ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​ព្រំដែន​ក្នុងស្រុក​ពេ​ជ្រា​ដា​ត្រាក់ទ័រ​វៀតណាម ​ចូល​ដឹកឈើ​ចាប់​មិន​ចេះ​អស់

8 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ លោក កែវ សុភ​ត៌ អនុប្រធាន​ព្រៃ​ការពារ​មណ្ឌលគិរី​ឱ្យ​ដឹង​ថា ត្រាក់ទ័រ​១​គ្រឿង​របស់​ជនជាតិ​វៀតណាម​ដែល​មាន​ផ្ទុក​ឈើ​ប្រភេទ​សុ​ក្រំ​ចំនួន​៨​កំណាត់​ធំ​ៗ ត្រូវ​បាន​បង្ក្រាប​កាលពី​ថ្ងៃ​ទី​២៤ កក្កដា ត្រង់​ចំណុច​អូរ​ណា ក្បែរ​ច្រករបៀង​ប៉ុស្ដិ៍​៥ ស្ថិត​ក្នុង​ឃុំ​ក្រង​តេះ ស្រុក​ពេ​ជ្រា​ដា

ខេត្តមណ្ឌលគិរី ៖ លោក កែវ សុភ​ត៌ អនុប្រធាន​ព្រៃ​ការពារ​មណ្ឌលគិរី​ឱ្យ​ដឹង​ថា ត្រាក់ទ័រ​១​គ្រឿង​របស់​ជនជាតិ​វៀតណាម​ដែល​មាន​ផ្ទុក​ឈើ​ប្រភេទ​សុ​ក្រំ​ចំនួន​៨​កំណាត់​ធំ​ៗ ត្រូវ​បាន​បង្ក្រាប​កាលពី​ថ្ងៃ​ទី​២៤ កក្កដា ត្រង់​ចំណុច​អូរ​ណា ក្បែរ​ច្រករបៀង​ប៉ុស្ដិ៍​៥ ស្ថិត​ក្នុង​ឃុំ​ក្រង​តេះ ស្រុក​ពេ​ជ្រា​ដា ។

លោក​បន្ត​ថា ក្រៅពី​ត្រាក់ទ័រ​១​គ្រឿង​នេះ មន្ត្រី​ជំនាញ​ដែល​ចុះ​ទៅ​បង្ក្រាប​ក៏​បាន​រក​ឃើញ​កន្ទុយ​រ៉ឺ​ម៉ក​របស់​ត្រាក់ទ័រ​ជនជាតិ​វៀតណាម​៣​គ្រឿង​ទៀត​ផង​ដែរ ប៉ុន្តែ​ស្ថិត​ក្នុង​តំបន់​ស (​ព្រំដែន​) ដូច្នេះ​មិន​អាច​ចូល​ទៅ​រឹបអូស​យក​មក​រក្សា​ទុក​បាន​ឡើយ ។ បច្ចុប្បន្ន ត្រាក់ទ័រ​រួម​នឹង​ឈើ ត្រូវ​បាន​មន្ត្រី​ជំនាញ​នាំ​យក​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី ។

បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​រូប​បង្ហើប​ឱ្យ​ដឹង​ថា ត្រាក់ទ័រ​ដែល​ចូល​មក​ដឹកឈើ​ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី​នេះ គឺ​អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ដែល​មាន​តួនាទី​គ្រប់គ្រង​តាម​បន្ទាត់​ព្រំដែន ដែល​ខាង​នគរបាល​មាន​វរៈ​ការពារ​ព្រំដែន​លេខ​៣០៣ ចំណែក​ខាង​យោធា​មាន​ខាង​ការពារ​ព្រំដែន​លេខ​១០៣ ។

មានការ​កត់សម្គាល់​ឃើញ​ថា នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុងស្រុក​ពេ​ជ្រា​ដា មាន​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​ទៅ​ក្រៅប្រទេស​យ៉ាង​ពេញបន្ទុក ប្រព្រឹត្ត​ដោយ​ជនជាតិ​វៀតណាម ហើយ​ច្រករបៀង​ដែល​កំពុង​មានការ​នាំ​ឈើ​ចេញ​យ៉ាង​គគ្រឹកគគ្រេង​នោះ គឺ​ច្រករបៀង​ប៉ុស្ដិ៍​៥ ដែល​មាន​មន្ត្រី​នគរបាល​ឈ្មោះ នៀវ សា​រុន និង​មន្ត្រី​យោធា​ឈ្មោះ ស៊ឹម សំណាង ជា​អ្នកគ្រប់គ្រង តែ​មិនដឹង​ថា​មានការ​ពាក់ព័ន្ធ ឬ​បែប​ណា​ទេ ប៉ុន្តែ​បើ​និយាយ​ពី​តួនាទី​ភារកិច្ច​គឺ​ត្រូវ​តែ​ជា​អ្នក​ទទួលខុសត្រូវ ។

សូម​បញ្ជាក់​ថា នៅ​តំបន់​ច្រករបៀង​បុ​ស្ដិ៍​៤ និង​ប៉ុស្ដិ៍​៥ ក៏​តែងតែ​មានការ​បង្ក្រាប​ត្រាក់ទ័រ​ដឹកឈើ​របស់​ជនជាតិ​វៀតណាម​ជា​បន្តបន្ទាប់​ដែរ ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ តែ​នៅ​តំបន់​នោះ​គឺ​នៅ​តែ​មាន​ត្រាក់ទ័រ​វៀតណាម​លួច​ចូល​មក​មិន​ចេះ​អស់ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក នៀវ សា​រុន និង​លោក ស៊ឹ​ម សំណាង មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ។ ចំណែក​លោក អ៊ុំ សុវណ្ណ មេបញ្ជាការ​ការពារ​ព្រំដែន​លេខ​១០៣ បានឱ្យ​ដឹង​យ៉ាង​ខ្លី​ថា ត្រាក់ទ័រ​រួម​ជាមួយ​ឈើ​ទាំងនោះ​គឺ​មន្ត្រី​របស់​លោក​ដើរ​ល្បាត​ប្រទះ​ឃើញ​នៅ​ក្បែរ​ច្រករបៀង​ប៉ុស្ដិ៍​៤ ហើយ​លោក​មិន​បាន​បញ្ជាក់​បន្ថែម​ទេ ដោយ​លោក​បញ្ចប់​ត្រឹមតែ​ថា​រវល់ ។ រីឯ​លោក សៀន ស៊ី​វន មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៣០៣ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ការ​ព្យាយាម​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ គ្រាន់តែ​ប្រាប់​ថា​ជា​អ្នក​យក​ព័​ត៌ មាន លោក​ក៏​ចុច​ទូរស័ព្ទ​បិទ​តែម្ដង ៕