រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចាស់២នាក់ត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធចាប់ខ្លួនបាន និងប្រគល់ឱ្យសមត្ថកិច្ចប៉ូលិសសង្កាត់កាកាបដើម្បីធ្វើការសាកសួរ និងដាក់ទោសតាមច្បាប់ ។ ហេតុការណ៍ព័ទ្ធចាប់មុខសញ្ញាចាស់នេះធ្វើឡើងកាលពីវេលាម៉ោង៦ និង២០នាទីព្រលប់ ថ្ងៃទី៣០ កក្កដា ២០១៥ នៅចំណុចផ្ទះជួលមួយកន្លែងក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កាកាបបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់មាន ១-ឈ្មោះ នួន នឿន ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នករើសអេតចាយ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្តឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិអូរធំ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ និង២-ឈ្មោះ នី យ៉ាណេត ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិដូនភើ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ។
ប្រភពបានឱ្យដឹងទៀតថា ពេលចាប់ខ្លួនជនសង្ស័យទាំង២នាក់ ប្រជាពលរដ្ឋបានរឹបអូសម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១១០ (អាសង់ប៊ិច) របស់ជនសង្ស័យដែលលួចកាច់កបានពីភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យកាលពីពេលកន្លងមកផងដែរ ។
ប្រភពពីប្រជាពលរដ្ឋដែលព័ទ្ធចាប់ជនសង្ស័យជាមុខសញ្ញាចាស់ទាំង២នាក់នេះបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យទាំង២នាក់បានជិះម៉ូតូមកលេងផ្ទះជួលមិត្តស្រីនៅកន្លែងកើតហេតុ តែដោយសារប្រជាពលរដ្ឋនៅទីនោះបានស្គាល់ និងអះអាងយ៉ាងច្បាស់ថាជាមុខសញ្ញាចាស់ដែលធ្លាប់លួចគាស់បន្ទប់ជួលលួចយកទូរស័ព្ទ និងម៉ូតូនៅកន្លែងកើតហេតុជាញឹកញាប់ ព្រមទាំងជនរងគ្រោះដែលជាម្ចាស់ផ្ទះជួលធ្លាប់បានដាក់ពាក្យបណ្តឹងផងនោះ ក៏នាំគ្នាព័ទ្ធចាប់បានទាំង២នាក់យកទៅប្រគល់ទៅសមត្ថកិច្ចប៉ុស្តិ៍កាកាបដើម្បីដាក់ទោសតាមច្បាប់ ។
សមត្ថកិច្ចនគរបាលសង្កាត់កាកាបបានឱ្យដឹងផងដែរថា ពេលនេះជនសង្ស័យទាំង២នាក់ត្រូវបានប្រគល់ទៅឱ្យសមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យដើម្បីសាកសួរបន្ត និងចាត់វិធានការទៅតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ