈើកែច្នៃប្រភេទក្តារងឿចំនួន២សន្លឹក រួចទារឱ្យបង់លុយចំនួន១០០០ដុល្លាអាមេរិក ជាថ្នូរនឹងការដោះលែង កាលពីយប់ថ្ងៃទី២៥ កក្កដា ២០១៥ ស្ថិតនៅចំណុចមុខទីបញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច តាមបណ្តោយផ្លូវជាតិលេខ៥ ។
ជាមួយគ្នានោះដែរ អ្វីដែលគួរឱ្យហួសចិត្ត ប្រជាពលរដ្ឋបាននិយាយថា ក្តារងឿ២សន្លឹករបស់គាត់ត្រូវបានដោះលែងភ្លាមៗ ក្រោយពីដកយកទូរស័ព្ទដៃស៊េរីទំនើបម៉ាកអាហ្វូន៦មួយគ្រឿងរបស់ជនរងគ្រោះជាថ្នូរ នៅពេលជនរងគ្រោះមិនមានប្រាក់ឱ្យ ។
យុវជនម្នាក់ឈ្មោះហេន ស៊ីញ អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិត្រពាំងត្រយឹង ឃុំពោធិ៍ចំរើន ស្រុកបសេធ ខេត្តកំពង់ស្ពឺ បាននិយាយប្រាប់កោះសន្តិភាពថា ខ្លួនបានដឹកឈើកែច្នៃប្រភេទក្តារងឿ (ឈើរាជថ្កុល) ពីស្រុកវាលវែង ខេត្តពោធិ៍សាត់ មករាជធានីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៥ ។ ឈើក្តារងឿ២សន្លឹកនេះ គឺខ្លួនបានស៊ីឈ្នួលដឹកពីម្ចាស់ឈើក្នុងតម្លៃ៥០០ដុល្លារអាមេរិក ។ ស្រាប់តែរថយន្តមកដល់មុខទីបញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាចនៅវេលាម៉ោង៩យប់ថ្ងៃទី២៥ កក្កដា ២០១៥ ក៏ត្រូវមន្ត្រីកងរាជអាវុធហត្ថ បើករថយន្តដេញមកកាក់ឱ្យឈប់ ហើយបានឱ្យខ្លួនចូលទៅក្នុងទីបញ្ជាការ ។ នៅពេលចូលទៅដល់ក្នុង មានមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលអះអាងថា ខ្លួនជាមេបញ្ជាការបានទារឱ្យបង់លុយចំនួន១០០០ដុល្លាអាមេរិក ទើបឱ្យរថយន្តចេញ ប៉ុន្តែនៅពេលជនរងគ្រោះមិនមានលុយឱ្យ មន្ត្រីអាវុធហត្ថ ក៏ទាមទារឱ្យទម្លាក់ឈើទុក ខណៈនោះជនរងគ្រោះ ក៏ព្រមឱ្យទម្លាក់ ព្រោះខ្លួនគ្មានលុយនោះទេ សព្វថ្ងៃនៅរៀន គ្រាន់តែជំនួសការងារឪពុកខ្លះ ដើម្បីសន្សំលុយទៅរៀនតែប៉ុណ្ណោះ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ