ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​​ប្រចាំ​​ខេត្តពោធិ៍សាត់​ចាប់​ឈើ​អារ​របស់​ឈ្មួញ​ជាង​០៥​ម៉ែត្រ​គូប​​

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖ ​ឈើ​ក្ដារ​ជា​ច្រើន​គំនរ​ដែល​ឈ្មួញ​ទុច្ចរិត​ប្រមូល​ទិញ​ពី​អ្នក​រកស៊ី​កា.ប់​ឈើ​ខុសច្បាប់​យក​មក​គរ​ទុក​ក្នុង​ព្រៃ​នៅ​ចំណុច​រាំង​ខ្វាវ ​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ក្សេត្រ​បូ​រី​ ឃុំ​ស​ន្ទ្រែ ​ស្រុក​ភ្នំក្រវាញ

ខេត្តពោធិ៍សាត់​ ៖ ​ឈើ​ក្ដារ​ជា​ច្រើន​គំនរ​ដែល​ឈ្មួញ​ទុច្ចរិត​ប្រមូល​ទិញ​ពី​អ្នក​រកស៊ី​កាប់​ឈើ​ខុសច្បាប់​យក​មក​គរ​ទុក​ក្នុង​ព្រៃ​នៅ​ចំណុច​រាំង​ខ្វាវ ​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ក្សេត្រ​បូ​រី​ ឃុំ​ស​ន្ទ្រែ ​ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍ សាត់ ​បាន​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ក្រុម​គ​ណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត​ចុះ​ទៅ​បង្ក្រាប​បាន​ទាន់​ពេលវេលា​កាលពី​រសៀល​ថ្ងៃ​ទី​២៩​ ​កក្កដា ​​២០១៥ ​ខ​ណៈ​ពេល​ដែល​ពួក​ឈ្មួញ​ទុច្ចរិត​ទាំងនោះ​កំពុង​រៀប​ដាក់​លើ​រថយន្ត​បំរុង​ដឹក​ចេញ​។

លោក​វ​រៈ​សេនីយ៍​ទោ​ទូច យុ​ទ្ធី​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៩​ កក្កដា ​មាន​ប្រជាពលរដ្ឋ​ និង​ភ្នាក់ងារ​របស់​លោក​បាន​ផ្ដល់​ព័ត៌មាន​មក​ថា​នៅ​ចំណុច​រាំង​ខ្វាវ​ស្ថិត​ក្នុងភូមិ​ក្សេ​ត​បូ​រី​ ឃុំ​ស​ន្ទ្រែ​ ស្រុក​ភ្នំក្រវាញ​ មាន​ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​ប្រើ​កម្មករ​លើក​ឈើ​ដាក់​លើ​រថយន្ត​ដំរីទឹក​ដើម្បី​ត្រៀម​ដឹក​ចេញ​នៅ​ពេល​យប់​ទៅ​តាម​ទម្លាប់​របស់​គេ​កន្លង​មក​។​

ភ្លាម​ៗ​នោះ​កម្លាំង​របស់​លោក​បាន​សហការ​ជាមួយ​ក្រុម​គ​ណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ និង​ស្រុក​ភ្នំក្រវាញ​ចុះ​ទៅ​ដល់​គោលដៅ​ជា​បន្ទាន់​ ប៉ុន្តែ​ពេល​ទៅ​ដល់​ពួក​ឈ្មួញ​ទុច្ចរិត​ និង​កម្មករ​លើក​ឈើ​ទាំងនោះ​ទំនងជា​ដឹង​ព័ត៌មាន​មុន​​បាន​គេចខ្លួន​ចូល​ព្រៃ​អស់​បន្សល់​ទុក​តែ​ឈើ​នៅ​លើ​រថយន្ត​ និង​គំនរ​ឈើ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ព្រៃ​នោះ​ ហើយ​សមត្ថកិច្ច​ក៏បាន​យក​ទាំង​រថយន្ត​ ទាំង​ឈើ​មក​ប្រគល់​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ភ្នំ​ក្រវាញ​តែ​ម្ដង​។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច​ ឈើ​ទាំង​អស់នេះ​មាន​ចំនួន​១៥៣​សន្លឹក​ ស្មើនឹង​៥,២៩១​ម៉ែត្រ​គូប​ជា​ប្រភេទ​ឈើ​លេខ​២​សម្រាប់​សង់ផ្ទះ​។​ ​

​ប្រភព​ព័ត៌មាន​ពី​អ្នកស្រុក​នៅ​ទីនោះ​បាន​លួច​ខ្សឹប​ប្រាប់​ថា​ ឈើ​ទាំង​អស់នេះ​ជា​របស់​មេ​ឈ្មួញ​ឈ្មោះ​វៃ​ និង​ឈ្មោះ​ម៉ៅ​ ដែល​រកស៊ី​យូរ​មក​ហើយ ​ប៉ុន្តែ​មិន​ដែល​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ទេ​ ព្រោះ​គេ​ធ្លាប់​និយាយ​ថាបើ​សមត្ថកិច្ច​ខាង​ណា​ហ៊ាន​ក្អក​ គេ​នឹង​ទិញ​ថ្នាំ​ក្អក​ឲ្យ​លេប ប៉ុន្តែ​ពេល​នេះ​ក​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​គ​ណៈបញ្ជាការ​ឯកភាព​ខេត្ត​ និង​ស្រុក​បង្ក្រាប​បាន​តែ​ម្ដង​ទំនងជា​សមត្ថកិច្ច​ខាងលើ​មិន​លេបថ្នាំ​ក្អក ៕ ​